ប្រមុខ UN លោក អង់​តូ​នី​ញ៉ូ ហ្គុ​យតឺ​រេស បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ថានភាព​នៅក្នុង​ប្រទេស​អេ​ត្យ​ពី កំពុង​រាលដាល​យ៉ាង​ខ្លាំង​រហូត​មិន​អាច​គ្រប់គ្រង​បាន ខណៈ​ការ​ប្រយុទ្ធ​គ្នា បាន​រាល​ចូល​ទៅ​ភាគ​ខាងជើង​នៃ​ប្រទេស ហើយ​រដ្ឋាភិបាល បាន​ប្តេជ្ញា​ដណ្តើម​គ្រប់​គ្រង​ព្រលា​នយន្តហោះ​ទាំងអស់ និង​កន្លែង​ដទៃទៀត នៅក្នុង​តំបន់​ទី​ហ្រ្គេយ៍។

កង្វល់​អន្តរជាតិ កំពុង​កើនឡើង​ជុំវិញ​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​ឡើងៗនៅ​តំបន់​ទី​ហ្រ្គេយ៍ ដែល​កងកម្លាំង​អេត្យូពី និង​កងទ័ព​មក​ពី​ប្រទេស​ក្បែរ​ខាង​អេ​រី​ត្រេ បង្កើន​ការ​វាយលុក នៅ​ក្បែរ​ទីក្រុង Shire។

លោ​កហ្គុ​យតឺ​រេស បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅ UN ថា៖ «ស្ថានការណ៍​នៅ​អេត្យូពី កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​រហូត​មិន​អាច​គ្រប់គ្រង​បាន។ អំពើ​ហិង្សា និង​ការ​បំផ្លិច​បំផ្លាញ ឈាន​ដល់កម្រិត១ គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង»។ លោក​បាន​ប្រាប់​ថា៖ «អរិភាព នៅ​តំបន់​ទី​ហ្រ្គេយ៍​នៃ​ប្រទេស​អេត្យូពី ត្រូវ​ចប់ នា​ពេលឥឡូវនេះ ដោយ​អំពាវនាវ​ឱ្យ​ដក​កងកម្លាំង​អេ​រី​ត្រេចេ​ញជាបន្ទាន់»។

សហភាព​អឺរ៉ុប (EU) និង​អាមេរិក បាន​ចេញ​ការ​អំពាវនាវ​សុំ​ឱ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ជាបន្ទាន់ បន្ទាប់ពី​មានការ​អំពាវនាវ​ពី​សហ​ភាព​អា្រ​ហ្វិ​ក (AU) ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​មួយ និង​គ្មាន​លក្ខខណ្ឌ។ ចាប់តាំងពី​សង្គ្រាម បាន​ចាប់ផ្តើម​ជិត ២ ឆ្នាំ រវាង​កងកម្លាំង​សហព័ន្ធ និង​រណសិរ្ស​រំដោះ​ប្រជា​ជនទី​ហ្រ្គេយ៍ (TPLF) ជនស៊ីវិល​ជាច្រើន ត្រូវ​បាន​សម្លាប់ មនុស្ស ២ លាន​នាក់ ត្រូវ​បង្ខំ​ឱ្យ​រត់​ភៀសខ្លួន​ពី​ផ្ទះសំបែង​របស់​ពួក​គេ និង​ជាច្រើន​លាន​នាក់​ផ្សេងទៀត​កំពុង​ត្រូវការ​ជំនួយ។

ប្រធាន​គណៈកម្មការ AU លោក Moussa Faki Mahamat កាលពី​ថ្ងៃអាទិត្យ ជំរុញ​គូ​ជម្លោះ ឱ្យ​ប្តេជ្ញា​ចំពោះ​ការចរចា​ឡើងវិញ ក្រោយ​ភាគី​ទាំង ២ ទទួលយក​ការ​អញ្ជើញ​ចូលរួម​កិច្ចចរចា​សន្តិភាព នៅ​អា្រ​ហ្វិ​កខាងត្បូង ដែល​ក្រោយមក​មិនកើត​ឡើង។

