ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ រ៉ូមូអាល់ដេ ម៉ារកូស បានសម្តែងនូវគោលបំណងក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិននៅក្នុងឱកាសឆ្នាំថ្មីនេះ។

លោក ម៉ារកូស បាននិយាយនៅក្នុងសារជាវីដេអូមួយក្នុងអំឡុងពេលនៃការប្រារព្ធពិធីដែលធ្វើឡើងដោយស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនមុនថ្ងៃបុណ្យចូលឆ្នាំចិនដែលនឹងប្រារព្ធទៅនៅចុងសប្តាហ៍នេះថា «អនុញ្ញាតឱ្យខ្ញុំធ្វើការស្វាគមន៍យ៉ាងកក់ក្តៅបំផុតនៅពេលយើងស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ»។

លោក ម៉ារកូស បាននិយាយបន្ថែមថា នេះជាការផ្តល់ឱកាសមួយដើម្បីពិនិត្យមើលភាពសម្បូរបែបនៃវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងពង្រឹងទំនាក់ទំនងដែលចងភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ។

អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូទើតេ បាននិយាយថា ឆ្នាំទន្សាយនាពេលខាងមុខនេះ «ជាការចាប់ផ្តើមថ្មី និងមានភាពស្រស់ស្រាយឡើងវិញ» សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏សំខាន់របស់លោក ម៉ារកូស ទៅកាន់ប្រទេសចិននៅដើមខែនេះ អនុប្រធានាធិបតីរូបនេះបាននិយាយថា លោកស្រីទន្ទឹងរង់ចាំមើលនូវទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធរវាងប្រទេសហ្វីលីពីន និងចិន «ដោយផ្អែកទៅលើការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក»។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីលីពីន លោក ហួង ស៊ីលាន បានសង្កត់ធ្ងន់ទៅលើតម្រូវការដើម្បីរៀបចំការឯកភាពដ៏សំខាន់ ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ម៉ារកូស នៅទីក្រុងប៉េកាំង ដើម្បីឆ្ពោះទៅកាន់កម្រិតថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក ហួង បាននិយាយថា «កិច្ចសហប្រតិបត្តិការមិត្តភាពកាន់តែស៊ីជម្រៅ គឺជាអ្វីដែលប្រជាជនរបស់យើងចង់បាន»។ លោក ហួង បាននិយាយបន្ថែមថា ភាគីទាំងពីរនឹងជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕

Share.

Comments are closed.