ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្នើ រដ្ឋាភិបាលកូរ៉េ បន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល ក៏ដូចជាជួយគាំទ្រគម្រោង មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដើម្បីជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នៅកម្ពុជា។

ក្នុងវេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ និងតាមប្រព័ន្ធសន្និសីទវីដេអូ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសរំលេចនូវ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២- ២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាផ្តោតលើចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈ ឱ្យកាន់តែល្អ ប្រសើរ” ដែលមានយន្តការថ្នាក់ជាតិដឹកនាំ សម្របសម្រួល និងអនុវត្តដោយមានការរៀបចំ គណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល និងអង្គភាពទទួលបន្ទុកបដិវត្តន៍កម្មឌីជីថល នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ។ ដើម្បីសម្រេចបានគោលនយោបាយនេះ មានគោលដៅជាយុទ្ធសាស្ត្រចំនួន៤ រួមមាន ទី១) ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល ទី២) ការកសាងអភិបាលកិច្ចនិង សេវាសាធារណៈឌីជីថល ទី៣) ការកសាងសមត្ថភាពនិងនវានុវត្តន៍ឌីជីថល និង ទី៤) ការលើកកម្ពស់ កិច្ចសហការ និងភាពជាដៃគូវាងរដ្ឋនិងឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Chang-Seob Han អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ ។ ក្នុងកិច្ចប្រជុំនេះ ភាគីកូរ៉េបានធ្វើបទបង្ហាញ ពីវឌ្ឍនភាពភាព និងទិសដៅការងារគម្រោងរដ្ឋាភិបាលឌីជីថលគាំទ្រដោយរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដែលរួមមានជាអាទិ៍ការស្រាវជ្រាវ ការរៀបចំបទប្បញ្ញត្តិ និងការកសាង សមត្ថភាព ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការ គាំទ្រការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បង្ហាញជូនភាគីកូរ៉េ អំពីការងារអាទិភាព និងសមិទ្ធផលរបស់ក្រសួងក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ ដែលរួមមាន ការរៀបចំបទដ្ឋានគតិយុត្ត គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាព ការកៀរគរ ចំណូលជូនរដ្ឋ។-ល-។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើរដ្ឋាភិបាលកូរ៉េ បន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល ក៏ដូចជា ជួយគាំទ្រគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដែលជាគំនិតផ្តួចផ្តើមមានទិសដៅជំរុញការទទួលយកបច្ចេកវិជ្ជាឌីជីថល (Digital Adoption) នៅកម្ពុជា។

ភាគីកូរ៉េក៏បានកោតសរសើរពីសមិទ្ធផលដែលក្រសួងសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ និងចក្ខុវិស័យ ដ៏ច្បាស់លាស់របស់ក្រសួង។ ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ភាគីកូរ៉េ នឹងលើកសំណើនេះ ទៅពិភាក្សាជាមួយក្រសួងការបរទេសកូរ៉េ ដើម្បីពិនិត្យលទ្ធភាពគាំទ្រកម្ពុជា។

ព្រឹត្តិការណ៍វេទិការដ្ឋាភិបាលឌីជីថល និងកិច្ចប្រជុំទេ្វភាគីកម្ពុជា-កូរ៉េនេះ បានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យ វែងឆ្ងាយលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ ជាពិសេសការទទួលធ្វើជា ម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ បានសបញ្ជាក់ឱ្យឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា ដែលជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងទិសដៅបង្ហាញពីស្ថានភាព និងវឌ្ឍនភាព រដ្ឋាភិបាល ឌីជីថលនៅកម្ពុជា ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍របស់រដ្ឋាភិបាលឌីជីថល កូរ៉េ ជូនដល់ក្រសួង ស្ថាប័ន ក្នុងវិស័យសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ ក្រសួងព៍ត៌មាន​

Share.

Comments are closed.