រដ្ឋមន្រ្ដីការបរទេសកម្ពុជា ជំរុញឱ្យបណ្តាសមាជិកអាស៊ានទាំងអស់ ត្រូវសាមគ្គីគ្នា និងរក្សាឯកភាពតែមួយ ដើម្បីចូលរួមដោះស្រាយប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជំរុញឱ្យបណ្តាប្រទេសអាស៊ានទាំងអស់ ត្រូវសាមគ្គីគ្នា និងរក្សាឯកភាពតែមួយ ដើម្បីចូលរួមដោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងធានាសន្តិភាពទាំងនៅក្នុងថ្នាក់តំបន់ និងអន្តរជាតិ។ ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី តាមរយៈសុន្ទរកថាគន្លឹះនៅក្នុងសិក្ខាសាលាស្តីពី “ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩” នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ក្នុងស្ថានការណ៍តំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន គឺពិតជាចាំបាច់ក្នុងការពង្រឹងការប្តេជ្ញារួមចំពោះតួនាទីស្នូលរបស់អាស៊ាន ការឯកភាព និងភាពរឹងមាំ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា ការសម្រេចចិត្តរបស់កម្ពុជាចូលជាសមាជិកអាស៊ាន គឺផ្អែកលើគោលការណ៍ គោរពគ្នាទៅវិញទៅមកជុំវិញឯករាជ្យភាព, អធិបតេយ្យ, បូរណភាពដែនដី, សមភាព និងការមិនជ្រែតជ្រៀងកិច្ចការផ្ទៃក្នុង បើទោះមានសម្ពាធពីខាងក្រៅ។

សូមជម្រាបជូនថា សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានទស្សនវិស័យអាស៊ី ក្នុងគោលបំណង

គឺដើម្បីជំរុញការយល់ដឹងអំពីអាស៊ានកាន់តែច្រើន ជាពិសេសគឺដើម្បីប្រមូល និងរំលេចការចូលរួមចំណែករបស់កម្ពុជាក្នុងការធ្វើសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន ផលប្រយោជន៍ប្រជាជនអាស៊ាន និងស្ថិរភាព សន្តិភាព និងសុខដុមរមនាក្នុងតំបន់។

បើតាមឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយក៏ជាលើកទីបី ចាប់តាំងពីកម្ពុជាក្លាយជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ទាំងកម្ពុជា និងអាស៊ានបានវិវត្ដន៍ច្រើនសន្ធឹកសន្ធាប់ ជាពិសេសអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកម្ពុជាបានចូលរួមជាមួយគ្រួសារអាស៊ានក្នុងការធ្វើសមាហរណកម្ម និងការកសាងសហគមអាស៊ានប្រកបដោយវឌ្ឍនភាព។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា “ជាក់ស្តែងអាស៊ានបានជួបប្រទះនឹងបញ្ហាប្រឈមធំៗ ក្នុងតំបន់ និងពិភពលោកជាច្រើន ប៉ុន្តែខ្ញុំពិតជាមានមោទនភាពចំពោះសមិទ្ធផលទាំងឡាយដែលយើងបានកសាង។ ទន្ទឹមនេះដែរ ខ្ញុំក៏មានមោទនភាពដែលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ ហើយកម្ពុជានឹងបន្តធ្វើការងារនេះសម្រាប់អនាគតរួមរបស់សមាគមអាស៊ានរបស់យើង”៕

 

សហរដ្ឋអាមេរិក ព្រមានកូរ៉េខាងជើងពីទណ្ឌកម្ម UN ដ៏ធ្ងន់ធ្ងរ បើហ៊ានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

