កងទ័ពកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមសមយុទ្ធការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា ហូគូក (Hoguk) ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ចំពោះមុខភាពតានតឹងលើសកម្មភាពយោធាប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២២។

សមយុទ្ធនេះនឹងបន្តរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ និងជាសមយុទ្ធថ្មីចុងក្រោយបង្អស់របស់កូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងសកម្មភាពយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក និងជប៉ុនផងដែរ។ បើតាមនាយសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង, ដោយមានការចូលរួមពីកងកម្លាំងអាមេរិកមួយចំនួន កងទ័ពកូរ៉េខាងត្បូងនឹងផ្តោតលើការត្រៀមខ្លួនការពារ និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់កងទ័ពក្នុងការអនុវត្តប្រតិបត្តិការរួមគ្នា កំលុងពេលធ្វើសមយុទ្ធ Hoguk នេះ។

កងកម្លាំងចម្រុះនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតទាំងយប់ទាំងថ្ងៃ ដើម្បីទប់ទល់នឹងនុយក្លេអ៊ែរ មីស៉ីល និងការគម្រាមកំហែងផ្សេងៗរបស់កូរ៉េខាងជើង ដូច្នេះពួកគេអាចមានសមត្ថភាពគ្រប់គ្រាន់ ទោះជាក្នុងពេលមានសង្គ្រាម និងពេលសន្តិភាព ហើយក៏អាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងអាមេរិក ផងដែរ។

គួរបញ្ជាក់ថា ការហ្វឹកហ្វឺនលើទីលានជាក់ស្តែងបានកើតមានឡើង ខណៈដែលកូរ៉េខាងជើងបាននឹងកំពុងបង្កើនល្បឿនធ្វើតេស្តអាវុធ មិនធ្លាប់មានពីមុនមកនៅក្នុងឆ្នាំនេះ ដោយការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងកាំភ្លើងធំរាប់រយគ្រាប់នៅជិតព្រំដែនអន្តរកូរ៉េ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទីក្រុងព្យុងយ៉ាងបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារ ចំពោះកូរ៉េខាងត្បូង និងចាត់ទុកសកម្មភាពយោធារួមគ្នាជាការបង្កហេតុ ប៉ុន្តែទីក្រុងសេអ៊ូលថា សមយុទ្ធនេះគឺធ្វើឡើងជាប្រចាំ និងដើម្បីតម្រង់ទិសការពារខ្លួនតែប៉ុណ្ណោះ៕

ប្រភព៖ Fresh News

Share.

Comments are closed.