ធនាគារពិភពលោក (WB) មានការព្រួយបារម្ភថា ផលប៉ះពាល់អវិជ្ជមានបន្ថែមទៀតអាចជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ ជាពិសេសប៉ះពាល់ដល់ប្រទេសតូចៗ។ ការព្រមាននេះធ្វើឡើងនៅក្នុងរបាយការណ៍ស្តីពី «ចក្ខុវិស័យសេដ្ឋកិច្ចសកល» ។ ធនាគារពិភពលោកបានឱ្យដឹងថា ទោះបីជាមិនមានវិបត្តិផ្សេងទៀតក៏ដោយ ក៏កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ «ត្រូវបានរំពឹងថានឹងថមថយយ៉ាងខ្លាំង ដោយឆ្លុះបញ្ចាំងពីការរឹតបន្តឹងគោលនយោបាយផ្សេងៗដែលធ្វើឡើងព្រមៗគ្នាក្នុងគោលបំណងទប់ទល់នឹងអតិផរណាខ្ពស់ ស្ថានភាពហិរញ្ញវត្ថុកាន់តែអាក្រក់ និងការរំខានជាបន្តពីការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន»។ ធនាគារបានបន្តទៀតថា «ការខិតខំប្រឹងប្រែងជាសកល និងថ្នាក់ជាតិជាបន្ទាន់» មានភាពចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ក៏ដូចជាបញ្ហាបំណុលនៅក្នុងទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ (EMDEs) ជាទីដែលកំណើនវិនិយោគត្រូវបានរំពឹងថានឹងនៅតែទាបជាងកម្រិតមធ្យមដែលសម្រេចបានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ «វាគឺជារឿងសំខាន់ដែលអ្នកបង្កើតគោលនយោបាយនៅ EMDE ធានាថា ការគាំទ្រផ្នែកសារពើពន្ធណាមួយត្រូវបានផ្តោតលើក្រុមដែលងាយរងគ្រោះ ដែលការរំពឹងទុកអតិផរណានៅតែគ្រប់គ្រងបានល្អ ហើយប្រព័ន្ធហិរញ្ញវត្ថុបន្តមានភាពធន់»៕

ប្រភព៖ Fresh News

Share.

Comments are closed.