ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រ៉ាហ៊ីម រ៉ៃស៉ី (Ebrahim Raisi) បាននិយាយថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកត្រូវតែដកចេញ ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយការធានាចំពោះការដកចេញនូវទណ្ឌកម្មដ៏យូអង្វែងមួយ ត្រូវតែបង្កើតឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Al-Jazeera នៅប្រទេសអ៊ូសបេគីស្ថាន លោក រ៉ៃស៉ី បានថ្លែងថា វានៅមិនទាន់ដល់ពេលដែលត្រូវជួបពិភាក្សាទល់មុខគ្នា ជាមួយភាគីសហរដ្ឋអាមេរិកឡើយ ហើយលោកក៏បានចោទសួរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ថាតើចង់ឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេហរ៉ង់ដែរឬទេ?

លោក រ៉ៃស៉ី បានគូសបញ្ជាក់ថា «ការដកទណ្ឌកម្មគួរតែត្រូវបានអមជាមួយនឹងដំណោះស្រាយនៃការផ្តល់ការធានាការពារ។ ដូច្នេះយើងគូរតែបញ្ចប់បញ្ហានេះ ដោយផ្តល់នូវការធានាសមស្របមួយ។ ប្រសិនបើយើងអាចទទួលបាន នូវការធានាមួយដែលគួរឲ្យទុកចិត្តបាន ហើយទណ្ឌកម្មត្រូវបានដកចេញក្នុងរយៈពេលយូអង្វែងនោះ ប្រាកដណាស់ថា វាអាចទៅរួចក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងទីក្រុងតេហេរ៉ង់ និងសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា គួរបញ្ជាក់ថា កិច្ចចរចាដោយប្រយោលជាច្រើនខែរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ កំពុងស្ថិតក្នុងភាពជាប់គាំង។ ថ្មីៗនេះសហរដ្ឋអាមេរិកបានដក់ទណ្ឌកម្មថ្មី មកលើក្រុមហ៊ុនអ៉ីរ៉ង់សម្រាប់ការជួយផ្ទេរយន្តហោះដ្រូន របស់អ៉ីរ៉ង់ទៅឲ្យរុស្ស៉ី ក៏ដូចជាការចោទប្រកាន់ទីក្រុងតេហេរ៉ង់ អំពីការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម៕

ប្រភព៖ Fresh News

Share.

Comments are closed.