ប្រភពព័ត៌មានការទូតនៅទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃសៅរ៍ ថា លោកស្រី អេលីហ្សាប៊ែត សាល់ម៉ុន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ។

ប្រភពនោះបាននិយាយថា លោកស្រី សាល់ម៉ុន នឹងមកកាន់ទីក្រុងសេអ៊ូលប្រហែល ៥ថ្ងៃចាប់ពីថ្ងៃអាទិត្យដើម្បីចូលរួមសន្និសីទស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង និងជួបជាមួយក្រុមសកម្មជនដែលពាក់ព័ន្ធនានា។

ក្នុងអំឡុងពេលនៃសន្និសីទនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ លោកស្រីនឹងថ្លែងអំពីស្ថានភាពសិទ្ធិស្ត្រី និងសិទ្ធិកុមារនៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ។

លោកស្រីក៏គ្រោងនឹងជួបជាមួយក្រុមគ្រួសាររបស់ពលរដ្ឋកូរ៉េខាងត្បូងចំនួន ៦នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសកូរ៉េខាងជើងនៅដើមខែក្រោយផងដែរ ដើម្បីចែករំលែកយោបល់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការឱ្យពួកគេត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។

ប្រភពនោះបាននិយាយថា «ខ្ញុំយល់ថា ដំណើរទស្សនកិច្ចរបស់អ្នកស្រីលើកនេះ គឺផ្តោតសំខាន់ទៅលើបញ្ហាសិទ្ធិស្ត្រីនៅកូរ៉េខាងជើង និងជនជាតិកូរ៉េខាងត្បូងដែលជាប់ឃុំ»។

លោកស្រី សាល់ម៉ុន ត្រូវបានគេរាយការណ៍ថា មិនទាន់មានគម្រោងជួបជាមួយមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.