វាគ្មិនកិត្តិយស៖ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធិសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ
ការប្រកួតប្រជែងមហាអំណាចគឺជាបញ្ហាមួយដ៏គួរឱ្យស្មុគស្មាញ និងមានភាពតានតឹងបំផុតក្នុងបរិបទបច្ចុប្បន្ន ដែលវាបានជះឥទ្ធិពលច្រើនដល់តំបន់ និងពិភពលោកទាំងមូល។ ប៉ុន្តែក្រោយពីជំនួបផ្ទាល់ទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចទាំងពីរគីលោក Joe Biden និងលោក Xi Jinping នៅទឹកដីប្រទេសឥណ្ឌូនេស៊ីរួច គេអាចរំពឹងថាភាពតានតឹងរវាងប្រទេសទាំងពីរអាចនឹងសម្រាលបានមួយកម្រិតតាមរយៈការជជែងគ្នាដោយផ្ទាល់ដើម្បីស្វែងរកដំណោះស្រាយរួមជាស្នូល។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានបកស្រាយអំពីលទ្ធផលជារួមនៃជំនួបទ្វេភាគីនេះ និងស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយពេលនៃជំនួនទ្វេភាគីនេះ។
កម្រងសំណួរ – ចម្លើយលើប្រធានបទ
«ភាពតានតឹង និងលទ្ធផលនៃជំនួបប្រវត្តិសាស្រ្តរបស់លោក ជូ បៃដិន និងលោក ស៊ី ជិនពីង»
កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ នៅមុនកិច្ចប្រជុំកំពូលG20 នៅឯកោះបាលីប្រទេសឥណ្ឌូនេស៊ី ព្រឹត្តិការណ៍ដែលធ្វើឱ្យពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសមហាអំណាចទាំងពីគឺ លោកប្រធានាធិបតី Joe Biden របស់ស.រ.អ. និងលោកប្រធានាធិបតី Xi Jinping របស់សាធារណៈប្រជាមានិតចិន។ ជំនួបទ្វេភាគីមួយនេះបានក្លាយជាចំនុចក្ដៅមួយដែលធ្វើឱ្យសហគមន៍អន្តរជាតិតាមដានយ៉ាងដិតដល់ ដើម្បីស្វែងរកនូវខ្លឹមសារនៃកិច្ចពិភាក្សារហូតដល់ទៅជិត៣ម៉ោងរបស់ថ្នាក់ដឹកនាំកំពូលទាំងពីររូបនេះ។
សំណួរទី១៖ ជាបឋម តើ (វាគ្មិន) យល់ឃើញយ៉ាងណាចំពោះជំនួបមួយនេះ? ហេតុអ្វីបានជាជំនួបទ្វេភាគីមួយនេះត្រូវបានសាធារណៈជនចាប់អារម្មណ៍ខ្លាំងនៅមុនកិច្ចប្រជុំកំពូលG20 មកដល់?
ជំនួបនេះគឺជាជំនួបលើកដំបូងបំផុតសំរាប់មេដឹកនាំប្រទេសមហាអំណាចទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃឌិន ឡើងកាន់អំណាចនៅឆ្នាំ២០២១ ដែលរាល់ជំនួបរវាងមេដឹកនាំទាំងពីរគឺធ្វើឡើងតាម រយៈទូរស័ព្ទនិងវីដេអូចំនួន ៥ដង។ ទំនាក់ទំនងរបស់មេដឹកនាំទាំងពីរគឺចាប់ផ្តើមចាប់តាំងពីមេដឹកនាំទាំងពីរជាអនុប្រធានាធិបតីមកម្លោះ។ ជំនួបទ្វេភាគីនៃមេដឹកនាំមហាអំណាចទាំងពីរគឺមានលក្ខណៈស្និតស្នាលនិងបើកចំហរដែលលោកប្រធានាធិបតិ ចូ បៃឌិន បានប្រកាសអំពីការគ្រប់គ្រងភាពខុសគ្នារវាងប្រទេសទាំងពីរ ទប់ស្តាត់ការប្រកួតប្រជែងដែលអាចឈានទៅរកការប៉ះទង្គិចនិងស្វែងរកវីធីក្នុងការធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាពិភពលោកដែលទាមទារអោយមានកិច្ចសហប្រតិបត្តិការរួម។ លោកប្រធានាធិបតិ ចូ បៃឌិន ក៏បាននិយាយអំពីការដាក់ចេញនូវ ‘ខ្សែរបន្ទាត់ក្រហម’ នៃប្រទេសទាំងពីរដើម្បីបញ្ចៀសការប្រកួតប្រជែងអោយក្លាយទៅជាការប៉ះទង្គិចអាវុធណាមួយ។ ជាកិច្ចឆ្លើយតបលោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានសង្កត់ធ្ងន់ទៅលើការដោះដូរទស្សនៈដោយត្រង់ទៅត្រង់មកនិងស៊ីជម្រៅរវាងប្រទេសទាំងពីរនិងស្នើអោយស.រ.អ គួរយកប្រវត្តិសាស្រ្តជាកញ្ចក់ក្នុងការដឹកនាំប្រទេសទៅអនាគតផងដែរ។ ក្នុងន័យនេះលោfក ស៊ី ចង់អោយស.រ.អ. គួរសិក្សាអំពីប្រវត្តិសាស្រ្តខ្លួននិងចិនអោយបានច្រើន និងស្វែងយល់ពីអរិយធម៌និងប្រជាជនចិនអោយបានច្បាស់ហើយប្រៀបធៀបជាមួយនឹងប្រវត្តិសាស្រ្តរបស់ស.រ.អ.។
ដូចដែលយើងបានដឹងហើយថាទំនាក់ទំនងរវាងចិននិងស.រ.អ. ពុំមានភាពល្អប្រសើរឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ មកគោលនយោបាយបរទេសរបស់ស.រ.អ. គឺផ្តោតសំខាន់លើការរារាំងនិងទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់និងសកលតាមរយយន្តការសង្រ្គាមពាណិជ្ជកម្ម បញ្ហាសន្តិសុខបច្ចេកវិទ្យានិងសាយប័រ ការធ្វើនយោបាយតូបនីយកម្មលើបញ្ហាសិទ្ធិមនុស្សនៅស៊ីងជាំង ហុងកុង បញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ បញ្ហាទាំងអស់នេះបានក្លាយទៅជាឧបសគ្កក្នុងការស្តារទំនាក់ទំនងក៏ដូចជាបង្កើនការទុកចិត្តគ្នារវាងថ្នាក់ដឹកនាំនៃមហាអំណាចទាំងពីរ បើទោះបីជាមានការខិតខំបង្កើតយន្តការស្តារទំនាក់ទំនងក្នុងរយៈពេលប៉ុន្មានខែនេះក៏ដោយ។
សំណួរទី២៖ តើអ្វីទៅដែលជាខ្លឹមសារក៏ដូចជាលទ្ធផលនៃកិច្ចពិភាក្សាររបស់លោក Joe និងលោក Xi?
ចំពោះលទ្ធផលនៃកិច្ចប្រជុំរវាងលោកប្រធានាធិបតី ចូ បៃឌិន និងលោកប្រធានាធិបតី ស៊ី ជីនពីងគឺមានភាពស្មោះត្រង់និងបើកចំហរដោយស.រ.អ.បានបញ្ជាក់អំពីការជួយគាំទ្រដល់សកម្មភាពសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់និងជុំវិញពិភពលោក ហើយការបង្ការកុំអោយការប្រកួតប្រជែងយុទ្ធសាស្រ្តជាមួយនឹងចិនឈានដល់ការប៉ះទង្គិចអាវុធណាមួយ។ ប្រធានាធិបតីទាំងពីរក៏បានយល់ស្របអំពីតួនាទីរបស់ប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងការបំរែបំរួលអាកាសធាតុ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពិភពលោក សន្តិសុខសុខុមាលភាព ស្បឿងអាហារនិងថាមពល។ល។ ដែលប្រមុខថ្នាក់ដឹកនាំទាំងពីរបានសន្យាថានឹងបញ្ចូនក្រុមការងារបច្ចេកទេសដើម្បីធ្វើការជាមួយគ្នាលើបញ្ហាទាំងអស់នេះ។ បើទោះបីជាលទ្ធផលនៃកិច្ចប្រជុំនេះស្ថិតនៅក្នុងបរិយាកាសវិជ្ជមាននិងល្អប្រសើរក្តី ក៏លោកប្រធានាធិបតីស.រ.អ.