ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទៅអាមេរិក សម្រេចក្នុងទំហំទឹកប្រាក់ចំនួន៦,៤២១លានដុល្លារ កើនឡើងចំនួន៣៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន ៤,៦៨៦លានដុល្លារ។ 

ចំពោះការនាំចូលពីអាមេរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ២២៤លានដុល្លារ ថយចុះចំនួន៣.៥ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់២៣២លានដុល្លារ។ មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញ សំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។​​​

ប្រទេសដែលកម្ពុជានាំចេញច្រើន បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១,៤៦៩លានដុល្លារ, ប្រទេសចិន មានចំនួន ៨០៤លានដុល្លារ, ប្រទេសកាណាដា មានចំនួន៧៨០លានដុល្លារ, ប្រទេសជប៉ុន មានចំនួន ៧៨៩លានដុល្លារ និងប្រទេសថៃ មានចំនួន ៦១៣លានដុល្លារ។​​​​ គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៧,៨២៦លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន៧,៤៩០លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានជាង៣៣៦លានដុល្លារ។

ប្រភព៖ Fresh News

Share.

Comments are closed.