សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន ១១មុខ ដែលចែកចេញជា ៣ប្រភេទ នៅពាក់កណ្ដាលខែកុម្ភ: ឆ្នាំ២០២៣ខាងមុខនេះ។ ផលិតផលទាំង ១១មុខនេះរួមមាន កន្សែងសូត្រចំនួន ៤ប្រភេទ, សំពត់ហូលចំនួន ៥ប្រភេទ និងហូលពិតានចំនួន ២ប្រភេទ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។

ការដាក់តាំងពិព័រណ៌វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្ប:តម្បាញហូលខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូល ក្នុងសង្គមខ្មែរសម័យថ្មី កំពុងមានការថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ពីកេរដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកតាំងពីយូរលង់មកហើយ។

នាយករងស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន ឱ្យដឹងថា សមុច្ច័យទាំងនេះ មានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជាយូរណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេ ដូចជាហូលពិតានជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។

ក្រុមអ្នកជំនាញផ្នែកប្រពៃណី និងវប្បធម៌ពន្យល់ថា ហូលពិតានមានលក្ខណ:ពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ ពីបុរាណកាលបានហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះ ទៅប្រើ ឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ គោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នា។

លោក សែន គឹមស៊ុន បញ្ជាក់ថា ការផលិតហូលពិតានមួយៗ ត្រូវការចំណាយពេលវេលាយូរ ត្រូវការកម្លាំងមនុស្សច្រើន បច្ចេកទេសចងគោម និងប្រើវត្ថុធាតុដើមសុទ្ធសឹងផលិតចេញពីសសៃសូត្រធម្មជាតិ ហើយជ្រលក់ពណ៌ធម្មជាតិ ដែលផ្សំឡើងពីរុក្ខជាតិទៅតាមបច្ចេកទេសបុរាណ មិនប្រើសារធាតុគីមីឡើយ។ 

ទីតាំងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ)សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកដំណើរការតាំងតែពីអំឡុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ទន្លេគង្គារ ដោយមានប្រទេសចំនួន៦ ចូលរួមដូចជា ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងគោលបំណងថែរក្សាប្រពៃណី នៃការផលិតវាយនភណ្ឌក៏ដូចជាជាការបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយ:ពេលជាច្រើនសតវត្សមកហើយ៕

Share.

Comments are closed.