ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយលោក Sun Yao Guo ប្រធានវិស្វករ ដើម្បីពិនិត្យពិភាក្សា លើចំណុចត្រូវធ្វើឱ្យប្រសើរឡើង នូវការងារដែលនៅសេសសល់ និងត្រៀមដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាពេលឆាប់ៗខាងមុខ នៅថ្ងៃ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលបានអនុវត្តន៍ការងារសាងសង់លឿនជាងគម្រោង ដែលបានគ្រោងទុកក្នុងកិច្ចសន្យា។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានដាក់ផែនការឱ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយការងារដែលនៅសេសសល់ យកមកពិភាក្សារកដំណោះស្រាយ ឱ្យបានរួចរាល់ ដើម្បីត្រៀមដាក់ឱ្យដំណើរការសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះសម្រេចបាន ៩៦,៦០ភាគរយ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងក្លាយជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្រ្តសំខាន់បំផុត ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងថយមកប្រមាណពីរម៉ោងប៉ុណ្ណោះ ព្រមទាំងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ។

Share.

Comments are closed.