អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ (UN) លោក Antonio Guterres កាលពី​ថ្ងៃ​ពុធ ​ទី ​១៣ ខែកញ្ញ បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា ដោយ​ចង្អុល​បង្ហាញ​ថា ពិភពលោក ឥឡូវនេះ កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់ មិន​ថាជា​វិបត្តិ​បរិស្ថាន ដូចជា​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​ជម្លោះ និង​សង្គ្រាមនានា ដែល​កំពុង​កើត​ឡើង នាពេល​បច្ចុប្បន្ននេះ។

លោក Guterres បាន​និយាយ នៅក្នុង​ពិធី​បើក​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ (UNGA) លើក​ទី៧៧ កាលពី​ថ្ងៃពុធ​ថា៖ «យើង​កំពុង​ប្រឈមនឹង​ស្ថានភាព ដែល​ពិភពលោក​កំពុង​ធ្លាក់​ចូល​ទៅក្នុង​អន្តរាយ។ យើង​ចាំ​បាច់​ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ជំរុញ​ឱ្យ​មាន​សន្តិភាព សិទ្ធិ​មនុស្ស និង​ការអភិវឌ្ឍ ប្រកប​ដោយ​ចីរភាព។

លោក Guterres បាន​បន្ត​ថា​៖ «បញ្ហាដែល​ត្រូវ​ដោះស្រាយ​ទាំង​នោះ រួម​មាន​ជម្លោះ ការប្រែប្រួល​​អាកាស​ធាតុ ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សកល ដែល​ខូចខាត ភាពក្រីក្រ វិសមភាព វិបត្តិ​អត់ឃ្លាន និង​ការ​រើសអើង​ពូជសាសន៍ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ទាមទារ​ការ​សហការ​គ្នា​យ៉ាង​ខ្ជាប់​ខ្ជួន។ ទន្ទឹមនឹងនេះ វា​ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញា​ចិត្ត និង​សក្តានុពល​ដ៏​អស្ចារ្យ​របស់​អង្គការ​នេះ​ផង​ដែរ»។

នៅ​សប្តាហ៍​ក្រោយ ប្រមុខ​រដ្ឋ និង​អ្នកតំណាង​ជាន់​ខ្ពស់ នឹង​ចូលរួម UNGA នៅ​ទីក្រុង​ញូវយ៉ក ជាទីដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក Sergei Lavrov និង​មន្ត្រីអម​ដំណើរ​មួយ​ចំនួន​មកពី​ទីក្រុង​ម៉ូស្គូ ស្ថិត​ក្នុង​ចំណោម​មន្ត្រី​កំពូលៗ ដែល​ទទួល​បាន​ទិដ្ឋាការ ធ្វើដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​នេះ​បាន​ចំនួន ២៤​ នាក់ ពី​ក្នុង​ចំណោម​មនុស្ស ៥៦ ​នាក់ ដែល​អាជ្ញាធរ​រុស្ស៊ី ដាក់​ពាក្យ​សុំ​ទិដ្ឋាការ។

បើតាម​ការបញ្ជាក់​របស់​ UN កាល​ពី​ដើម​ខែ​កញ្ញា​នេះ មាន​ការ​ពិភាក្សា​គ្នា ពាក់​ព័ន្ធ​នឹង​ដំណើរ​ឆ្ពោះទៅ​កាន់​កិច្ចប្រជុំ​របស់​តំណាង​ជាន់ខ្ពស់​មកពី​ប្រទេស​រុស្ស៊ី។ ទំនាក់​ទំនង រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី បាន​ធ្លាក់ចុះ ដោយសារការសម្រេច​ចិត្ត​បើកការ​លុក​លុយ​​លើ​អ៊ុយក្រែន ដែលជា​ប្រទេសជិតខាង​របស់​រុស្ស៊ី។

ដំបូង​ឡើយ មិន​មាន​ការផ្លាស់ប្តូរសម្រាប់​កាល​វិភាគ​នៃ​កិច្ចប្រជុំ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​ ២០ ខែ​កញ្ញា​ នោះ​ឡើយ តែដោយសារប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋា​ភិបាល និង​តំណាង​ជាន់ខ្ពស់​នៃ​ប្រទេស​ជា​ច្រើន ត្រូវការ​ធ្វើដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យ​ព្រះ​សព​ម្ចាស់​ក្សត្រី Elizabeth II នៅ​ចក្រភព​អង់គ្លេស នៅ​ថ្ងៃ​ទី​ ១៩ ខែ​កញ្ញា​ជា​មុនសិន ខណៈ​ដែល​លោក Guterres ប្រហែល​ជា​មិន​អាច​ចូលរួម​ពិធី​បុណ្យព្រះ​សព​នេះ​ទេ៕

ប្រភព៖ Phnom Penh Post

Share.

Comments are closed.