តបតាមការអញ្ជើញរបស់លោក អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ថ្នាក់ដឹកនាំដែលអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស, លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា ផងដែរ។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបពិភាក្សាផ្លូវការជាមួយប្រធានាធិបតី អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។
ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលខាងមុខនេះនឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕
ប្រភព៖ CPP