logo
[elementor-template id="3085"]
[elementor-template id="2436"]

សួស្តីប្រិយមិត្តអ្នកអាន ខ្ញុំជឿជាក់ថាសាច់រឿងមួយនេះ ច្បាស់ជាមានអ្នកធ្លាប់បានលឺ​ និងមួយចំនួនទៀតនៅមិនទាន់បានដឹងពីរឿងដ៏ចំណែកមួយដែលបានកើតឡើងនៅប្រទេសជប៉ុន។  ហើយថាតើរឿងនោះ​ គឺជារឿងអ្វី?

ភ្នំ Fuji ជាភ្នំខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសជប៉ុន ហើយមានព្រៃមួយឈ្មោះថា Aokigahara ដែលក្នុងនោះមានទំហំសរុប ​៣០ គីឡូម៉ែត្រការ៉េ និងជាច្រើនឆ្នាំមកហើយ ព្រៃឈើដ៏ងងឹតនេះ ត្រូវបានគេស្គាល់ថា ព្រៃអត្តឃាត ឬ(Suicide Forest)

សម្រាប់ភ្ញៀវទេសចរណ៍មួយចំនួន ពួកគេចាត់ទុក Aokigahara គឺជាកន្លែងនៃភាពស្រស់ស្អាត និងភាពស្ងប់ស្ងាត់ដែលមិនអាចកាត់ថ្លៃបាន។ អ្នកឡើងភ្នំភាគច្រើនបានដើរកាត់ព្រៃក្រាស់ៗ ដើម្បីចូលចាប់យកទេសភាពដ៏អស្ចារ្យនៃភ្នំ Fuji នេះ។

            អ្វីដែលនាំអោយមានភាពភ័យខ្លាចនោះ គឺដើមឈើជាច្រើនបានដុះជាប់ៗគ្នា ហើយភ្ញៀវទេសចរណ៍ដែលចូលទៅក្នុងព្រៃនោះ ត្រូវធ្វើដំណើរនៅក្នុងភាពងងឹត។ ភាពអាប់អួរនេះត្រូវបានធូរស្រាលដោយសារតែពន្លឺព្រះអាទិត្យចាំងពីចន្លោះដើមឈើប៉ុណ្ណោះ។

            អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​​បាននិយាយ នៅពេលមកដល់​ព្រៃអត្តឃាត ​ពួកគេថានៅតែចងចាំ​​ភាពដ៏​ស្ងៀមស្ងាត់របស់ព្រៃនោះ។ មែកឈើ និងស្លឹកចាស់ៗមានភាពពុកផុយដោយសារបន្ទុះភ្នំភ្លើង ផ្ទៃដីត្រូវបានក្របដណ្តប់ដោយថ្មនៃកំទេចភ្នំភ្លើង ហើយថ្ម​ទាំងនោះមានសភាព​រឹង​តែពោរពេញ​ដោយ​រន្ធ​តូចៗ។

            ទោះបីជាមានពាក្យចចាមអារាមជាច្រើនក៏ដោយ គេនៅតែប៉ាន់ប្រមាណថាមានមនុស្សយ៉ាងហោចណាស់ ១០០ នាក់បានបញ្ចប់ជីវិតនៅក្នុងព្រៃអត្តឃាតនោះជារៀងរាល់ឆ្នាំ។

            មិនត្រឹមតែប៉ុណ្ណោះ Aokigahara នូវមានរឿងជាច្រើនទៀត ពាក់ព័ន្ធទៅនឹងជំនឿទេវកថា។ ក្នុងចំណោមរឿងទាំងនោះ រឿងមួយដែលមានវ័យចំណាស់ជាងគេ គឺពាក់ព័ន្ធនឹងទំនៀមទម្លាប់បុរាណ របស់ប្រទេសជប៉ុននៅសម័យដើម ដែលគេហៅថា ubasute

            រឿងព្រេងនិទានកាលពីសម័យបុរាណបាននិទានថា គ្រួសារមួយមានសមាជិកជរាម្នាក់នៅក្នុងបន្ទុក ដែលពេលនោះពួកគេជួបប្រទះនឹងបញ្ហាខ្វះខាតស្បៀងអាហារ ហើយស្ថិតនៅក្នុងស្ថានភាពដ៏យ៉ាប់យឿន​បំផុត រួចស្រ្តីចំណាស់នោះក៏ត្រូវបានក្រុមគ្រួសារទុកចោលនៅតំបន់ដាច់ស្រយាល រហូតដល់បាត់បង់ជីវិត។

