ប្រមុខការទូតកម្ពុជា សង្ឃឹមថាអាមេរិកនឹងបន្តសុពលភាពប្រព័ន្ឋអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជា

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តសុពលភាព ប្រព័ន្ឋអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាឡើងវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

ក្នុងជំនួបជាមួយលោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក កាលពីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៉ីនតោន ប្រមុខការទូតកម្ពុជា ក៏បានរំលឹកឡើងវិញផងដែរ នូវការអរគុណរបស់កម្ពុជា ចំពោះសហរដ្ឋអាមេរិក ដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ក្នុងវិស័យជាច្រើន ដែលថ្មីៗបំផុតនេះ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក អេនតូនី ប្លីងខេន បានបង្ហាញពីការត្រៀមខ្លួន របស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍរបស់កម្ពុជា និងធ្វើការយ៉ាងសកម្មជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

«ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពាណិជ្ជកម្ម គឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការវិជ្ជមានដ៏ល្អប្រសើរបំផុតរវាងប្រទេសទាំងពីរ ហើយបានសម្តែងនូវសេចក្តីសង្ឃឹមថា ប្រព័ន្ឋអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជានឹងត្រូវបានបន្តសុពលភាពជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជានៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលភាគច្រើនជាស្ត្រី»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសដដែល។

សូមជម្រាបថា សហរដ្ឋអាមេរិក ជាទីផ្សារធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជា នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធី នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលជាការធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង ៥,០០០មុខ៕

លោក ពូទីន ថា រុស្ស៉ីមិនមានបញ្ហាជាមួយហ្វាំងឡង់ និងស៊ុយអែតទេ ប៉ុន្តែការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ពួកគេ នឹងទាមទារឲ្យមានប្រតិកម្ម

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទបាននិយាយថា រុស្ស៊ីមិនមានបញ្ហាជាមួយប្រទេសហ្វាំងឡង់ និងស៊ុយអែតទេ ប៉ុន្តែថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីរបស់ពួកគេ នឹងទាមទារឱ្យមានប្រតិកម្មពីទីក្រុងមូស្គូ ខណៈដែលប្រទេសទាំងពីរនេះខិតជិតចូលជាសមាជិកអង្គការណាតូ។ លោក ពូទីន បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំកំពូល នៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដឹកនាំដោយរុស្ស៊ី (CSTO) នៅទីក្រុងមូស្គូ។ លោកបាននិយាយថា ការពង្រីកខ្លួនរបស់ណាតូ គឺជាបញ្ហាសម្រាប់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៉ីរូបនេះបានបន្តថា សហគមអន្តរជាតិត្រូវតែពិនិត្យមើលឱ្យដិតដល់ឡើងវិញ នូវអ្វីដែលលោកបានធ្លាប់និយាយថា អង្គាការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺមានផែនការបង្កើតសមត្ថិភាពយោធារបស់ខ្លួនដើម្បីបង្កើនឥទ្ធិពលនៅទូទាំងសកលលោក៕

Share.

Comments are closed.