មកដល់ពេលនេះ ការចុះឈ្មោះចូលរួមប្រកួតលើផ្នែកម៉ូតូ Cross មានកីឡាករជាតិ-អន្តរជាតិចំនួន១១៥នាក់ហើយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី។
លោក ឈឹម នរិន្ទ ប្រធានគណៈកម្មការរៀបចំប្រណាំងម៉ូតូ Cross នៃព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា ក្នុងចំនួនកីឡាករ១១៥នាក់នេះ គឺមានកីឡាករជាតិនិងអន្តរជាតិដែលរស់នៅកម្ពុជា និងមកពីក្រៅប្រទេស ដូចជាកីឡាករបារំាង ស្កុតលែន វៀតណម ថៃ កូរ៉េជាដើម ខណៈការប្រកួតត្រូវបានចែកចេញជា៥ Class ដូចជា Class-A Class-B Class-C Class-VIP និងClass Lady-Kid។

លោក ឈឹម នរិន្ទ សង្កត់ធ្ងន់ថា ថ្វីដ្បិតតែការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីនេះ នៅឆ្ងាយក៏ពិតមែន ប៉ុន្តែលោកមើលឃើញថា កីឡាករនានាមានការស្រឡាញ់ និងចង់ចូលរួមប្រកួតខ្លាំង ដោយពេលនេះទទួលបានការចុះឈ្មោះចូលរួមបានជាង១០០នាក់។


លោក ឈឹម នរិន្ទ បញ្ជាក់ទៀតថា ១២ម៉ូទ័រផាក គឺជាទីលានស្តង់ដាអន្តរជាតិមួយ ដែលក្នុងពេលធ្វើទីលាននេះមានការចូលរួមពីអ្នកជំនាញជាជនជាតិបារំាង ថៃ និងមានរយៈចម្ងាយ១.៩គីឡូម៉ែត្រ។ ការចូលរួមប្រកួតនៅទីនេះគឺត្រូវតែស្វិតស្វាញ ដោយសារតែគោលការណ៍ទីលាន១២ម៉ូទ័រផាកត្រូវការជ្រើសរើសធនធានកីឡាករល្អៗ ដែលមានសមត្ថភាពខ្ពស់ៗពិតប្រាកដ ដើម្បីសម្រិតសម្រាំងធនធានកីឡាករត្រៀមចេញទៅប្រកួតអន្តរជាតិនៅក្រៅប្រទេស នាពេលខាងមុខ។

គួរបញ្ជាក់ថា ក្រុមកីឡាករមកពីសាធារណរដ្ឋកូរ៉េបានធ្វើមកដល់កម្ពុជាហើយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣៕

ប្រភព៖ Fresh News

Share.

Comments are closed.