ប្រមុខការទូតអាស៊ាន និង អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ជាផ្លូវការ ដើម្បីពិភាក្សានិងដោះស្រាយបញ្ហាជាច្រើនក្នុងតំបន់ ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលជាកិច្ចប្រជុំពេញអង្គបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហានេះ ដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងការបរ ទេសនិងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

តាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរ ទេសអាស៊ានលើកទី៥៥ បានផ្តោតលើការពិភាក្សាផ្លាស់ប្ដូរយោបល់លម្អិតពាក់ព័ន្ធស្ថាន ភាពក្នុងតំបន់ និងសកល នាពេលបច្ចុប្បន្ន មានការកសាងសហគមន៍អាស៊ាន និងបញ្ហាតំបន់មួយចំនួនទៀត ដែលកំពុងកើតមានឡើងនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅក្រៅតំបន់អាស៊ានផងដែរ ។

បន្ថែមទៀតនោះ កិច្ចប្រជុំពេញអង្គ នឹងជំរុញដំណើរការនៃការកសាងសហគមន៍អាស៊ាន ការងារអាទិភាពនិងលទ្ធផលសំខាន់ៗរបស់អាស៊ានក្នុងឆ្នាំ២០២២ ការស្នើចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ លទ្ធផលនៃទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូ ការងាររបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ក្នុងការ រៀបចំចក្ខុវិស័យនិងបញ្ហាតំបន់និងសកលដូចជា បញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង បញ្ហាភូមិសាស្ត្រនយោបាយ ផងដែរ ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន AMM ត្រូវបានបង្កើតឡើងតាមសេចក្តីប្រកាសនៅទីក្រុងបាងកក ក្នុងឆ្នាំ១៩៦៧ ទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខរបស់អាស៊ាន ក៏ដូចជាទំនាក់ទំនងរបស់អាស៊ានជាមួយភាគីខាងក្រៅក្នុងអាស៊ាន ។ AMM ជួបប្រជុំយ៉ាងតិចបួនដងក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហាដែលត្រូវការការយកចិត្តទុកដាក់ភ្លាមៗពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សាជាទៀងទាត់អំពីកិច្ចខិតខំប្រឹង ប្រែងកសាងសហគមន៍អាស៊ាន ទិសដៅអនាគតជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ។

ក្នុងការបំពេញមុខងាររបស់ខ្លួន AMM ត្រូវបានជួយដោយ ASEAN senior official’s meeting (ASEAN SOM) ដែលប្រជុំប្រហែលប្រាំបីដងក្នុងមួយឆ្នាំ។ ពួកគេក៏អាចកោះប្រជុំពិសេសនៅពេលចាំបាច់ ។ ក្នុងនាមជាស្ថាប័នបុត្រសម្ព័ន្ធរបស់ AMM កិច្ចពិភាក្សា និងអនុសាសន៍របស់ SOM អាស៊ានត្រូវបានដាក់ជូន AMM សម្រាប់ការពិចារណាបន្ថែម។

AMM បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដែលបង្ហាញពីការពិភាក្សា ស្តីពីការកសាងសហគមន៍អាស៊ានលើសសរស្តម្ភសហគមន៍ទាំងបី ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ AMM ក៏ចេញសេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍន៍សំខាន់ៗនៅក្នុងតំបន់ និងពិភពលោកដែលអាចប៉ះពាល់ដល់អាស៊ានផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.