ឯកឧត្តម KITAOKA Shinichi ទីប្រឹក្សាពិសេសរបស់អង្គការ JICA បានសម្ដែនូវការគោព និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំជាប្រធានអាស៊ានរបស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេស ចំពោះវិធានការសម្រាប់ប្រទេសមីយ៉ាន់ម៉ានោះ។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម KITAOKA Shinichi ទីប្រឹក្សាពិសេសរបស់អង្គការ JICA ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

ក្នុងជំនួបនោះ ឯកឧត្តម KITAOKA បានគោរពសម្ដែងដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារថ្លែងចូលរួមមរណៈទុក្ខរបស់ឯកឧត្ដម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ឯកឧត្ដមបានមានប្រសាសន៍បន្តថា កម្ពុជា គឺជាដៃគូយ៉ាងសំខាន់របស់ជប៉ុន ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការច្រើន ហើយឈរលើមូលដ្ឋាននៃការយល់គ្នាទៅវិញទៅមក មិត្តភាពល្អ ជាពិសេសប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានជោគជ័យ។

ឯកឧត្តម KITAOKA បានឆ្លៀតឱកាសនោះ សម្ដែនូវការគោព និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំជាប្រធានអាស៊ានរបស់សម្ដេចតេជោ ជាពិសេសចំពោះវិធានការសម្រាប់ប្រទេសមីយ៉ាន់ម៉ា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តម KITAOKA ថា ឯកឧត្ដម អាបេ ជាអ្នកមានគុណសម្រាប់យើង និងប្រទេសទាំងពីរ ឯកឧត្ដម អាបេ បានបន្សល់នូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ ១ និងផ្លូវជាតិលេខ ៥ ។ល។ ក្រៅពីជួយកម្ពុជាតាមរយៈជំនួយរបស់រដ្ឋាភិបាល ឯកឧត្ដម អាបេ ក៏បានជួយកម្ពុជាតាមរយៈការកសាងសាលារៀនឱ្យកម្ពុជាតាមរយៈសមាគមសភាជប៉ុនផងដែរ។

សម្ដេចតេជោបានបន្ថែមថា ឯកឧត្ដម អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារតំបន់ ក៏ដូចជា ការងារមនុស្សធម៌ផងដែរ។ ដោយគាត់ឆ្លៀតប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ ទោះជាមានការមមាញឹកយ៉ាងណាក៏ដោយ ហើយរាល់ពេលក្នុងកិច្ចប្រជុំឯកឧត្ដម អាបេ តែងតែលើកឡើងអំពីសុំការគាំទ្រលើបញ្ហា ការចាប់ជំរិតជនាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។ សម្ដេចតេជោបានមានប្រសាសន៍បន្ថែមទៀតដែរថា ការចាកចេញរបស់ឯកឧត្ដម អាបេ គឺជាការបានត់បង់មិត្តភក្ដិម្នាក់ ដែលធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបាក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.