កម្ពុជា បេឡារុស ប្ដេជ្ញាពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់ប្រសើរឡើងថែមទៀត ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ។ នៅក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម Uladzimir BARAVIKOU ឯក អគ្គរដ្ឋទូត តែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា បានសំដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានជំនឿថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់ប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសំដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាដែលទទួលបានជោគជ័យក្នុងពេលធ្វើជាប្រធានប្តូរវេនអាស៊ាន ដែលធានាបាននូវស្ថេរភាពនយោបាយក្នុងតំបន់ និងពិភពលោក។ សម្តេចប្រមុខរដ្ឋស្តីទី បានសំដែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។សម្តេចមានជំនឿជាក់ថា ក្នុងឋានៈឯកឧត្តមជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបេឡារុសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឱ្យកាន់តែ ប្រសើរឡើងថែមទៀត។ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរា ជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.