មហាសន្និបាតអង្គការសុខភាពពិភពលោក ផ្តោតសំខាន់លើសភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩ ព្រមនិងបញ្ហាសុខភាពនិងសន្តិភាព

ថ្ងៃទី២២ ខែឧសភា មហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៥ បានបើកធ្វើនៅក្រុងហ្សឺណែវនៃប្រទេសស្វីស នេះគឺជាកិច្ចប្រជុំទល់មុខជាលើកដំបូង របស់អង្គការសុខភាពពិភពលោក បន្ទាប់ពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំមក។

ពេលថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាត លោក តេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា «ការរីករាលដាលនៃជំងឺកូវីដ១៩ នឹងមិនបញ្ចប់នៅតំបន់ណាមួយនោះទេ ទាល់តែវាបានបញ្ចប់ នៅគ្រប់ទីកន្លែងលើពិភពលោក»។ លោកតេដ្រូសបានថ្លែងថា បណ្តាប្រទេសនានាគួរសម្រេចក្នុងពេលឆាប់ៗ នូវគោលដៅចាក់វ៉ាក់សាំងឱ្យបាន៧០% ដែលកំណត់ដោយអង្គការសុខភាពពិភពលោក ក្នុងពេលជាមួយគ្នានេះ ត្រូវផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំង ជូនបុគ្គលិកសុខាភិបាលទាំងអស់ មនុស្សមានអាយុលើសពី៦០ឆ្នាំ និងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ផ្សេងទៀត៕

លោក បៃដិន ប្រកាសនៅទីក្រុងតូក្យូថា នឹងប្រើកម្លាំងយោធា ដើម្បីការពារតៃវ៉ាន់

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយនៅថ្ងៃចន្ទនេះថា លោកសុខចិត្តប្រើកម្លាំងទ័ព ដើម្បីការពារកោះតៃវ៉ាន់ ខណៈដែលសហរដ្ឋអាមេរិក នឹងឈរលើគោលការណ៍ស្របជាមួយប្រទេសដទៃ ដើម្បីឱ្យប្រាកដថាចិន មិនអាចប្រើកម្លាំងយោធានៅតៃវ៉ាន់។ ការលើកឡើងរបស់លោក បៃដិន ហាក់ប្រាសចាកពី គោលនយោបាយយុទ្ធសាស្រ្តបច្ចុប្បន្ន របស់សហរដ្ឋអាមេរិកស្តីពីតៃវ៉ាន់ ស្របពេលដែលដែនកោះនេះ ត្រូវចិនចាត់ទុកត្រឹមជា ខេត្តមួយប៉ុណ្ណោះរបស់ខ្លួន និងជាបញ្ហារសើបនិងសំខាន់ជាទីបំផុត នៅក្នុងទំនាក់ទំនងរវាង ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន។

កាលពីខែតុលា ឆ្នាំ២០២១ លោក បៃដិន ក៏បានធ្វើការលើកឡើងស្រដៀងគ្នាផងអំពី ការការពារកោះតៃវ៉ាន់។ នាពេលនោះ អ្នកនាំពាក្យសេតវិមាន បានចេញមុខបកស្រាយភ្លាមៗថា លោក បៃដិន មិនមែនប្រកាសពីការផ្លាស់ប្តូរណាមួយ ក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកឡើយ។

គួរបញ្ជាក់ថា លោក បៃដិន ធ្វើអត្ថាធិប្បាយដូចខាងលើ កំលុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ិដា នៅឯទីក្រុងតូក្យូ ខណៈដែលលោកត្រូវបាន ចោទសួរអំពីឆន្ទៈរបស់អាមេរិក ក្នុងការចូលរួមផ្នែកយោធា ដើម្បីកាពារកោះតៃវ៉ាន់៕

Share.

Comments are closed.