នៅតែជំរុញអោយចិនគោរពនូវដំណើរការលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅតំបន់ស៊ីងជាំង ហុងកុង ទីបេនិងតំបន់ផ្សេងៗទៀត។ លោកក៏បញ្ជាក់សាជាថ្មីទៀតអំពីបញ្ហាកោះតៃវ៉ាន់ថាស.រ.អ.នៅតែគោរពគោលការណ៏ ចិនតែមួយ និងលើកឡើងអំពីសកម្មភាពគម្លើនរបស់យោធាចិននៅច្រកសមុទ្រតៃវ៉ាន់ដែលធ្វើអោយប៉ះពាល់ដល់ស្ថិរភាព សន្តិសុខ និងប៉ះពាល់ដល់វិបុលភាពតំបន់។ លោកប្រធានាធិបតី ចូ បៃឌិន និងលោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានបញ្ជាក់អំពីកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរអំពីការប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយ ក្រែន និងបញ្ហានៅឧបទ្វីបកូរ៉េផង។
សំណួរទី៣៖ រឿងដែលគួរឱ្យចាប់អារម្មណ៍មួយគឺ មុនពេលជំនួបនេះប្រទេសចិនបានប្រកាសអំពីជំហររបស់ខ្លួនយ៉ាងច្បាស់អំពីខ្សែបន្ទាប់ក្រហមដែលតៃវ៉ាន់កំពុងស្ថិននៅដោយមិនអាចឆ្លងកាត់បានឡើង។ ដូចនេះក្រោមជំនួបពិភាក្សានេះរួមមក តើវាអាចនឹងមានការផ្លាស់ប្ដូរអ្វីខ្លះដែរទេពាក់ព័ន្ធទៅនឹងវិបត្តិច្រកសមុទ្រតៃវ៉ាន់រវាងជំហររបស់ស.រ.អ. និងប្រទេសចិន ក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងទៀត?
កាលពីថ្ងៃទី០២ ខែសីហា លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) និងគណៈប្រតិភូបានធ្វើដំណើរមកដល់អាកាសយានដ្ឋានយោធាតៃវ៉ាន់ ដែលនេះគឺជាដំណើរទស្សនកិច្ចរបស់ឥស្សរជនជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកទៅកោះតៃវ៉ាន់នៅក្នុង ២៥ ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៧ មក។ ចំពោះបញ្ហាកោះតៃវ៉ាន់នេះផងដែរ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក លយ អូស្ទីន នៅក្នុងកិច្ចប្រជុំ Shangri-La Dialogue ដែលប្រព្រឹត្តឡើងកាលពីខែមិថុនា កន្លងមកក៏បានបញ្ជាក់ជាថ្មីថាអាមេរិកនឹងមិនគាំទ្រការទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ឡើយ តែលោកធ្វើការព្រមានចំពោះការគំរាមគំហែងណាមួយដែលអាចកើតមានឡើងចំពោះកោះតៃវ៉ាន់ ដែលអាមេរិកនៅតែរក្សាសិទ្ធិរបស់ខ្លួនក្នុងការផ្គត់ផ្គង់សព្វាវុធទៅអោយកោះតៃវ៉ាន់យោងទៅតាមកតិការសញ្ញាទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ឆ្នាំ ១៩៧១ ដែលផ្តោតសំខាន់លើគោលការណ៏និងគោលនយោបាយអន្តរជាតិរបស់ខ្លួនចំពោះដែនកោះតៃវ៉ាន់ដោយការរឹតចំណងមិត្តភាពក្រោមក្របខណ្ឌពាណិជ្ជកម្ម វប្បធម៌ និងសេដ្ឋកិច្ច និងមិនអាចមានទំនាក់ទំនងផ្លូវការណាមួយជាមួយនឹងកោះតៃវ៉ាន់ផងដែរ។ ស.រ.អ. បានលើកឡើងអំពីគោលនយោបាយអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺដោយធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្រោមយន្តការ៣ ធំៗដូចជា ១/.