ការ​ប្រយុទ្ធ​គ្នា បាន​បន្ត រវាង​ភាគី​សង្គ្រាម នៅ​ខែសីហា ដោយធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​បទ​ឈប់​បាញ់​រយៈពេល ៥ ខែ ដែល​បាន​អនុញ្ញាត​ឱ្យ​កំណត់​ចំនួន​ជំនួយ​ចូល​ទៅ ក្នុង​តំបន់​ទី​ហ្រ្គេយ៍ ដោយ​ភាគី​ទាំង ២ ចោទ​គ្នា​ទៅវិញទៅមក ជុំវិញ​ការបង្កើត​ការ​បាញ់​មុន។

រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី Abiy Ahmed បានឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួ​នបេ្ត​ជ្ញា ចំពោះ​ដំណោះស្រាយ​ជម្លោះ ដោយសន្តិវិធី​តាមរយៈ​ការចរចា​សន្តិភាព​ដឹកនាំ​ដោយ AU តែ​មិនបាន​អំពាវនាវ​ឱ្យ​មាន​បទ​បាញ់​ទេ។

ប៉ុន្តែ​រដ្ឋាភិបាល​នេះ បាន​និយាយ​ថា ខ្លះ​នឹង​បន្ត​វិធានការ​ការពារ ដើម្បី​ការពារ​អធិបតេយ្យ​ភាព និង​បូរណភាពទឹកដី​របស់​អេត្យូពី ពី​ការ​គំរាមកំហែង​ខាងក្នុង និង​ខាងក្រៅ ដោយ​បាន​ចោទ TPLF ថា បាន​ឃុបឃិតជាមួយ​មហាអំណាច​បរទេស​ជាស​ត្រូវ។

«វា​គឺជា​រឿង​ចំា​បាច់​ណាស់​ដែល​រដ្ឋាភិបាល​អេត្យូពី បន្ត​គ្រប់​គ្រង​ព្រលា​នយន្តហោះ អគារ​សហព័ន្ធ​ដទៃទៀត និង​រៀបចំ​រចនាសម្ព័ន្ធ ក្នុង​តំបន់​នេះ»។

អាជ្ញា​ធរ​ទី​ហ្រ្គេយ៍ បាន​ប្រាប់​ថា​ខ្លួន​ត្រៀម​ជាស្រេច ដើម្បី​អនុវត្ត​ការ​បន្ធូរបន្ថយ​អរិភាព និង​អំពាវនាវ​សហគមន៍​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចូល​តុចរចា។

ដោយ​ប្រតិកម្ម​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល អ្នកនាំពាក្យ TPLF លោក Getachew Reda បាន​ប្រាប់​សារព័ត៌មាន AFP ថា៖ «វា​គឺជា​ការ​បង្ហាញ​ច្បាស់​ថា រដ្ឋាភិបាល និង​សម្ព័ន្ធ​មិត្ត នឹង​ធ្វើអ្វី​គ្រប់យ៉ាង តាមរយៈ​ចេតនា​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ប្រជាជន​តំបន់​ទី​ហ្រ្គេយ៍»។

ប្រជាជន ៦ លាន​នាក់ នៅ​តំបន់​ទី​ហ្រ្គេយ៍ ត្រូវ​បាន​កាត់​ផ្តាច់​ពី​ពិភព​ខាងក្រៅ ដោយ​ប្រឈម​នឹង​ការ​ខ្វះ​ប្រេងឥន្ធនៈ ស្បៀងអាហារ និង​ថ្នាំពេទ្យ និង​សេវា​ជា​មូលដ្ឋាន ដូចជា​ទូរគមនាគមន៍ អគ្គិសនី និង​ធនាគារ​៕

ប្រភព៖ Phnom Penh Post

Share.

Comments are closed.