ក្រសួងការពារជាតិរុស្ស៉ី បានទទួលស្គាល់ជាលើកដំបូងថាការផ្ទុះនៅឯឃ្លាំងយោធាមួយកន្លែង ស្ថិតនៅភាគខាងជើងនៃតំបន់គ្រីមៀដែលបង្ខំឱ្យអាជ្ញាធរ ជម្លៀសមនុស្សជាង ៣,០០០នាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ គឺជា «ទង្វើវិច្ឆេទកម្ម»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។

ការផ្ទុះជាច្រើនលើកបានកើតឡើងនៅឯឃ្លាំងស្ដុកគ្រាប់រំសេ វមួយ ស្ថិតនៅក្បែរភូមិ ម៉ៃស្កូយ៉េ (Mayskoye) ដោយបានធ្វើឱ្យសេវាធ្វើដំណើរតាមរថភ្លើង និងការផ្គត់ផ្គង់ថាមពល ត្រូវបានផ្អាកជាបណ្ដោះអាសន្ន បើទោះជាមិនមានអ្នករងរបួសធ្ងន់ក៏ដោយ។ ហេតុការណ៍ផ្ទុះនេះកើតមានឡើង បន្ទាប់ពីកាលពីសប្ដាហ៍មុន ក៏មានការផ្ទុះជាច្រើនលើក នៅឯមូលដ្ឋានទ័ពអាកាសរុស្ស៉ី ក្នុងតំបន់គ្រីមៀផងដែរ ហើយនៅពេលនោះក្រុមមន្ត្រីរុស្ស៉ីបានអះអាងថាការផ្ទុះនេះគ្រាន់តែគ្រោះថ្នាក់ ចៃដន្យតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាសែតរុស្ស៉ី កុមមឺសាន់ (Kommersant) «ទង្វើវិច្ឆេទកម្ម» អាចនឹងបន្តកើតមានក្នុងតំបន់គ្រីមៀ ខណៈសារព័ត៌មាន TASS បានរាយការណ៍ដោយ ផ្អែកលើការស្រង់សម្ដីពីក្រសួងការពារជាតិរុស្ស៉ីថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពិតជាត្រូវបានបំផ្លាញដោយ «ទង្វើវិច្ឆេទកម្ម» ដែលនេះជាគឺការទទួលស្គាល់ដ៏កម្រមួយ ថាក្រុមប្រដាប់អាវុធស្មោះស័្មគ្រនឹងអ៊ុយក្រែន ជាអ្នកបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់គ្រីមៀ ដែលរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ប៉ុន្តែ ខាងទីក្រុង កៀវ មិនទាន់បានទទួលស្គាល់ ហើយក៏មិនបានបដិសេធថាតើខ្លួនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងតំបន់គ្រីមៀ ឬក៏យ៉ាងណានោះទេ៕

កូរ៉េខាងជើងបាញ់តេស្តមីស៉ីលគ្រូសចំនួន ២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រលឿង


មន្រ្តីយោធាកូរ៉េខាងត្បូងម្នាក់បានអះអាងថា កូរ៉េខាងជើងទំនងជាបានធ្វើតេស្តបាញ់ មីស៉ីលគ្រូសចំនួន២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រលឿង នាថ្ងៃពុធនេះ ពោលគឺនៅក្នុងថ្ងៃតែមួយ ដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ធ្វើសន្និសីទសារព័ត៌មាន នាឱកាសខួប១០០ថ្ងៃ នៃការស្បថចូលកាន់អំណាចរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។

កាលពី២ថ្ងៃមុន ដែលជាទិវាឧបទ្វីបកូរ៉េត្រូវបានរំដោះចេញពី ការគ្រប់គ្រងរបស់ជប៉ុននោះ លោក យូន បាននិយាយរៀបរាប់អំពី គម្រោងកិច្ចផ្តួចផ្តើមរបស់លោក ដែលសំដៅចង់ជួយលើកកម្ពស់ សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ក្នុងករណីដែលទីក្រុងព្យុងយ៉ាង សម្រេចសុខចិត្តទទួលយក ការរំសាយអាវុធនុយក្លេអ៊ែរ។

សម្រាប់ការធ្វើតេស្តខាងលើ វាគឺជាសកម្មភាពតេស្ត មីស៉ីលគ្រូសលើកដំបូងរបស់កូរ៉េខាងជើង គិតចាប់តាំងពីខែមករា ឆ្នាំនេះ។ ម៉្យាងវិញទៀត វាកើតឡើងតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់កងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិក បានចាប់ផ្តើមការធ្វើលំហាត់យោធាជាបឋម នៅមុនការប្រារព្ធសមយុទ្ធធំប្រចាំឆ្នាំ ហៅថា អ៊ុលជី ហ្វ្រីដឹម សៀល (Ulchi Freedom Shield)។

គួរបញ្ជាក់ថា ខណៈកូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឱ្យបាញ់តេស្ត មីស៉ីលផ្លោងបាលីស្ទីគ នៅក្រោមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក៏ដោយ ការធ្វើតេស្តមីស៉ីលគ្រូស គឺមិនបំពានសេចក្តីសម្រេចទាំងនោះឡើយ៕

ប្រភព៖ Fresh News

Share.

Comments are closed.