សម្ដេចក្រឡា ហោម ស ខេង លើក ទឹកចិត្តដល់សមាគមទីក្រុង ប្រើប្រាស់ ភាសាបារាំង និងរដ្ឋបាលរាជធានីភ្នំពេញបន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្ថែមទៀត

សម្ដេចក្រឡាហោមស ខេងលើកទឹកចិត្តដល់សមាគមទីក្រុងប្រើប្រាស់ភាសាបារាំង និងរដ្ឋបាលរាជធានីភ្នំពេញបន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមនៃប្រទេសទាំងពីរ។ ក្នុងជំនួបសំដែងការគួរសមជាមួយលោក ព្យែរ បៃយ៉េ ( Mr.PIERRE BAILLET ) លេខាធិការអចិន្ត្រៃយ៍ នៃ សមាគមទីក្រុងប្រើប្រាស់ ភាសាបារាំង (AIMF) កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡា ហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងចូល រួមអបអរសាទរចំពោះទំនាក់ ទំនង និងកិច្ចសហប្របត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំង ជាមួយសាលារាជធានីភ្នំពេញ។ សម្ដេចក្រឡាហោម ស ខេង ក៏សំដែងនូវការគាំទ្រចំពោះលទ្ធផលនៃកិច្ចសហប្របត្តិការរវាងសមា គមទីក្រុងនិយាយភាសាបារាំងជាមួយនឹងសាលារាជធានីភ្នំពេញ និងគាំទ្រចំពោះសមិទ្ធផលនានាដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមកផងដែរ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏បានសំដែងការគាំទ្រ និងបន្តជំរុញលើកទឹកចិត្តដល់សមាគម និងរដ្ឋបាលរាជធានីភ្នំពេញបន្តនូវកិច្ចសហប្រតិ បត្តិការដ៏ល្អជាមួយគ្នាបន្ថែមទៀត។ សម្ដេចក្រឡាហោមបានចាត់ទុកទស្សនកិច្ចនេះថា ក៏ជាការលើកទឹកចិត្តមួយបន្ថែមទៀតដល់ទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងកម្ពុជា និងបារាំងដែលជាប្រទេសមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ។ សម្ដេចក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ព្យែរ បៃយ៉េ និងប្រតិភូក្នុងពេលនេះថាជាការជំរុញទឹកចិត្តដល់ យុវជនកម្ពុជាឱ្យបន្តចាប់យកឱកាសសិក្សាភាសាបារាំងកាន់តែច្រើនឡើងថែមទៀតផងដែរ។ ជាការឆ្លើយតប លោក ព្យែរ បៃយ៉េ បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានជម្រាបជូនសម្ដេចផងដែរថាលោក និងសហការី ពិតជាមានសេចក្ដីរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំងជាមួយសាលារាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ទំនាក់ ទំនងនិងកិច្ចសហប្រតិបត្តិការនេះ មិនផ្ដោតសំខាន់ទៅលើការនិយាយភាសាបារាំងនៅទីក្រុងដែលជាសមាជិករបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងនិងកិច្ចសហប្របត្តិការនេះ ក៏ផ្ដោតទៅលើគោលបំណងនៃការអភិវឌ្ឍគាំទ្រដល់ការកសាងស្ដារនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបង្កើតនូវថ្នាលបច្ចេកវិទ្យាផងដែរ។ ឯកឧត្តមក៏បានបន្ថែមថា សមិទ្ធផលមួយ ចំនួនដែលសម្រេចបានកន្លង មកដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញដែលគម្រោងទាំងនោះបានផ្តល់ផលជាវិជ្ជមានដល់ផ្នែកសង្គម ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសទៀតនោះគឺគម្រោងទាំងនោះបានផ្តល់នូវសិទ្ធិអំណាចទៅដល់អ្នកដឹកនាំនៅក្នុងមូលដ្ឋាននោះផ្ទាល់។ ឆ្លើយតបចំពោះការលើក ឡើងអំពីការផ្តល់នូវសិទ្ធិការ គ្រប់គ្រងទៅថ្នាក់មូលដ្ឋាននេះសម្តេចក្រឡាហោម បានយកឱកាសនេះជម្រាបជូនដែរថា សម្ដេចគាំទ្រចំពោះអ្វីដែលជាគំនិតផ្ដួចផ្ដើម និងការជួយគាំ ទ្ររបស់សមាគមទីក្រុងនិយាយភាសាបារាំង ដោយ សារកិច្ចការនេះមួយផ្នែកក៏ដើរស្របទៅនឹងអ្វីដែលរាជរដ្ឋាភិ បាលកម្ពុជាកំពុងតែអនុវត្តពាក់ព័ន្ធទៅនឹងការផ្ទេរសិទ្ធិអំណាចមកដល់ថ្នាក់ក្រោមជាតិ៕

នូវែលសេឡង់ នឹងបញ្ជូនយោធាទៅអង់គ្លេស ដើម្បីជួយបង្ហាត់ទាហានអ៊ុយក្រែន ប្រើកាំភ្លើងធំ

ប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសដាក់ចេញនូវកម្មវិធីហ្វឹកហ្វឺន សម្រាប់ទាហានអ៊ុយក្រែន ពីរបៀបប្រើប្រាស់កាំភ្លើងធំ ខណៈដែលអ៊ុយក្រែន កំពុងបន្តប្រយុទ្ធជាមួយរុស្ស៉ី។ នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាល, នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌើន បាននិយាយថា សមាជិកក្រុមកំាភ្លើងធំចំនួន ៣០រូប នៃកងកម្លាំងការពារជាតិ នឹងចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាល ដល់ទាហានអ៊ុយក្រែន នៅឯចក្រភពអង់គ្លេស លើការធ្វើប្រតិបត្តិការកំាភ្លើងធុនស្រាលប្រភេទ L119 105 មីលីម៉ែត្រ ខណៈដែល
ការហ្វឹកហាត់ប្រើកាំភ្លើងធំនេះ ត្រូវបានស្នើមកកាន់នូវែលសេឡង់។ កម្មវិធីនេះនឹងចាប់ផ្តើម នៅខែក្រោយ ហើយនឹងបន្តរហូតដល់ចុងខែកក្កដា។

លោកស្រី អាឌើន បានបន្តថា នូវែលសេឡង់ គាំទ្រយ៉ាងពេញទំហឹងដល់ ការប្រយុទ្ធដើម្បីឯករាជ្យរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានរបស់រុស្ស៉ី ហើយនឹងបន្ថែមការផ្គត់ផ្គង់កាំភ្លើងនិងគ្រាប់រំសេវ យ៉ាងពេញលេញ ដល់អ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ប្រទេសអាស៊ីប៉ាស៊ីហ្វិកមួយនេះ បានផ្តល់ថវិការសរុបចំនួន ១៥.៧ លានដុល្លារ ដល់អ៊ុយក្រែនរួចទៅហើយ សម្រាប់បរិក្ខារយោធា ហើយក៏បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ថែមទៀតផង៕

Share.

Comments are closed.