AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ — លោកជំទាវព្រឹទ្ធសមាជិក Penny Wong រដ្ឋមន្ត្រីក្រសួងការបទេសអូស្រ្តាលីបានកោតសរសើរចំពោះសាលា ACE ដោយចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ការអប់រំបែបអូស្ត្រាលីទៅកាន់ប្រជាពលរដ្ឋកម្ពុជា ហើយជាសមិទ្ធផលដែលសិស្សានុសិស្សរបស់ ACE បានប្រើប្រាស់ជំនាញភាសាអង់គ្លេសរបស់ខ្លួនដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ ការលើកឡើងរបស់លោកជំទាវរដ្ឋមន្រ្ដីការបរទេសអូស្រ្ដាលីនេះ ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាល (ACE) សាខាចាក់អង្រែ ដែលជាសាខាទី ៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវព្រឹទ្ធសមាជិក Penny Wong រដ្ឋមន្ត្រីក្រសួងការបទេសអូស្រ្តាលី និងនាយកស្ថាប័ន IDP Education នៅកម្ពុជា និងជានាយកសាលា ACE លោកម៉ៅ ស្រេង កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២។

លោកជំទាវព្រឹទ្ឋសមាជិក Penny Wong បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាល និងប្រើប្រាស់ជំនាញភាសាអង់គ្លេសរបស់សិស្សានុសិស្សនេះ គឺដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលី ហើយត្រឡប់មកបំពេញការងារដែលពួកគេពេញចិត្ត បង្កើតអាជីវកម្មនានា និងធ្វើជាស្ពានដើម្បីភ្ជាប់សហគមន៍ក្នុងប្រទេស ទៅកាន់សហគមន៍ដទៃទៀតលើពិភពលោក។លោកជំទាវរដ្ឋមន្រ្តីបានលើកឡើងពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃសាខាសាលា ACE ថ្មីនេះ ដោយបញ្ជាក់ថា កាលពី ៣០ ឆ្នាំមុន នាយករដ្ឋមន្ត្រីអូស្រ្តាលី Paul Keating និងអតីតរដ្ឋមន្ត្រីការបរទេស Gareth Evans បានទទួលស្គាល់ពីតម្លៃនៃកិច្ចសហការគ្នារវាងប្រទេសរួមតំបន់។ លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា “សាលា ACE ថ្មី ស្ថិតតាមដៃទន្លេបាសាក់ ដែលយើងកំពុងបើកនេះនឹងផ្តល់ឱកាសឱ្យយុវជន និងយុវនារីជាច្រើននាក់ទៀតនូវជំនាញភាសាអង់គ្លេស ដើម្បីទទួលបានឱកាសផ្សេងៗក្នុងនាមជាពលរដ្ឋអន្តរជាតិ។ ទាំងនេះ សបញ្ជាក់អំពីតម្លៃនៃកិច្ចសហការគ្នារវាងប្រទេសរួមតំបន់ និងអនាគតរួមគ្នា”។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ឆ្នាំនេះ កម្ពុជា និងអូស្ត្រាលី ប្រារព្ធខួបទី ៧០ នៃទំនាក់ទំនងការទូត ខណៈដែលប្រទេសទាំងពីរមានចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការរឹងមាំប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា “ចាប់តាំងពីឆ្នាំ១៩៩២ មកសាលា ACE បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញភាសាអង់គ្លេសសម្រាប់សិស្សានុសិស្សកម្ពុជា មន្ត្រីរដ្ឋាភិបាល និងសិស្ស និស្សិតទូទៅគ្រប់កម្រិត”។ នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education នៅកម្ពុជា និង ជានាយកសាលា ACE លោក ម៉ៅ ស្រេង បានលើកឡើងថា អគារសាលានេះពីមុនជារោងចក្រកាត់ដេរដ៏ធំមួយ ហើយយើងបានកែប្រែនិងបំពាក់បរិក្ខារឱ្យក្លាយជាអាគារសាលារៀនកម្រិតពិភពលោកក្នុងឆ្នាំ២០២០។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ ១៩ សាលាក៏ត្រូវបានបិទ ហើយផ្លាស់ប្តូរទៅការរៀនពីចម្ងាយតាមរយៈប្រព័ន្ធឌីជីថល។ លោកនាយកបានបន្ដថា ក្នុងមួយឆ្នាំ សាលា ACE មានសិស្សចុះឈ្មោះចូលរៀនប្រមាណជា ៨ ម៉ឺននាក់ទូទាំងប្រទេស ហើយអាគារថ្មីនេះ នឹងអនុញ្ញាតឱ្យសាលាទទួលសិស្សរៀនបានកាន់តែច្រើនបន្ថែមទៀត។ ទន្ទឹមនឹងវិសាលភាព ACE ទទួលបានពានរង្វាន់ដែលជាសាលាភាសាល្អជាងគេលើពិភពលោកនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសកាលពីឆ្នាំ២០២១ ហើយក៏ជាសាលាដំបូងគេបង្អស់ក្រៅតំបន់អឺរ៉ុបដែលទទួលបានពានរង្វាន់នេះ ក្រោមការជ្រើសរើសដោយគណកម្មការចំនួន ៤៣ រូប មកពីសាកលវិទ្យាល័យ ស្ថាប័នអប់រំ និង អ្នកជំនាញមកពី ២៥ ប្រទេសទូទាំងពិភពលោក។ លើសពីនេះ ស្ថាប័ន IDP ក៏បានផ្តល់ការធ្វើតេស្តភាសាអង់គ្លេស IELTS និងការប្រឹក្សាពីការសិក្សានៅបរទេសទៅកាន់ប្រទេសរួមមាន អូស្ត្រាលី ណូវែលសេឡង់ កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអៀរឡង់។ លោក ម៉ៅ ស្រេង បានបន្ថែមថា៖ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ មាន សិស្សានុសិស្សជាងកន្លះលាន នាក់ មកពីបណ្តាប្រទេសជាង ២០ បានចូលរៀននៅសាលា ACE និងមានសិស្សានុសិស្សកម្ពុជាប្រមាណ ១ ម៉ឺននាក់ បានមកទទួលការប្រឹក្សាមុនទៅបន្តការសិក្សានៅបរទេស។ លោកក៏បានគូសបញ្ជាក់ផងដែរពីសមិទ្ធផលរបស់សាលា ACE ជាង ៣០ ឆ្នាំ និងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និង កម្ពុជា។ លោក ម៉ៅ ស្រេង បានថ្លែងបញ្ជាក់ថា “ក្នុងរយៈពេល ២២ ឆ្នាំ របស់ខ្ញុំ នៅស្ថាប័ន IDP និងសាលា ACE កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងបានដើរតួនាទីក្នុងការបង្កើតឱ្យមានអ្នកដឹកនាំជំនាន់ក្រោយ ព្រមទាំងបន្តពង្រឹង និងធ្វើឱ្យសហគមន៍ខ្មែរ និង អូស្ត្រាលី រីកចម្រើនទៅមុខជាលំដាប់ ស្របពេលដែលពួកយើងប្រារព្ធខួបទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ។ ឆ្នាំនេះក៏ជាខួបអបអរសាទរទី ៣០ របស់ស្ថាប័នក្នុងការផ្តល់ជូនការអប់រំដែលមានស្តង់ដារអន្តរជាតិ និងការរួមចំណែកដ៏សំខាន់លើវិស័យអប់រំ”៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.