ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយនិយាយលើស្ថានការណ៍មិនច្បាស់លាស់ នៅឯរោចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporozhyia) របស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

វិមានក្រឹមឡាំង បានឲ្យដឹងថា កំឡុងពេលនៃការពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នានេះ ទីក្រុងមូស្គូបានស្នើឲ្យមានការយកចិត្តទុកដាក់ ចំពោះករណីបាញ់ផ្លោងដាក់គ្នា នៅជុំវិញទីតាំងរោងចក្រនេះ រួមទាំងការផ្ទុកនូវកាកសំណល់សារធាតុវិទ្យុសកម្ម ដែលពោរពេញដោយគ្រោះថ្នាក់។ ជាមួយគ្នានេះ លោក ពូទីន បានប្រាប់ទៅកាន់លោក ម៉ាក្រុង អំពីជំហានដែលទីក្រុងមូស្គូ ព្យាយាមអនុវត្តក្នុងការរក្សាសុវត្ថិភាព នៃរោងចក្រនេះ។ ភាគីទាំងពីរ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួម ក្នុងការដោះស្រាយបញ្ហាសុវត្ថិភាព ដោយសហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ផងដែរ។

ដោយឡែក លោក ម៉ាក្រុង បានស្នើសុំដល់រុស្ស៉ីឲ្យដកអាវុធធុនធ្ងន់ និងស្រាលរបស់ពួកគេចេញពីរោងចក្រមួយនេះ ហើយទុកពេលឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ អនុវត្តកិច្ចការងាររបស់ពួកគេ ដើម្បីធានាសុវត្ថិភាពនៅទីនោះ។ ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergey Shoigu) បានអះអាងថា រុស្ស៉ីមិនបានដាក់អាវុធធុនធ្ងន់ នៅ ឬក្បែររោងចក្រនេះទេ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដំណើរការនៃរោចក្រថាមពលនុយក្លេអ៊ែរ Zaporozhyia ត្រូវបានបិទ។ បើតាមមន្រ្តីដែលតែងតាំងដោយរុស្ស៉ី ឲ្យដឹងថា ការសម្រេចនេះធ្វើឡើងដោយសារតែ មាននូវការបាញ់ផ្លោងជាបន្តបន្ទាប់ នៅជុំវិញទីតាំងនេះ៕

ប្រភព៖ Fresh News

Share.

Comments are closed.