លោកស្រី Sherry Rehman រដ្ឋមន្ត្រីក្រសួងការប្រែប្រួលអាកាសធាតុរបស់ ប្រទេសប៉ាគីស្ថានបានអំពាវនាវឱ្យមានការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីទប់ទល់ នឹងវិបត្តិអាកាសធាតុ ដោយនិយាយថា ប្រទេសប៉ាគីស្ថានបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការដើរតួនាទី របស់ខ្លួនក្នុងរឿងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

លោកស្រី Rehman បាននិយាយថា “ការប្រែប្រួលអាកាសធាតុមិនមានព្រំដែនទេ ហើយយើងចែករំលែកខ្យល់ ដែលយើង ដកដង្ហើម។ប៉ាគីស្ថានទន្ទឹងរង់ចាំធ្វើការជាមួយប្រទេសទាំងអស់ដើម្បីវិនិយោគក្នុងអនាគត និងមានសុខភាព ល្អ”។ ប៉ាគីស្ថានបច្ចុប្បន្នកំពុងឆ្លងកាត់ការបំផ្លិចបំផ្លាញនៃមហន្តរាយអាកាសធាតុ បើទោះបី ជាបានរួមចំណែកតិចជាង ១ ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកលក៏ដោយ។យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឱ្យដឹងថា ទឹកជំនន់ដែលទាក់ទងនឹងការប្រែប្រួល អាកាសធាតុនាពេលថ្មីៗនេះ បានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងប្រទេសប៉ាគីស្ថាន ដោយបានប៉ះពាល់ ដល់មនុស្សជាង ៣៣ លាននាក់ ហើយបានសម្លាប់មនុស្សជាង ១,៣០០ នាក់ និងរបួសជាង ១២,០០០ នាក់ ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។លោកស្រីបានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសនេះឈរនៅ ជួរមុខនៃគ្រាអាសន្នផ្នែកបរិស្ថានពិភពលោក៕

Share.

Comments are closed.