ក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំនិងភាពជាដៃគូអាស៊ានឆ្នាំ២០២២ក្រោមប្រធានបទ«ភាពជាដៃគូសម្រាប់អាស៊ានដលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន សម្រាប់កិច្ចពិភាក្សាក្នុងវេទិកានេះ ដែលក្នុងនោះរួមមាន:

ទី១.ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមិនអាចសម្រេចបានឡើយដរាបណាមិនមានស្ថិរភាពនិងសុខសន្តិភាពពេញលេញ។ក្នុងន័យនេះអាស៊ានត្រូវបញ្ចៀសឱ្យបាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះនិងអ្នកចាញ់ប៉ុន្តែមានតែការវិនាសហិនហោចនិងការបាត់បង់អាយុជីវិតរបស់ប្រជាជន។កម្ពុជាដែលជាប្រទេសធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើនដោយសារភ្លើងសង្គ្រាមសូមក្រើនរម្លឹកយ៉ាងទទូចថាការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បងបំផុត គឺជានយោបាយ ឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ។

ទី២. ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្ដៅគគុក អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូនិងត្រូវរួមគ្នាធានាឱ្យបាននូវសុខសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់តាមរយៈការង្រឹងឯកភាពនិងមជ្ឈភាពអាស៊ាននិងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូនិងយន្តការពហុភាគីនិយមក្នុងកាដោះស្រាយបញ្ហាប្រឈមនានា។បន្ថែមលើនេះអាស៊ានក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្តាលនិងដើរតួនាទីជាវេទិការួមមួយសម្រាប់ការសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន និងយកច្បាប់ជាគោល។

ទី៣.ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្នយើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងប្រែក្លាយតំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការវិនិយោគប្រកបដោយភាពទាក់ទាញជាពិសេសតាមរយៈការដោះស្រាយបញ្ហារបាំងពន្ធនិងមិនមែនពន្ធនិងការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមកដើម្បីពន្លឿនការអនុវត្តនិងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ សកលលោក។

ទី៤.អាស៊ានត្រូវយកចិត្តទុកដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ចសំដៅបំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការពង្រឹង សហគ្រិនភាពនិងផ្ដល់ការគាំទ្រដល់សហគ្រាសធុនមីក្រូតូចនិងមធ្យមការពង្រឹងវិស័យអប់រំសុខាភិបាលនិងកិច្ចគាំពារសង្គម ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង។

ទី៥. អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផល ប្រយោជន៍ឱ្យបានជាអតិបរមាពីសក្តានុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ចការវិនិយោ,ពាណិជ្ជកម្មនិងនយោបាយក៏ដូចជាការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ ឱ្យបានយ៉ាងឆាប់រហ័ស៕


Source: ក្រសួងព័ត៌មាន

Share.

Comments are closed.