សហរដ្ឋអាមេរិក បានព្រមានថាខ្លួននឹងព្យាយាមជាថ្មីដើម្បីស្វែងរកកញ្ចប់ទណ្ឌកម្មអង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ បន្ទាប់ពីសេចក្ដីព្រាងដំណោះស្រាយដាក់ទណ្ឌកម្មមួយរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូ កាលពីសប្ដាហ៍មុន។ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) ធ្វើការព្រមានខាងលើ នៅពេលត្រូវបាន សាកសួរដោយអ្នកសារព័ត៌មានថាតើសហរដ្ឋអាមេរិកនឹងព្យាយាមជាថ្មីដើម្បីស្វែងរកកញ្ចប់ទណ្ឌកម្ម នៅឯក្រុមប្រឹក្សាសន្តិសុខ UN ដែរឬទេ ប្រសិនបើ កូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ លោកស្រី ថូម៉ាស់ គ្រីនហ្វៀល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះដូច្នេះថា «រឿងដំបូងគេ នោះគឺយើងត្រូវពង្រឹងការអនុវត្តទណ្ឌកម្មដែលមានស្រាប់ ហើយជាការពិតណាស់ យើងបានព្យាយាមសម្រេចឱ្យបាននូវដំណោះស្រាយចុងក្រោយនេះ ក៏ដូចជានឹងជំរុញកញ្ចប់ទណ្ឌកម្មបន្ថែមនៅពេលអនាគត»

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅតែជឿជាក់ថាកូរ៉េខាងជើងកំពុងរៀបចំត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើក ដំបូងចាប់តាំងពីឆ្នាំ២០១៧មក បើទោះជាទីក្រុងព្យុងយ៉ាងមិនបានធ្វើតេស្ដកំលុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន មកកាន់តំបន់អាស៊ីកាលពីខែឧសភា កន្លងទៅ ដូចការព្រួយបារម្ភរបស់ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកក៏ដោយ៕

លោក ហ្សេលេនស្គី អះអាងថា ទាហានអ៊ុយក្រែនចន្លោះ ៦០-១០០នាក់ស្លាប់ និង៥០០នាក់របួស ជារៀងរាល់ថ្ងៃ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយថា ជារៀងរាល់ថ្ងៃ មានកងកម្លាំងអ៊ុយក្រែន ប្រហែល ៦០ ទៅ១០០នាក់ បានបាត់បង់ជីវិត និងប្រហែល ៥០០នាក់ បានរងរបួស ក្នុងសង្រ្គាម។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក Newsmax លោក ហ្សេលេនស្គី បានថ្លែងយ៉ាងដូច្នេះថា «ស្ថានភាពដ៏លំបាកបំផុត នាពេលនេះ គឺនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដោយមានទាហានបាត់បង់ជីវិត៦០-១០០នាក់ និងរងរបួសខ្ទង់ ៥០០នាក់ រាល់ថ្ងៃ»។ លោក ហ្សេលេនស្គី បានអះអាងថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងការពារទឹកដីរបស់យើង នៅភាគខាងកើត ក៏ដូចជាទប់ទល់នឹងការវាយលុក នៅឯតំបន់ ខាកូវ (Kharkov)»

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ មន្រ្តីអ៊ុយក្រែនបានអះអាងថា រុស្ស៉ីបានកាន់កាប់ទឹកដីភាគច្រើន នៅទីក្រុងឧស្សាហកម្មក្នុងតំបន់ភាគខាងកើត គឺទីក្រុង ស៊ីវីយឺរ៉ូដូណេត (Sievierodonetsk) ខណៈហេដ្ឋារចនារសម្ព័ន្ធ រងការបំផ្លាញខ្ទិចខ្ទីដោយការទម្លាក់គ្រាប់បែក។ បើទោះបីជាទីក្រុងនេះមិនស្ថិតក្រោមការឡោមព័ទ្ធ ប៉ុន្តែស្ថានការណ៍ពេលនេះ គឺមិនអាចទាយទុកមុនបានឡើយ ស្របពេលដែលការបាញ់ផ្លោងរបស់រុស្ស៉ី មិនអាចឲ្យមានការនាំយកជំនួយ ចូលមកក្នុងទីក្រុងបាន ឬមួយក៏ការជម្លៀសមនុស្សចេញ។

Share.

Comments are closed.