រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ ដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់​ប្រជា​ជន​ជិត ៣០០ ០០០ នាក់។ ​រោងចក្រ នេះមានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និង​ជាមូល​និធិ​របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយត្រូវបានសាងសង់​ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ​ និងក្រសួងសុខាភិបាល​កម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងម៉ាស៊ីនផលិត​អុកស៊ីសែន ដែល​ស្ថិត​នៅ​មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ក្នុងខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាឯកឧត្ដម W. Patrick Murphy មាន​ប្រសាសន៍ថា ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវា​សំខាន់ៗ​ដូចជាការព្យាបាលអ្នកជំងឺ COVID-19 ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបញ្ជាក់ថា៖ «វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង ១៦ លានដុល្លារ​នៅ​ក្នុងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺរាត​​ត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីរ​របស់​យើង»។

​អគារ និងម៉ាស៊ីនផលិតអុកស៊ីសែននេះ​គឺជាទីតាំង​ដំបូង​គេនៅ​ក្នុង​ខេត្តព្រះវិហារ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា បានបម្រើ​ដល់​ស្រុកចំនួន៧​ ដែល​មាន​ប្រជាជន​ប្រមាណ ​២៨៤ ០០០​នាក់។ បន្ថែម​ពី​លើ​ការ​ផ្តល់ការ​គាំទ្រយ៉ាងសំខាន់​សម្រាប់​ការថែទាំអ្នកជំងឺ COVID-19 ការផ្គត់ផ្គង់អុកស៊ីសែនដែលអាចជឿ​ទុក​ចិត្ត​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​​យ៉ាង​ច្រើន​ដល់​សហគមន៍​ដែលពឹងផ្អែកលើសេវាព្យាបាលរបស់​មន្ទីរ​ពេទ្យ​។

លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា​បានលើក​ឡើងថា អុកស៊ីសែន អាចធ្វើឱ្យមានភាពខុសគ្នារវាងជីវិតនិងសេចក្តីស្លាប់។ នេះជាមូល​ហេតុដែលអង្គការយូនីសេហ្វកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការ​ផ្គត់​ផ្គង់អុកស៊ីសែន និងហេដ្ឋារចនាសម្ព័ន្ធទន្ទឹមនឹងការកសាងសមត្ថភាព​បុគ្គលិកសុខាភិបាល​ក្នុងការប្រើប្រាស់។ លោកស្រីបន្ថែមថា៖ «យើងសូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហរដ្ឋអាមេរិក និងជាពិសេសទីភ្នាក់ងារ USAID សម្រាប់ជំនួយម៉ាស៊ីន​ផលិតអុក​ស៊ី​សែនថ្មីសម្រាប់សង្គ្រោះជីវិតនេះដែលនឹងជួយលើក​កម្ពស់​ ​សុខភាព​ថ្ងៃនេះ និងបង្កើត​ភាពធន់ចំពោះបញ្ហាប្រឈមនៅថ្ងៃអនាគត»។

សូមជម្រាបជូនថា ម៉ាស៊ីនផលិតអុកស៊ីសែន ជាម៉ាស៊ីនដែលអាចផលិតអុក​ស៊ី​សែន​ចំនួន​៣០០ លីត្រ​ក្នុង​មួយ​នាទី (LPM) ជាមួយនឹងស្ថានីយ៍ផ្ទុកដែលមាន​បំពង់​ស៊ីឡាំង​ និង​តភ្ជាប់​ទៅ​បំពង់​​អុកស៊ីសែនរបស់​មន្ទីរពេទ្យ។ ជាលទ្ធផលគម្រោងនេះ​នឹង​ជួយមន្ទីរ​ពេទ្យ​ឈប់ទិញ​បំពង់​អុកស៊ីសែន​ពីអ្នកផ្គត់ផ្គង់ឯកជន​បញ្ជូន​បំពង់​អុកស៊ីសែន​របស់​ខ្លួនទៅ​កាន់​​ទីតាំងឆ្ងាយៗ សម្រាប់​បំពេញ​ឡើងវិញទ្បើយ។ ដូច្នេះវានឹង​ជួយ​សន្សំ​សំចៃ​ពេល​វេលាថវិកា និងកាត់បន្ថយការប្រឈមនឹងកង្វះអុកស៊ីសែនដែលបង្ក​គ្រោះ​ថ្នាក់ដល់ការ​ព្យា​បាល​អ្នកជំងឺ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.