កូរ៉េ បានបង្ហាញនូវចំណាប់អារម្មណ៍ ចង់វិនិយោគលើវិស័យរ៉ែនៅកម្ពុជា និងស្នើឲ្យកម្ពុជា លើកជាគម្រោងសិក្សាលម្អិតបន្ថែម ទៅលើសក្ដានុពលរ៉ែ ដើម្បីរកមើលថវិកា ក៏ដូចជាក្រុមការងារផ្សេងៗ ដើម្បីចូលរួមក្នុងការស្វែងរុករក។

ការបង្ហាញនូវចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ តំណាងលោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ជាមួយលោក Lee HyuKsang លេខាធិការទី១ នៃស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងរ៉ែ និងថាមពល នាសប្ដាហ៍មុន ក្នុងគោលបំណង ពិភាក្សាកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្មរ៉ែ រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។

ក្នុងជំនួបនោះ លោក Lee HyuKsang បានស្វែងយល់អំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍវិស័យរ៉ែ និងការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា ដែលក្រុមហ៊ុនរបស់ប្រទេសកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគ លើវិស័យរ៉ែនៅកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៉ឹង ឌីប៉ូឡា បានបញ្ជាក់បន្ថែមឲ្យដឹងថា វិស័យរ៉ែនៅកម្ពុជា ដែលភាគីកូរ៉េ បានបង្ហាញនូវចំណាប់អារម្មណ៍ ចង់វិនិយោគរួមមាន៖ Copper (រ៉ែទង់ដែង), Tungsten, Manganese, Lithium និងរ៉ែផ្សេងៗទៀត។

លោក អ៉ឹង ឌីប៉ូឡា បានបញ្ជាក់ថា «ក្នុងកិច្ចប្រជុំនេះ ភាគីកូរ៉េ បានឲ្យភាគីកម្ពុជា ធ្វើការលើកជាគម្រោងសិក្សាលម្អិតបន្ថែម ទៅលើសក្ដានុពលរ៉ែនៅកម្ពុជា ទៅភាគីកូរ៉េ។ ភាគីកូរ៉េ នឹងអាចរកថវិកាពីដៃគូនៅកូរ៉េ ដើម្បីធ្វើការសហការ ជាមួយនឹងក្រសួងរ៉ែ និងថាមពល»

លោកបានបន្ដថា ដោយការសិក្សាតាំងពីសម័យបារាំងមក សព្វថ្ងៃនេះ កម្ពុជាបានរកឃើញនូវសក្ដានុពលរ៉ែមួយចំនួន បន្ទាប់មកក៏បន្ដកិច្ចសហការ ជាមួយជប៉ុន, កូរ៉េ, ចិន, ឆែកូ និងរុស្សី ក៏ប៉ុន្ដែការសហការគ្នានេះ មិនទាន់អាចសិក្សា ទៅបានគ្រប់ទីតាំង និងបានស៊ីជម្រៅ អំពីសក្ដានុពលរ៉ែនីមួយៗ ច្បាស់លាស់។

លោក អ៉ឹង ឌីប៉ូឡា បានលើកឡើងទៀតថា ដូច្នេះ ភាគីកូរ៉េ ស្នើសុំឲ្យកម្ពុជា លើកជាគម្រោង រួចហើយភាគីកូរ៉េ នឹងលើកយកគម្រោងនេះ ទៅឲ្យរាជរដ្ឋាភិបាលកូរ៉េ ដើម្បីរកមើលថវិកា ក៏ដូចជាក្រុមការងារផ្សេងៗ ដើម្បីចូលរួមក្នុងការស្វែងរុករកសក្ដានុពលរ៉ែនៅកម្ពុជា។

ទន្ទឹមគ្នានេះ លោក អ៉ឹង ឌីប៉ូឡា បានបញ្ជាក់ថា បន្ទាប់ពីការស្វែងរុករកនេះ ទទួលបានជោគជ័យ បើសិនជារកឃើញថា ប្រភេទរ៉ែ៖ Copper (រ៉ែទង់ដែង), Tungsten, Manganese, Lithium មានសក្ដានុពលនោះ ជំហានបន្ទាប់ទៀត ភាគីកូរ៉េ នឹងអាចចាប់អារម្មណ៍ ក្នុងការវិនិយោគទុនលើវិស័យរ៉ែនៅកម្ពុជា៕

ប្រភព៖ Fresh News

Share.

Comments are closed.