ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ​ និងពេញ​សមត្ថភាព​ថ្មីនៃប្រទេសជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក​ប្រទេស​​​ជប៉ុនបានសហការជាមួយកម្ពុជាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយឡែក​នា​ពេល​​​បច្ចុប្បន្ននេះ​ជប៉ុនបានសហការជាមួយក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម និង​សំណង់​​​កម្ពុជាក្នុងការរៀបចំមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្សេងៗដូចជា​ច្បាប់​​សំណង់ គោលដៅនៃបច្ចេកវិទ្យាសំណង់ ឧបករណ៍ដែលទទួលប្រព័ន្ធ GPS និង​ឧបករណ៍​ផ្សេងៗទៀតសម្រាប់វិស័យសំណង់ និងសហការក្នុងការចុះបញ្ជីដីធ្លី។ ការលើក ឡើង​របស់ឯកឧត្ដមឯកអគ្គរាជទូតថ្មីនេះ ក្នុងឱកាសអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ នាព្រឹកថ្ងៃចន្ទ​ ៩កើត​ ខែមាឃ​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ២០២៣​ នៅទីស្តីការក្រសួងរៀបចំដែនដី។​

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញ​សមត្ថភាព​ថ្មី​នៃ​ប្រទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីការចូលរួម​អប​អរសាទរ​ចំពោះការរៀបចំ​ដោយ​ជោគជ័យក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី៤១ ដែលកម្ពុជាធ្វើជា​ម្ចាស់​ផ្ទះ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនក៏បានវាយតម្លៃ​ខ្ពស់​ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមកនេះ។ ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះវិធាន​ការទប់ស្កាត់វីរុសកូវីដ​១៩ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឱ្យកម្ពុជាអាចបើក​ដំណើរការឡើងវិញលើ​គ្រប់​វិស័យហើយឯកឧត្តមទទួលស្គាល់ថានៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩តិចតួចប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមឯកអគ្គរាជទូតកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលមាន​វប្បធម៌ដ៏អស្ចារ្យនិងមានប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ ហើយឯកឧត្តមពិតជា​​មានក្តីរីករាយដែលបានបំពេញការងារជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុនប្រចាំកម្ពុជាដែលជាប្រទេសមួយមានទំនាក់ទំនងការទូតល្អប្រសើរជាមួយប្រទេសជប៉ុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ថ្មីៗនេះកម្ពុជាបានទទួល​ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ដែលកម្ពុជាធ្វើជា​ម្ចាស់​​ផ្ទះដែលជោគជ័យនេះ​គឺអាស្រ័យ​ដោយកម្ពុជារៀបចំរក្សាសន្តិសុខសណ្ដាប់​ធ្នាប់​បាន​​ល្អ និងវិធានការចាក់ស្រោចវ៉ាក់សាំង​បង្ការ​ជំងឺ កូវីដ១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទើបធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាននេះអាចដំណើរការដោយរលូននិងធានាសុវត្ថិភាពពីការឆ្លងជំងឺរាតត្បាតដល់គណៈប្រតិភូដែលបានមកចូលរួម។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបាន​ថ្លែងថា នេះគឺជាជោគជ័យមួយក្នុងយុទ្ធសាស្ត្រទប់ស្កាត់វីរុសកូវីដ១៩ ដែលបានមកពីការ​ដឹក​នាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន UENO Atsushi បានអះអាងដែរថា ប្រទេសជប៉ុន​និងកម្ពុជាបានកសាងនូវជំនឿ​ទុក​ចិត្ត​ដ៏រឹងមាំ​​តាមរយៈកិច្ច​សហប្រតិបត្តិការនៅក្នុងដំណើរ​ការ​ស្វែងរកសន្តិភាពនៅកម្ពុជា​និងដំណើរការកសាងប្រទេសឡើងវិញ។ ឯកឧត្ដមក៏បាន ប​ង្ហាញពីក្តីរីករាយ​ដែល​ទំនាក់​ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ត្រូវបានលើកកម្ពស់​ទៅជាដៃគូរយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នៅក្នុង​ខួប​លើកទី៧០ នៃការបង្កើត​ទំនាក់ទំនង​ការ​​ទូត​រវាងជប៉ុននិងកម្ពុជា។ ក្នុងនាមជាឯកអគ្គរាជទូត ឯកឧត្តមមានបំណងចង់ធ្វើ​ទស្សន​កិច្ចនៅតាមបណ្ដាខេត្ត​នានា​ក្នុងប្រទេសកម្ពុជានិងធ្វើការប្រាស្រ័យទាក់ទងជាមួយ​នឹង​ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទាំងនោះដោយផ្ដោតសំខាន់ទៅលើការយល់ដឹង​អំពី​សង្គមនិងវប្បធម៌របស់ប្រទេសកម្ពុជាថែមទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណដល់ឯកឧត្តម​ឧបនាយករដ្ឋ​មន្ត្រី ដែល​បានផ្ដល់ទំនុកចិត្តលើប្រទេសជប៉ុន និងបានពិភាក្សាបង្កើនកិច្ច​សហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងកម្ពុជានិងជប៉ុន ហើយជប៉ុននឹង​នៅតែ​បន្ត​គាំទ្រកិច្ចសហប្រតិបត្តិ​ការ​ក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាជាបន្តទៀត​ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.