រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ដុន ប្រាមុដវីណៃ ថា ប្រទេសរុស្ស៊ីកំពុងធ្វើការជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីយ៉ូ ហ្គូតេរេស ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ស្តីពីការចូលទៅកាន់ទីផ្សារសកលលោករបស់ផលិតផលកសិកម្មរុស្ស៊ី។

លោកបាននិយាយថា «យើងកំពុងធ្វើការជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាមួយបុគ្គលិករបស់លោក ដូច្នេះកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុលរវាងអង្គការសហប្រជាជាតិ និងសហព័ន្ធរុស្ស៊ី ត្រូវបានអនុវត្តដោយលេខាធិការដ្ឋានអង្គការសហប្រជាជាតិ»។

ទន្ទឹមនឹងនេះដែរ លោក ឡាវ៉ូវ បាននិយាយថា លោកខាងលិចមិនបានបំពេញតាមការសន្យារបស់ខ្លួនក្នុងការអនុវត្តផ្នែកមួយនៃអនុស្សរណៈរវាងសហព័ន្ធរុស្ស៊ីជាមួយអង្គការសហប្រជាជាតិ ស្តីពីការចូលទៅកាន់ទីផ្សារសកលលោករបស់គ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី នោះទេ។ រដ្ឋមន្ត្រីរូបនោះបាននិយាយថា «សហការីលោកខាងលិចរបស់យើងមិនធ្វើដូចនឹងអ្វីដែលបានសន្យាដោយអគ្គលេខាធិការអង្គការសហប្រជាជាតិទេ ពោល គឺពួកគេមិនបានធ្វើការសម្រេចចិត្តដកចេញនូវទណ្ឌកម្មផ្នែកដឹកជញ្ជូនដែលរារាំងដល់ការចូលទៅកាន់ទីផ្សារសកលលោករបស់គ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីដោយសេរីនោះទេ»។

កញ្ចប់ឯកសារមួយសម្រាប់ដោះស្រាយបញ្ហាការផ្គត់ផ្គង់អាហារ និងជីនៅលើទីផ្សារសកលលោកត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២២2 ខែកក្កដា នៅទីក្រុងអ៊ីស្តង់ប៊ុល។ ឯកសារមួយក្នុងចំណោមឯកសារទាំងនោះ គឺយន្តការនៃការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅដែលគ្រប់គ្រងដោយអ៊ុយក្រែន។ កិច្ចព្រមព្រៀងមួយរវាងរុស្ស៊ី តួកគី និងអង្គការសហប្រជាជាតិ បានបង្កើតមជ្ឈមណ្ឌលសម្របសម្រួលរវាងភាគីទាំងបួន ដើម្បីស្វែងរកនាវាដឹកគ្រាប់ធញ្ញជាតិ ដើម្បីការពារការរត់ពន្ធអាវុធ និងជៀសវាងការបង្កហេតុនានា៕

Share.

Comments are closed.