ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យមានការអត់ធ្មត់ និងរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីការមានការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាង កងទ័ពអាស៊ែបៃហ្សង់ និងអាមេនី នៅឯតំបន់ព្រំដែននៃប្រទេសទាំង២ កាលពីដើមសប្ដាហ៍កន្លងទៅនេះ ខណៈភាគីជម្លោះទាំង២ កំពុងចោទប្រកាន់ដាក់គ្នា ទៅវិញទៅមក។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានបញ្ជាក់បន្ថែមថា លោកប្រធានាធិបតី ពូទីន កំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនៅឯតំបន់ព្រំដែនរវាងអាស៊ែបៃហ្សង់ និងអាមេនី ជាទីដែលកងកម្លាំងរក្សា សន្តិភាពរុស្ស៉ីកំពុងឈរជើង និងតាមដានការអនុវត្តបទឈប់បាញ់។

ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពអាស៊ែបៃហ្សង់ និងអាមេនី កាលពីដើមសប្ដាហ៍នេះបានបណ្ដាលឱ្យកងទ័ពទាំងសងខាងស្លាប់ និងរបួសជាច្រើននាក់ ដោយ កងទ័ពអាមេនីយ៉ាងហោច ៤៩នាក់បានស្លាប់ និងកងទ័ពអាស៊ែបៃហ្សង់ ៥០នាក់បានស្លាប់។ នេះការជាការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាម ចាប់តាំងពីអាមេនី និងអាស៊ែបៃហ្សង់ផ្ទុះសង្រ្គាមនឹងគ្នាអស់រយៈពេលជាង ៦សប្ដាហ៍ នៅឯតំបន់ព្រំដែនណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh)កាលពីឆ្នាំ២០២០៕

ប្រភព៖ Fresh News

Share.

Comments are closed.