អាមេរិកនឹងបន្តធ្វើការជាមួយ និងបំពាក់បរិក្ខាសព្វាវុធបន្ថែមទៅអោយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ ដើម្បីការពារខ្លួនពីការគំរាមគំហែងពីចិន។ ២/. អាមេរិកនឹងបន្តធ្វើសមយុទ្ធជាមួយជាមួយឥណ្ឌូណេស៊ី អូស្រ្តាលី ហ្វីលីពីន និង RIMPAC ហើយអាមេរិកនឹងបញ្ជូនកងល្បាតការពារឆ្នេររបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍ និង ៣/. អាមេរិកនឹងការពារគោលការណ៏រួមប្រជាធិបតេយ្យនៅក្នុងតំបន់ ដែលក្នុងន័យនេះអាមេរិកសំដៅទៅលើកោះតៃវ៉ាន់។
ចិនតែងតែចាត់ទុកដែនដីតៃវ៉ាន់ជាដែនដីអធិបតេយ្យភាពរបស់ខ្លួនដែលនឹងត្រូវយកមកវិញអោយទាល់តែបាននាពេលឆាប់ៗខាងមុខនេះ។ ចំពោះបញ្ហាកោះតៃវ៉ាន់ ចិន និងស.រ.អ. បាននឹងកំពុងសង្រ្គាតធ្មេញដាក់គ្នាដែរម្នាក់ៗសុទ្ធតែមានបំណងយកតៃវ៉ាន់និងការពារតៃវ៉ាន់ដូចគ្នា ហើយចិនក៏ធ្លាប់បានធ្វើការព្រមានដល់ស.រ.អ.អំពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi និងឥស្សរជនជាន់ខ្ពស់អាមេរិកជាបន្តបន្ទាប់ថា ជាសកម្មភាពកំពុងប្រឡែងលេងជាមួយភ្លើងហើយនឹងត្រូវរលាកដោយភ្លើង។ ស.រ.អ.ទទួលស្គាល់ “ចិនតែមួយ” ក៏ប៉ុន្តែនៅតែប្រកាសផ្តល់ជំនួយនិងការពារសិទ្ធិអធិបតេយ្យភាពតៃវ៉ាន់ ក្រោមឆ័ត្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ រដ្ឋមន្រ្តីការពារជាតិចិនលោក វៃ ហ្វឹងហើ (Wei Fenghe) នៅក្នុងកិច្ចប្រជុំ Shangri-La Dialogue ដែលប្រព្រឹត្តឡើងកាលពីខែមិថុនា កន្លងមកនេះថាអាស៊ីគួរតែបដិសេធរាល់សកម្មភាពណាដែលមានបំណងទប់ស្កាត់ បំបែកបំបាក់ និងរំខានដល់សង្វាក់ផ្គត់ផ្គង់ ហើយយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរបស់សហ.រ.អ. គឺមានបំណងបង្កើតក្រុមប្រទេសពិសេសមួយដើម្បីហ៊ុំព័ទ្ធចិន។ ចំពោះបញ្ហាកោះតៃវ៉ាន់ លោក វៃ ក៏បានធ្វើការព្រមានចំពោះប្រទេសណាដែលព្យាយាមបំបែកកោះតៃវ៉ាន់ពីអធិបតេយ្យភាពរបស់ចិន ដែលចិននឹងធ្វើគ្រប់បែបយ៉ាងដើម្បីអោយមានការបង្រួបបង្រួមគ្នាជាថ្មី ហើយចិនចង់ឃើញនូវទំនាក់ទំនងយុទ្ធសាស្រ្តប្រកបដោយស្ថិរភាពជាមួយនឹងសហរដ្ឋអាមេរិកដែលបំរើប្រយោជន៏ដល់ប្រទេសទាំងពីរ។
សំណួរទី៤៖ បញ្ហាមួយចំនួនទៀតនៅតែបន្តជាចំនុចស្នូលនៃភាពតានតឹងក្នុងទំនាក់ទំនងរបស់ប្រទេសមហាអំណាចទាំងពីរនេះដែលក្នុងនោះរួមមានបញ្ហាច្រកសមុទ្រកោះតៃវ៉ាន់ វិស័យបច្ចេកវិទ្យាពាក់ព័ន្ធទៅនឹងបន្ទះឈីប ក៏ដូចជាបញ្ហាសិទ្ធមនុស្សជាដើម។ តាមរយៈជាជួបពិភាក្សាគ្នាដោយផ្ទាល់រវាងលោក Joe និងលោក Xi តើភាគីទាំងពីរមានការស្វែងរកដំណោះស្រាយណាមួយទេសម្រាប់ភាពតានតឹងទាំងនោះប្រកបដោយសន្តិវិធី និងសន្តិភាព?
ដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់បានបង្កអោយមានភាពតានតឹងកាន់តែខ្លាំងឡើង និងធ្វើអោយទំនាក់ទំនងចិន-សហរដ្ឋអាមេរិកកាន់តែល្អក់កក់កាន់តែខ្លាំងឡើងបន្ថែមទៀត។ ការធ្វើសមយុទ្ធយោធានរបស់ចិនបានធ្វើអោយប្រជាជនតៃវ៉ាន់មានការភិតភ័យនិងខ្លះបានធ្វើការតវ៉ាប្រឆាំងនឹងទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ដែលបានចាត់ទុកដំណើរទស្សនកិច្ចបានពាំនាំអស្ថិរភាពនិងប៉ះពាល់សន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រជាជនតៃវ៉ាន់ ដែលនេះសបង្ហាញថាប្រជាជនតៃវ៉ាន់មួយចំនួនមិនពេញចិត្តនឹងនយោបាយការបរទេសរបស់លោកស្រី ។ ចិនអាចប្រើប្រាស់យុទ្ធសាស្រ្តអត់ធ្មត់ (Strategic Patient) ដោយការបន្ថែមសម្ពាធទៅដល់រដ្ឋបាលកោះតៃវ៉ាន់តាមរយៈការបិទផ្លូវសេដ្ឋកិច្ចនិងការទូត ការប្រើប្រាស់ការឃោសនាអំពីវប្បធម៌ចិនតែមួយដើម្បីអោយប្រជាជនតៃវ៉ាន់ ផ្លាស់ប្តូរផ្នត់គំនិតនិងផ្លាស់ប្តូររបបនយោបាយប្រជាធិបតេយ្យរបស់ខ្លួនបន្តិចម្តងៗ ហើយបោះឆ្នោតអោយមេដឹកនាំណាដែលមានទិន្នាការស្របនិងដើរតាមគន្លងនយោបាយនិងសេដ្ឋកិច្ចចិន។
ទីក្រុង ប៉េកាំង បានបង្ហាញភាពមិនពេញចិត្ត និងបានប្រឆាំងយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តថ្មី AUKUS ដែលអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចូវ លីជៀន (ZHAO LIJIAN) បានហៅកតិកាសន្តិសុខថ្មីនេះជាការឆ្លុះបញ្ចាំងអំពីទស្សនទានផលប្រយោជន៏ឯកតោនិយមក្នុងសម័យសង្រ្គាមត្រជាក់ និងជាគោលគំនិតភូមិសាស្រ្តនយោបាយចង្អៀតចង្អល់ដែលនឹងធ្វើអោយមានការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់កាន់តែខ្លាំងក្លាឡើង។ ស្របពេលជាមួយគ្នានេះដែរស.រ.អ. បានកៀរកងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុង QUAD អោយបញ្ឈប់ឬកាត់បន្ថយការធ្វើពាណិជ្ជកម្មនិងដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនណាដែលមិនគោរពតាមគោលការណ៏សិទ្ធិមនុស្សនិងមានប្រតិបត្តិការវិនិយោគមិនប្រក្រតិដែលអាចប៉ះពាល់ដល់សន្តិសុខរបស់ពួកគេ ជាអាទ៌មានក្រុមហ៊ុន Huawei ជាដើម។ ស.រ.អ.និងសម្ព័ន្ធមិត្តរបស់ខ្លួនបានអំពាវនាវអោយក្រុមហ៊ុនរបស់ខ្លួនផ្លាស់ប្តូររោងចក្រមកកាន់ប្រទេសរបស់ខ្លួនវិញឬទៅកាន់ប្រទេសដែលនៅជិតខាងចិន ដើម្បីធ្វើយ៉ាងណាដាក់សម្ពាធផ្នែកសេដ្ឋកិច្ចដល់រដ្ឋាភិបាលចិន និងធ្វើអោយប្រជាជនខឹងសម្បារនឹងការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន ក៏ប៉ុន្តែយើងសង្កេតឃើញថាសេដ្ឋកិច្ចចិននៅតែមានសភាពរឹងមាំបើទោះក្នុងដំណាក់កាលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្តី។
ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋបាលលោក ចូ បៃ ឌិន លោកនឹងនៅបន្តដាក់សម្ពាធអោយរដ្ឋាភិបាលចិន គោរពគោលការណ៏សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពរបស់ប្រជាជនចិន និងបន្តថ្កោលទោលចំពោះការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ជេញមតិរបស់ប្រជាជនចិននិងការរំលោភបំពានផ្សេងៗពីសំណាក់ក្រុមប៉ូលិសចិនទៅកាន់ប្រជាជន និងហ្វូងបាតុករផ្សេងៗ។ បញ្ហាសិទ្ធិមនុស្សនៅទីក្រុង ហុងកុង និងស៊ីងជាំង ត្រូវបានរដ្ឋាភិបាលចិន បញ្ជាក់ជាច្រើនដងទៅកាន់សហគមន៏អន្តរជាតិថាជាបញ្ហាផ្ទៃក្នុងរបស់ចិន និងមិនមានការបំពាន ឬរំលោភសិទ្ធិសេរីភាពប្រជាជនចិន ឬជនជាតិ និងសាសនាមួយឡើយ។ ទាំងចិននិងស.រ.អ បាននឹងកំពុងខិតខំធ្វើអោយមានស្ថិរភាពនៅក្នុងទំនាក់ទំនងនៃមហាអំណាចទាំងពីរតាមរយៈការពិភាក្សាអំពីខ្សែរបន្ទាត់ក្រហម និងអ្វីដែលសំខាន់នាពេល ២ឆ្នាំខាងមុខទៀតតាមរយៈការសិក្សាអំពីលទ្ធភាពនៃក្រុមហ៊ុនអាមេរិកធ្វើការវិនិយោគនៅចិនវិញ កិច្ចសហប្រតិបត្តិការសន្តិសុខមិនប្រពៃណីនិងសន្តិសុខបច្ចេកវិទ្យា និងការគោរពលើយន្តការពាណិជ្ជកម្មទីផ្សារសេរី។
សំណួរទី៥៖ តើជំនួបទ្វេភាគីនេះអាចនឹងជះឥទ្ធិពលអ្វីខ្លះដល់ពិភពលោកទាំងមូល?
