រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ បានឯកភាពគ្នានៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយឡើង តាមរយៈការខិតខំអនុវត្តរាល់កិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរ ធ្លាប់បានឯកភាពគ្នានាពេលកន្លងមក។ ការបញ្ជាក់ជំហរគាំទ្រគ្នាទៅវិញទៅមកនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន កាល ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរដ្ឋភាឡាវ ក្នុងអំឡុងពេលសម្តេចពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅក្នុងប្រទេសឡាវ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នា ឱ្យមន្រ្តីជំនាញពិនិត្យសិក្សាថា ត្រូវធ្វើការកែសម្រួលកិច្ចព្រមព្រៀមចាស់ ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តង ដើម្បីឱ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងសងខាង។ សមភាគីទាំងពីរ ក៏បានសន្យាថា នឹងខិតខំជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមក ឱ្យកាន់តែសកម្មឡើង នៅគ្រប់កម្រិត រួមទំាងថ្នាក់ បច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ ព្រមទាំងសន្យាបន្តថែរក្សាសាមគ្គីជាប្រពៃណី និងបងប្អូនល្អ នៅក្នុងការគំាទ្រគ្នានៅលើវេទិការអន្តរសភានានាផងដែរ។ ជាមួយគ្នានេះ ភាគីឡាវ ក៏បានស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយជំរុញឱ្យអ្នកវិនិយោគ របស់កម្ពុជាទៅបណ្ដាក់ទុននៅក្នុងប្រទេសឡាវបានច្រើនឡើង និងស្នើសុំឱ្យរដ្ឋសភាកម្ពុជា បន្តផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ តាមរយៈក្រុមមិត្តភាពសភាប្រទេសទំាងពីរ។ សម្តេចពញាចក្រី ហេង សំរិន បានទទួលយកសំណើនេះ និងបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃមហាសាល ដែលផ្តល់នូវឧត្តមប្រយោជន៍ឧត្តុង្គឧត្តមដល់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.