នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានអញ្ជើញចូលរួមវេទិកាជាតិស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច នៅសណ្ឌាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

វេទិកានេះរៀបចំឡើងដោយក្រសួងកិច្ចការនារី ដោយមានការសហការរៀបចំ និងគាំទ្រពីក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ធ្វើឡើងរយៈពេលមួយថ្ងៃ ដោយការអញ្ជើញចូលរួមពីស្ត្រីជាថ្នាក់ដឹកនាំមកពីស្ថាប័នជាតិ តំណាងរាស្ត្រ ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីខេត្ត គ្រឹះស្ថានសិក្សា ក្រុមយុវជន និងតំណាងមកពីតំណាងគណបក្សនយោបាយ (១៧គណបក្ស) ដែលបានចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ដោយផ្ទាល់ចំនួន២០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិតចំនួន១៧០០នាក់។

វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់វេទិកាសម្រាប់ស្ត្រី ដែលមានតួនាទីក្នុងការដឹកនាំ និងអ្នកតាក់តែងគោលនយោបាយ ដើម្បីចែករំលែកមេរៀនបទពិសោធន៍ និងទស្សនៈ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាពរបស់ជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍគ្រប់វិស័យ។ ជាមួយគ្នានេះដែរ វេទិកានាពេលនេះបានពិភាក្សា និងប្រមូលធាតុចូល ព្រមទាំងទិន្នន័យ អំពីការបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងអភិបាលកិច្ចនៅកម្ពុជា សម្រាប់ការតាក់តែងកម្មវិធីនិងវិធានការផ្នែកគោលនយោបាយ។ វេទិកានេះគឺជាយន្តការមួយក្នុងការបង្កើន និងជំរុញសន្ទុះចិត្តនៃការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងការអភិវឌ្ឍជាតិ ជាពិសេសនៅក្នុងវិស័យសាធារណៈ និងភាពជាអ្នកដឹកនាំ៕

Share.

Comments are closed.