ថ្លែងក្នុងកិច្ចប្រជុំ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល លើកទី១ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈ កម្មាធិការរដ្ឋាភិបាលឌីជីថល បានមានប្រសាសន៍ថា គោលដៅរួមនៃ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺសម្រេចចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្ត ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ” ស្របតាមការចង្អុលបង្ហាញក្នុងគោល នយោបាយ រដ្ឋាភិបាលឌីជីថល ២០២២-២០៣០។

ឯកឧត្តមបញ្ជាក់ថា ដើម្បីសម្រេចបានគោលនយោបាយនេះ គឺមានគោលដៅជាយុទ្ធសាស្ត្រចំនួន៤ រួមមាន ទី១) ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល ទី២) ការកសាងអភិបាលកិច្ចនិង សេវាសាធារណៈឌីជីថល ទី៣) ការកសាងសមត្ថភាពនិងនវានុវត្តន៍ឌីជីថល និង ទី៤) ការលើកកម្ពស់កិច្ច សហការនិងភាពជាដៃគូរវាងរដ្ឋនិងឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីសកម្មភាពអាទិភាពរបស់ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងប្រព័ន្ធផ្ទៃក្នុងក្រសួង ស្ថាប័នស្របតាមស្តង់ដារជា មូលដ្ឋានមួយ។

ឯកឧត្តមរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់មតិ យោបល់ពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានណែនាំឱ្យក្រុមការងារធ្វើការកែសម្រួលរៀបចំ ស្របតាមស្មារតីនៃកិច្ចប្រជុំដើម្បីជាមូលដ្ឋាន សម្រាប់ដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម ឌីជីថល។

Share.

Comments are closed.