ជំនួបទ្វេភាគីនៃមហាអំណាចពិភពលោកទាំងពីរគឺជាជំនួបដ៏មានឥទ្ធិពលមួយនៅក្នុងវេទិកា G20 នេះដែលជាវេទិកាពិភពលោកមានការចូលរួមពីមហាអំណាចនិងអំណាចកណ្តាលចំនួន ២០ប្រទេសធ្វើការពិភាក្សាទៅលើវិវឌ្ឍនភាពពិភពលោក និងដោះស្រាយបញ្ហាពិភពលោកដែលកំពុងជួបប្រទះ។ ទាំងចិននិងស.រ.អ គឺជាមហាអំណាចសេដ្ឋកិច្ច នយោបាយ យោធា និងការទូត ដែលមហាអំណាចទាំងពីរមានលទ្ធភាពនិងតុល្យភាពអំណាចគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានានានៅក្នុងសកលនិងតំបន់។ ចិននិងស.រ.អ. បានសន្យានិងលើកកម្ពស់កិច្ចសហប្រតិបត្តិការសកល ជំរុញការដោះស្រាយបញ្ហាក្រោមច្បាប់អន្តរជាតិនិងស្មារតីពហុភាគីនិយម ប្រឆាំងដាច់ខាតនូវការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ដែលផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៏ធនធានមនុស្ស ការពារបរិស្ថាន និងពង្រីកចរន្តការវិនិយោគតាមយន្តការសកលភាវូបនីយកម្មនិងសេដ្ឋកិច្ចទីផ្សារសេរី។ ប្រសិនជាមហាអំណាចទាំងពីរពិតជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងទំនុកចិត្តរវាងគ្នានិងគ្នា ពិភាក្សានិងដោះស្រាយបញ្ហាសង្រ្គាមសេដ្ឋកិច្ចដោយបើកចំហរ និងស្មោះត្រង់ និងការកាត់បន្ថយការប្រកួតប្រជែងភូមិសាស្រ្តនយោបាយនៅក្នុងតំបន់នានា នោះពិភពលោកនឹងទទួលបានការអភិវឌ្ឍន៏ ស្ថិរភាពនិងសន្តិភាពក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ហើយតួនាទីរបស់មហាអំណាចទាំងពីរនឹងទទួលបានការគាំទ្រពីបណ្តាប្រទេសតូចនិងកណ្តាល និងយកធ្វើជាគំរូ។ ក៏ប៉ុន្តែដោយសារតែកត្តាប្រវត្តិសាស្រ្ត ប្រយោជន៏ភូមិសាស្រ្តនយោបាយនិងភូមិសាស្រ្តសេដ្ឋកិច្ច និងការបំរែបំរួលទិដ្ឋភាពនយោបាយសកល បានធ្វើអោយមហាអំណាចទាំងពីកំពុងប្រឈមមុខដាក់គ្នាក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងបានបរិបទសន្តិសុខអន្តរជាតិមានភាពស្រួចស្រាលនិងផុយស្រួល ជាអាទិបញ្ហាសង្រ្គាមនៅអ៊ុយក្រែន បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ជាដើម។ ដូចនេះទំនាក់ទំនងចិននិងស.រ.អ. ត្រូវការពេលវេលាដើម្បីផ្សះផ្សា កសាងទំនុកចិត្តផ្អែកលើសកម្មភាពជាជាងលើក្រដាស និងកសាងប្រព័ន្ធអន្តរជាតិមួយដែលមានចិននិងស.រ.អ. ជាស្នូលក្នុងការដោះស្រាយបញ្ហាសកលដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ។
សំណួរទី៦៖ តាមគំនិតរបស់ (វាគ្មិន) តើជំនួបរវាងមេដឹកនាំកំពូលរបស់ប្រទេសមហាអំណាចទាំងពីរមានន័យដូចម្តេចសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ? ហើយតើយើងអាចរំពឹងថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានកាត់បន្ថយដែរឬទេ តាមរយៈជំនួបទ្វេភាគីដ៏កម្រមួយនេះ?
