សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានបន្តថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយជាបន្តបន្ទាប់ទៅលើហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ ទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដ៏ទៃទៀត។

ការប្រកាសថ្លែងអំណរគុណដល់មិត្តយ៉ាងដូចនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ក្នុងនោះហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដ៏ទៃទៀត វាបានចូលរួមចំណែកយ៉ាងធំជាមួយនឹងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា»

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីរីករាយ ដែលប្រទេសកម្ពុជាបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយរដ្ឋាភិបាលចិន ខណៈដែលឆ្នាំនេះក៏ជាឆ្នាំមិត្តភាពរវាងកម្ពុជា-ចិន នៅក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន។ នៅក្នុងការភ្ជាប់មិត្តភាពជាមួយចិននេះ កម្ពុជាបានទទួលនូវឥណទានជាច្រើននៅក្នុងការកសាងផ្លូវថ្នល់ និងជំនួយផ្សេងៗទៀតជាច្រើនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងកំឡុងពេលផ្ទុះកូវីដនោះ មានប្រទេសតិចតួច បានផ្តល់វ៉ាក់សាំងមកឱ្យប្រទេសកម្ពុជា តែក្នុងចំនួនតិចតួចណាស់ មិនអាចមកចាក់ជូនប្រជាជនកម្ពុជាបានគ្រប់គ្រាន់នោះទេ និងមិនអាចប៉ះប៉ូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវការវ៉ាក់សាំងច្រើនដើម្បីចាក់ជូនបាននោះទេ។

សម្តេចតេជោ បានអះអាងដែរថា មិត្តចិនបានផ្តល់ជាជំនួយផងនិងផ្តល់នូវការលក់ឱ្យផង ដែលពេលនោះតម្រូវការរបស់ប្រជាជនចិនក៏មានចំនួនច្រើន ក៏ប៉ុន្តែដោយសារការយោគយល់មិត្តចិន បានជួយរួមចំណែកផ្តល់ឱ្យកម្ពុជា ជាជំនួយឥតសំណង និងជាការផ្តល់លក់ធូរថ្លៃ សម្រាប់យកមកចាក់ជូនប្រជាជនកម្ពុជាផងដែរ ដែលមកដល់ពេលនេះអាចនិយាយបានថា កម្ពុជាបានជំនះនូវជំងឺឆ្លងនេះ បើទោះបីនៅមិនទាន់ផុតរលត់ក៏ដោយ តែក៏បានកាត់បន្ថយនូវការស្លាប់របស់ប្រជាជនកម្ពុជា ដែលមុនពេលមានវ៉ាក់សាំងត្រឹមតែរយៈពេលដ៏ខ្លីមួយតែប៉ុណ្ណោះ កម្ពុជាបានបាត់បង់ជីវិតរបស់ប្រជាជន រហូតទៅដល់ ៣ ០៥៦នាក់ ដែលជារឿងគួរឱ្យសោកស្តាយ តែដោយសារតែការជួយឧបត្តម្ភទាន់ពេលវេលានេះហើយ ដែលបានផ្តល់ឱកាសឱ្យយើអាចគ្រប់គ្រងសភាពការណ៍បានផងដែរ៕

ប្រភព៖ Fresh News

Share.

Comments are closed.