ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​អបអរសាទរ​ព្រះអង្គ​ឆា​លស៍​ ទី​៣ (CHARLES III) ដែល​ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ប្រកាស​ជា​ផ្លូវការ​ថា​ ជា​ព្រះមហាក្សត្រ​ថ្មី​នៃ​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​ខាងជើង​ថ្មីៗ​នេះ​។​

ព្រះអង្គ​មាន​ព្រះបន្ទូល​ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃទី​ ១២ ខែកញ្ញា​ ជា​ភាសា​អង់គ្លេស​ដែលមាន​ខ្លឹមសារ​ថា​៖ «​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ការប្រកាស​ជា​ផ្លូវការ​ដោយ​ក្រុមប្រឹក្សារាជសម្បត្តិ​ថា ទ្រង់​គឺជា​ព្រះមហាក្សត្រ​ថ្មី​នៃ​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​ខាងជើង​ខ្ញុំ​សូម​សម្ដែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត​និង​ជូនពរ​សព្វ​សារ​ធុ​ការ​សម្រាប់​ប្រទេស​របស់​ទ្រង់​សម្រាប់​វិបុលភាព​ដ៏​អស្ចារ្យ​និង​សេចក្តីសុខក្សេមក្សាន្ត​»​។​

ព្រះអង្គ​ជឿជាក់ថា ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែលមាន​ស្រាប់​រវាង​ប្រទេស​ទាំង​ ២ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​នឹង​បន្ត​រីកចម្រើន​ក្រោម​រជ្ជកាល​របស់​ ឆា​លស៍​ ទី​៣​។​

ព្រះអង្គ​ ឆា​លស៍ ​ទី​៣ ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ប្រកាសថា​ ជា​ព្រះមហាក្សត្រ​ថ្មី កាលពី​ថ្ងៃទី​ ១០ ខែកញ្ញា បន្ទាប់ពី​ព្រះមហាក្សត្រី​ អេ​លីហ្សា​ប៊ែ​ត ទី​២ (Elizabeth II) នៃ​ចក្រភព​អង់គ្លេស​ដែល​បាន​សោយ​ទិវ​ង្គ​ត​ក្នុង​ព្រះ​ជន្មាយុ ៩៦ ព្រះវស្សា​កាលពី​ថ្ងៃទី​ ៨ ខែកញ្ញា​។​

ប្រភព៖ Phnom Penh Post

Share.

Comments are closed.