ទំនាក់ទំនងចិន និងស.រ.អ.នៅតែមិនមានសញ្ញាវិជ្ជមាននៅឡើយ ដោយសារតែភាពមិនទុកចិត្តគ្នាផ្នែកយុទ្ធសាស្រ្តនិងការប្រកួតប្រជែងយោធានៅក្នុងតំបន់។ ចិននៅតែរក្សាជំហរបើកការចរចារជាមួយនឹងស.រ.អ. ប្រសិនជាការចរចារនោះស្ថិតនៅក្នុងស្មារតីគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ។ បញ្ហាកោះតៃវ៉ាន់ គឺជាសំនុំរឿងក្តៅក្នុងទំនាក់ទំនងទ្វេភាគីរវាងចិន និងស.រ.អ.។ សម្រាប់ជំហរស.រ.អនិងសម្ព័ន្តមិត្តប្រឆាំងការប្រើប្រាស់កម្លាំងទ័ព ដើម្បីកែប្រែស្ថានភាពសន្តិសុខក្នុងតំបន់។ ស.រ.អ. បច្ចុប្បន្នកាន់តែយល់យ់ាងច្បាស់អំពីការកើនឡើងអំនាចរបស់ចិនក្នុងនយោបាយសហគមន៏អន្តរជាតិ ដូច្នោះហើយ លោកនឹងផ្តោតសំខាន់លើភាសាការទូត និងព្យាយាមផ្សះផ្សាទំនាក់ទំនងចិននិងស.រ.អ. ជាមុខសិន តាមរយៈការសម្របសម្រួលសង្រ្គាមពាណិជ្ជកម្ម និងការធ្វើការរួមគ្នាក្នុងកិច្ចការសន្តិសុខតំបន់ និងសកលលោក ដើម្បីជាប្រយោជន៏រួមជាពិសេសសំរាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលកំពុងមានវិបត្តិធ្ងន់ធ្ងន់ដោយការដឹកនាំលោកដូណាល់ត្រាំ និងកូវិដ ១៩ និងស្របពេលជាមួយគ្នានេះដែរ អាមេរិកក៏ខិតខំស្តារទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងអាស៊ី ដើម្បីទប់ស្តាត់ និងបង្អាក់ការងើបឡើងឥទ្ធិពលរបស់ចិនក្នុងតំបន់។ ប្រសាសន៏របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងអាស៊ានបូកនៅថ្ងៃទី ២៣ ខែវិច្ឆិកា កន្លងមកនេះ ជាការបង្ហាញក្តីកង្វល់របស់កម្ពុជាចំពោះការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាចទំាំងពីរនៅក្នុងតំបន់។ ការបង្កើតអនុកតិការសញ្ញាសន្តិសុខនានាដូចជា QUAD និង AUKUS បានធ្វើអោយអាស៊ានទាំងមូលមានការព្រួយបារម្ភអំពីការងើបឡើងនៃការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់និងការសាយភាយអាវុធនុយក្លេអ៊ែរ។ កម្ពុជាសាទរចំពោះជំនួបពិភាក្សារវាងរដ្ឋមន្រ្តីការពារជាតិមហាអំណាចទំាំងពីរដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ដល់សន្តិសុខពិភពលោក សម្របសម្រួលការប្រឈមមុខដាក់គ្នាមកជាកិច្ចសហប្រតិបត្តិដើម្បីប្រយោជន៏រួមនិងតំបន់។ កិច្ចពិភាក្សាទល់មុខរវាងរដ្ឋមន្រ្តីការពារជាតិទាំងពីរនឹងបង្កភាពងាយស្រួលបន្ថែមទៀតដល់ប្រទេសទាំងពីរក្នុងការកសាងទំនុកចិត្ត ការចរចារនឹងពិភាក្សាប្រកបដោយស្ថាបនានិងចរីភាព និងលើកកម្ពស់ដល់វិបុលភាព និងស្ថិរភាពក្នុងតំបន់ដែលមានសហរដ្ឋអាមេរិកនិងចិនជាស្នូល។ ទាំងកម្ពុជានិងសមាជិកអាស៊ានដទៃទៀតចង់ឃើញមហាអំណាចទាំងពីរធ្វើការរួមគ្នាដោយក្នុងកិច្ចអភិវឌ្ឍន៏និងថែររក្សាសន្តិសុខតំបន់ជាជាងការបញ្ចេញសាច់ដុំយោធាដាក់គ្នាទៅវិញទៅមក។ កិច្ចប្រជុំ ADMM និង ADMM+ នៅខេត្តសៀមរាបវាក៏ជាឪកាសដើម្បីអោយរដ្ឋមន្រ្តីការពារជាតិនៃមហាអំណាចទាំងពីរធ្វើការពិភាក្សាផ្ទាល់និងបើកចំហរ ដើម្បីកសាងទំនុកចិត្តនិងកាត់បន្ថយការខ្វែងគំនិតគ្នា និងដើម្បីធ្វើការបកស្រាយអោយច្បាស់ទាក់ទងទៅនឹងមូលដ្ឋានទ័ពនៅរាម។ វាគឺជាជំនួបជាប្រវត្តិសាស្រ្តមួយសំរាប់កម្ពុជាក៏ដូចជាអាស៊ានដែលរដ្ឋមន្រ្តីការពារជាតិនៃមហាអំណាចទាំងពីរបានជួបពិភាក្សាទល់មុខគ្នាទាក់ទងទៅនឹងបញ្ហានៅក្នុងតំបន់និងសកល។ ទំនាក់ទំនងចិននិងសហរដ្ឋអាមេរិកគឺជាទំនាក់ទំនងប្រកួតប្រជែងបែបយុទ្ធសាស្រ្ត ដែលមហាអំណាចទាំងពីរបាននឹងកំពុងព្យាយាមជំរុញនិងបង្កើនទំនុកចិត្តសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការស្វែររកនៅចំនុចប្រសព្វគ្នា និងប្រយោជន៏រួមនៃមហាអំណាចទាំងពីរគឺជាបុរេលក្ខខណ្ឌដែលមហាទាំងពីរត្រូវធ្វើការជាមួយគ្នាក្នុងការដាក់ចេញនូវគោលនយោបាយកិច្ចសហប្រតិបត្តិការរួមជាជាងការប្រកួតប្រជែងដើម្បីប្រយោជន៏សកលលោកទាំងមូល។ ដូចនេះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិនៃមហាអំណាចទាំងពីរនឹង ផ្តោតលើការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងជំនួយបច្ចេកទេស ការកសាងសមត្ថភាពជាមួយនឹងបណ្តាសមាជិកអាស៊ាន។ បន្ថែមពីនេះបញ្ហាកោះតៃវ៉ាន់ បញ្ហានុយក្លែអ៊ែរនៅឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងសន្តិសុខបច្ចេកវិទ្យានឹងក្លាយជាប្រធានបទក្តៅនៅក្នុងកិច្ចប្រជុំ ADMM និង ADDM+ នេះ។កម្ពុជាបានទទួលជោគជ័យជាផ្លែផ្កាសំរាប់កិច្ចប្រជុំ ADMM និង ADMM+ នៅខេត្តសៀមរាបនិងជាសមិទ្ធិផលប្រវត្តិសាស្រ្តមួយសំរាប់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន។ ការចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាននិងដៃគូអាស៊ានគឺជាលើកកម្ពស់យន្តការស្ថាប័នតំបន់ក្នុងតួនាទីថែររក្សាសន្តិភាពនិងស្ថិរភាពតំបន់ ដែលទាមទារអោយមានការយកចិត្តទុកដាក់ខ្ពស់ពីសមាជិកស្ថាប័នតំបន់និងការពិភាក្សាប្រកបដោយបរិយាបន្ន បើកចំហរ និងស្មោះត្រង់។ ត្បិតកម្ពុជាជាប្រទេសតូច តែកម្ពុជាមានមហិច្ឆិការធំក្នុងការកសាងតំបន់សន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជាសមាជិកទាំងអស់។ កម្ពុជាបាននឹងកំពុងខិតខំជំរុញ ការទូតសន្តិភាព (Peace Diplomacy) ដែលទាមទារអោយយោធាកម្ពុជាមានសមត្ថភាពនិងបទពិសោធន៏គ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មថែររក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ដូចនេះហើយការចូលរួមនិងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសជាដៃគូអាស៊ាននិងសមាជិកអាស៊ានដទៃទៀតគឺចាំបាច់ណាស់សំរាប់កងទ័ពកម្ពុជាសំរាប់កិច្ចការពារថែររក្សាស្ថិរភាពនិងសន្តិភាពតំបន់និងសកល។