ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជា អ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បាន មានប្រសាសន៍ថា ថ្ងៃនេះ គឺជាថ្ងៃទីមួយនៃដំណើរការកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធ ឆ្នាំ២០២២ ដែលមានកិច្ចប្រជុំ និងព្រឹត្តិការណ៍សំខាន់ៗចំនួន៧ បាន និងកំពុង ប្រព្រឹត្តទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម គង់ ភោគ បានថ្លែងថា ក្នុងថ្ងៃទីមួយនេះ គឺមានកិច្ចប្រជុំ និងព្រឹត្តិការណ៍សំខាន់ៗចំនួន៧ ដែលរួមមាន៖ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ានលើកទី២៥ និងកិច្ច ប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១ ដែលនឹងត្រូវបានដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិកម្ពុជា និងជាប្រធានអាស៊ាន ព្រះរាជសវនាការរបស់ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ពិធីចុះហត្ថលេខាលើលិខិតូបករណ៍ នៃការចូលជា សមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ជំនួបដាច់ដោយឡែករវាង បណ្តាថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភា តំណាងយុវជន និងក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន ដែលដឹកនាំប្រជុំដោយសម្តេចអគ្គសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្ថែមថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ សន្តិសុខ អាស៊ានលើកទី២៥ នឹងធ្វើការពិនិត្យមើលឡើងវិញនូវការវិវត្តន៍ថ្មីៗតាមវិស័យ នៃសសរស្តម្ភ សហគមន៍នយោបាយសន្តិសុខអាស៊ាន ក៏ដូចជាការតាមដានការអនុវត្ត និងការពិនិត្យមើល ឡើងវិញនូវផែនទីបង្ហាញផ្លូវលម្អិតសហគមន៍នយោបាយសន្តិសុខអាស៊ានឆ្នាំ២០២៥។

ទាក់ទងនឹងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១ រដ្ឋមន្រ្តីការបរទេស នឹងពិនិត្យមើលឡើងវិញទៅលើវឌ្ឍនភាព នៃការអនុវត្តគំនិតផ្តួចផ្តើមគន្លឹះរបស់អាស៊ាន អាទិភាព និងការសម្រេចបានសម្រាប់ឆ្នាំ២០២២ ក៏ដូចជាការដាក់ចេញគំនិតផ្តួច ផ្តើមសំខាន់ៗរបស់អាស៊ានដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ព្រមទាំងការដាក់ពាក្យ ស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។

បើតាមឯកឧត្ដម គង់ ភោគ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំ ពាក់ព័ន្ធនៅក្នុងថ្ងៃនេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ឯកឧត្ដម ឌ្មីត្រូ គូឡេបា នឹងចុះហត្ថលេ ខាលើលិខិតូបករណ៍នៃការចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ ដែលប្រទេសអ៊ុយក្រែន នឹងក្លាយជាសមាជិកទី៥០ នៃសន្ធិសញ្ញានេះ។

ដោយឡែក ជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន និងតំណាងអន្តរសភា គឺមានគោលបំណង ផ្លាស់ប្តូរទស្សនៈសំខាន់ៗរវាងស្ថាប័ននីតិប្រតិបត្តិរបស់អាស៊ាន និងស្ថាប័ននីតិបញ្ញត្តិរបស់ អាស៊ានអំពីវឌ្ឍនភាព បញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមដើម្បីពង្រឹង សហគមន៍អាស៊ាន។ សម្រាប់ជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នឹងអនុញ្ញាតឱ្យតំណាងយុវជនអាស៊ានបានជួបផ្ទាល់ជា មួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីលើកឡើងនូវគំនិតទស្សនៈ ការព្រួយបារម្ភ និងដំណោះស្រាយ ក៏ដូចជាទទួលបាននូវការណែនាំ និងការចែករំលែកពីបណ្តាថ្នាក់ដឹកនាំអាស៊ានវិញផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា កិច្ចប្រជុំដាច់ដោយឡែកមួយទៀត រវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន គឺជាកិច្ចសន្ទនានៃការ ផ្លាស់ប្តូរយោបល់ ជាពិសេសចែករំលែកពីវិស័យឯកជន ក្នុងការធ្វើយ៉ាងណាឱ្យវិស័យ ធុរកិច្ចឯកជននៅអាស៊ានមានការរីកចម្រើនទៅមុខ ក៏ដូចជាការទទួលយកនូវអនុសាសន៍ និងការចែករំលែកផ្សេងៗពីបណ្តាថ្នាក់ដឹកនាំអាស៊ាន ដើម្បីធានានូវការចូលរួមចំណែក យ៉ាងសកម្មរបស់វិស័យធុរកិច្ចឯកជនក្នុងការកសាងសហគមន៍អាស៊ានជាដើម៕

ប្រភព៖ ​ក្រសួងព័ត៌មាន

Share.

Comments are closed.