ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងថា ជំនួបរវាង សមាគមភស្តុភារកម្មកម្ពុជា (CLA) និងសមាគមភស្តុភារកម្មពាណិជ្ជកម្មវៀតណាម (VLA) ទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ ដែលនឹងជួយឱ្យវិស័យដឹកជញ្ជូននិងភស្តុភារកម្មកាន់តែរីកចម្រើន ខណៈដែលវិស័យមួយនេះមានសារសំខាន់បំផុត សម្រាប់កំណើនសេដ្ឋកិច្ចជាតិរបស់ប្រទេសនីមួយៗលើសក លលោក ។

     ថ្លែងប្រាប់អ្នកសារព័ត៌មានវិទ្យុជាតិកម្ពុជា ក្នុងឱកាសដឹក នាំគណៈប្រតិភូសមាគមភស្តុភារកម្មកម្ពុជាចូលរួមប្រជុំជាមួយសមាគមភស្តុភារកម្មពាណិជ្ជកម្មវៀតណាម (VLA) នៅប្រទេសវៀតណាម

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) បានមាន ប្រសាសន៍ថា សមាគមភស្តុភារកម្មកម្ពុជា (CLA) និងសមាគមភស្តុភារកម្មពាណិជ្ជកម្មវៀតណាម (VLA) តែងតែមានការជួបពិភាក្សាការងារលើវិស័យដឹកជញ្ជូននិងភស្តុភារកម្មជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារមានបញ្ហាប្រឈមនៃជំងឺកូវីដ១៩ បានធ្វើឱ្យជំនួបពិភាក្សាត្រូវបានអាក់ខានរយៈពេល២ឆ្នាំកន្លងមកហើយ ។

លោកឧកញ៉ា បានបន្តថា សម្រាប់ឆ្នាំ២០២២នេះ សមាគមទាំងពីរ ក៏បានរៀបចំឱ្យមានការជួបពិភាក្សាគ្នាជាថ្មីម្ដងទៀត ក្នុងគោលបំណងឱ្យក្រុមហ៊ុនដែលជាសមាជិករបស់ CLA ជួបជាមួយក្រុម ហ៊ុនសមាជិករបស់ VLA ដើម្បីមានឱកាសចាប់ដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើវិស័យដឹកជញ្ជូនអន្តរជាតិនិងភស្តុភារកម្ម ។

លោកឧកញ៉ា បានបន្តទៀតថា ការជួបពិភាក្សាគ្នានេះ ក៏បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក ពិនិត្យពីស្ថានភាពជាក់ស្ដែងនៅតាមកំពង់ផែ ពិភាក្សាពីបញ្ហាប្រឈមមួយចំនួន នៃដំណើរ ការដឹកជញ្ជូន ជាពិសេសកំណត់ទិសដៅមួយច្បាស់ លាស់ ដើម្បីធ្វើឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យមួយនេះ កាន់តែរីកចម្រើនបន្ថែមទៀត ។

«នៅក្នុងការជួប ពិភាក្សានេះ គឺយើងទទួលបានលទ្ធផលល្អប្រសើរ ណាស់ យើងបានសិក្សាពីគ្នាអំពីគោលនយោបាយនាំចេញ នាំចូល និងបែបបទពាក់ព័ន្ធនានា ជាពិសេសបានសិក្សាស៊ីជម្រៅជាមួយគ្នា ដោយ មានការប្រជុំពិភាក្សា ហើយក៏មានការទស្សនកិច្ចផ្ទាល់នៅកំពង់ផែសមុទ្រនៅប្រទេសវៀតណាម ដូច្នេះសម្រាប់ការងារនេះ និយាយឱ្យចំគឺយើងទទួលបានផលវិជ្ជមានច្រើន ដែលផលវិជ្ជមាននោះគឺទី១ យើងបានជួបគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន ទី២ យើងបានផ្លាស់ប្តូរ ព័ត៌មានពីគ្នាទៅវិញទៅមក បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្រាល ជាពិសេសនោះ គឺការទៅបានទស្សនកិច្ចផ្ទាល់នៅកំពង់ផែប្រទេសវៀតណាមនេះ ហើយយើងក៏មានការសិក្សាពីផលជាក់ស្ដែង និងសិក្សាពីអាជ្ញាធរផែ លើវិស័យដឹកជញ្ជូននេះ » ។

សូមបញ្ជាក់ថា ជំនួបពិភាក្សារវាងសមាគមភស្តុភារកម្មកម្ពុជា(CLA)និងសមាគម ភស្តុភារកម្មពាណិជ្ជកម្មវៀតណាម (VLA) មានរយៈពេល២ថ្ងៃគឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ខែ សីហា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្រ្គែន សៃហ្កន (Grand Saigon Hotel) នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ ក្នុងនោះ សមាគមភស្តុភារកម្មកម្ពុជា(CLA) មានការដឹកនាំដោយ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម អមដំណើរដោយក្រុមប្រឹក្សានាយក និងក្រុមលេខាធិការដ្ឋានបានដឹកនាំសមាជិកជិត ៥០ក្រុមហ៊ុន ដើម្បីពិភាក្សាជាមួយសមាជិកនៃសមាគមភស្តុភារកម្មពាណិជ្ជកម្មវៀតណាម (VLA) ចំនួនប្រហែលជិត៥០ក្រុមហ៊ុន នៃវិស័យភស្តុភារកម្ម និងដឹក ជញ្ជូនអន្តរជាតិ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.