សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យរដ្ឋបាលមូលដ្ឋានអាស៊ាន គាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជា បានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និង ការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព។

ក្នុងពិធីបើកវេទិការអភិបាលក្រុងអាស៊ាន (AMF) ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការ ជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព ប្រកបដោយបរិវត្តកម្ម និង បរិយាបន្ន តាមគន្លងប្រក្រតីភាពថ្មី» និង កិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន (MGMAC) ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព» នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និងជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥។

សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង លើកទី ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ ដោយមានការអនុម័ត និង កត់សម្គាល់ឯកសារលទ្ធផលចំនួន ១០១។ ក្នុងនោះ ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់វឌ្ឍនភាព នៃការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និង បានកំណត់ ទិសដៅអនាគត សម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈ សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ស្ថិតក្នុងបរិការណ៍ ដែលអាស៊ាន និងសកលលោក បាន និង កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និង ទៅថ្ងៃអនាគត។ សម្តេចតេជោលើកឡើងថា ទីក្រុងឆ្លាត មានសក្តានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកបដោយនវានុវត្តន៍ ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និង ជាពិសេសលើកកម្ពស់ សុខុមាលភាព និង វិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។ បន្ថែមលើនេះ ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាព សង្គម-សេដ្ឋកិច្ច ធុរកិច្ចពាណិជ្ជកម្ម និង ការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំង ផ្ដល់ឱកាសការងារ មុខរបរ និង អាជីវកម្ម ដល់ប្រជាជនទូទៅ ក្នុងប្រទេស និង តំបន់អាស៊ាន ទាំងមូល។

ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និង អន្តរជាតិ និង ជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង ។ ក្នុងន័យនេះ រដ្ឋបាលក្រុង រាជធានី និង រដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និង សមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើ សេដ្ឋកិច្ចវិលជុំ និង សេដ្ឋកិច្ចបៃតង ។ ជាមួយគ្នានេះ រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ក៏ត្រូវបង្កបរិយាកាសងាយស្រួល ដល់ការធ្វើការអាជីវកម្ម, ធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ និង ដោះស្រាយបញ្ហាចំពោះមុខផ្សេងៗ ដែលប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ទី៤. នៅក្នុងក្របខណ្ឌតំបន់ រដ្ឋបាលក្រុង រាជធានី និង រដ្ឋធានីអាស៊ានទាំងអស់ ត្រូវសហការគ្នា ក្នុងការជំរុញល្បឿន និង ពង្រីកសក្តានុពលនៃការតភ្ជាប់ និង សមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និង បរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និង តភ្ជាប់គ្រប់វិស័យ ទាំងក្នុងប្រទេស និង តំបន់។ ទី៥. គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់ នឹងអាចកើតមានឡើង ដោយសារនិន្នាការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះ រដ្ឋបាលក្រុង រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្ដូរចំណេះដឹង និង ចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថល ក៏ដូចជាការធានាសុខសន្តិសុខ ស្ថិរភាព និង សោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត អគ្គីសនី និងសំណល់ ប្រកបដោយប្រសិទ្ធភាព៕

Share.

Comments are closed.