នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា»។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ធ្វើឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតនៃវីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ អ្នកស្នេហាជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះយកជីវិតប្រជាពលរដ្ឋ។ ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ធ្វើឡើងក្នុងពេលដែលកម្ពុជាមានការអភិវឌ្ឍលើឆាកអន្តរជាតិ។ បច្ចុប្បន្ន  ប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខដុមរមនា។ ភាពឈឺចាប់ និងសោកសៅដោយសារតែភាពព្រៃផ្សៃនៃរបបខ្មែរក្រហម នៅតែបន្តដក់ជាប់ជាមួយប្រជាពលរដ្ឋខ្មែរ។ ជ័យជម្នះ៧ មករា បានបិទបញ្ចប់នូវទំព័រសករាជដ៏ខ្មៅ នាំមកនូវសករាជថ្មីនៃការរស់រៀន ការអភិវឌ្ឍ និងផ្តល់កំណើតទី២ដល់របស់ប្រជាពលរដ្ឋ។ នេះជាសច្ចភាពប្រវត្តិសាស្ត្រ​ ដែលមិនអាចប្រកែកបាន។ ផ្តើមចេញពីថ្ងៃជ័យជម្នះ៧មករា ធ្វើឱ្យកម្ពុជាមានឱកាសរកបាននូវសុខសន្តិភាព និងបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយឈានឆ្ពោះទៅរកការអភិវឌ្ឍជាតិ។ បើគ្មានសន្តិភាព គឺមិនអាចសម្រេចគោលនយោបាយអភិវឌ្ឍន៍ជាតិបាននោះឡើយ។ កម្ពុជា ប្រកាន់ខ្ជាប់នូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍អន្តរជាតិនានា និងប្រឆាំងដាច់ខាតការឈ្លានពាននូវរដ្ឋអធិបតេយ្យ។ សសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តថ្លែងទៀតថា ការឆ្លងកាត់បទពិសោធន៍អតីតកាល សម្រាប់កម្ពុជា គឺនៅតែរក្សាទស្សនទានថា មានតែការចរចាទើបបញ្ចប់សង្គ្រាមបាន មិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ ហើយនឹងធ្វើគ្រប់យ៉ាង ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍសង្គម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.