            អ្នកដែលធ្លាប់បានទស្សនាផ្ទាល់អះអាងថា ពួកគេបានឃើញ yūrei ដែលជាខ្មោចនៅព្រៃ Aokigahara ហើយសន្មត់ថាជាវិញ្ញាណសងសឹករបស់ស្រ្តីចំណាស់ដែលត្រូវបានគេបោះបង់ចោលដោយការអត់ឃ្លាននោះ។

            ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដោយព្រៃនេះចាប់ផ្តើមមានលក្ខណៈរឹតតែស្មុគស្មាញជាមួយនឹងការធ្វើអត្តឃាតរហូតមក។ សព្វ​ថ្ងៃ​នេះ មានមតិជាច្រើនបាននិយាយថា វិញ្ញាណខ្មោចនៅក្នុងព្រៃនោះមានភាពសោក​សៅ និង​ផលពិបាកវេទនាក្នុងការរស់នៅ ទើបធ្វើអោយពួកគេសម្រេចចិត្ត​ចូលទៅ​ព្រៃ Aokigahara ​ដើម្បី​បញ្ចប់ជីវិតខ្លួន។

            នៅឆ្នាំ ១៩៦០ លោក Seicho Matsumoto បានបោះពុម្ភប្រលោមលោកដ៏ល្បីល្បាញមួយរបស់គាត់ គឺ Kuroi Jukai ដែលប្រកប្រែថាជា សមុទ្រខ្មៅនៃដើមឈើ ដោយក្នុងសាច់រឿងនេះមានការពណ៌នាអំពីគូស្នេហ៍មួយគូរដែលបានធ្វើអត្តឃាតនៅក្នុងព្រៃ Aokigahara

            ចូរយើងត្រឡប់ក្រោយបន្តិច កាលពីដើមទសវត្សរ៍ឆ្នាំ ១៩៥០ ភ្ញៀវទេសចរណ៍និយាយថា ពេលពួកគេចូលទៅក្នុងព្រៃ Aokigahara ពួកគេបានប្រទះឃើញសាកសពដែលមានសភាពស្អុយរលួយ។ ប៉ុន្តែហេតុផលដែលនាំអោយមនុស្សមានវិបត្តិផ្លូវចិត្តជាច្រើនទៅកន្លែងនោះ ដើម្បីសម្លាប់ខ្លួននៅតែជាអាថ៌កំបាំងនៅឡើយ ហើយរហូតមកដល់បច្ចុប្បន្ននេះ កេរិ៍ឈ្មោះរបស់ព្រៃអត្តឃាត ត្រូវបានគេដាក់រហ័សនាមអោយពិតជាសាកសមមែន។

            ឥឡូវនេះក្រឡេកមកមើលពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ វិញ មានក្រុមប៉ូលីស អ្នកស្ម័គ្រចិត្ត និងអ្នកកាសែតបានចុះពិនិត្យតំបន់នេះជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកសាកសព ហើយពួកគេមិនដែលចេញមកវិញជាមួយនឹងដៃទទេឡើយ។

            ចំនួនសាកសពដែលបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឈានដល់កម្រិតកំពូលក្នុងឆ្នាំ ២០០៤ នៅពេលដែលសាកសពចំនួន ១០៨ កំពុងពុកផុយត្រូវបានគេរកឃើញនៅព្រៃ Aokigahara។ នេះជាតួលេខសំរាប់បញ្ជាក់សាកសពដែលបានរកឃើញតែប៉ុណ្ណោះ។ សាកសពទាំងនោះត្រូវបានរកឃើញនៅក្រោមដើមឈើធំៗ និងខ្លះទៀតត្រូវបានស្លាប់ដោយសារការវាយប្រហាររបស់សត្វព្រៃ។

            Aokigahara គឺជាកន្លែងដែលមានករណីអត្តឃាត ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយព្រៃនេះក្លាយជាកន្លែងសម្រាក និងបញ្ចប់ជីវិតចុងក្រោយរបស់អ្នកដែលមានបញ្ហាជាច្រើន ដូច្នេះអាជ្ញាធរបានសម្រេចចិត្តដាក់ស្លាកសញ្ញាព្រមានថា “សូមពិចារណាឡើងវិញ” និង “គិតដោយប្រុងប្រយ័ត្នអំពីកូនៗរបស់អ្នក និងគ្រួសាររបស់អ្នក” នៅមាត់ច្រកចូល។

            ក្នុងឆ្នាំ ២០១០ មនុស្ស ២៤៧ នាក់បានប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងព្រៃ​ ដោយក្នុងនោះយ៉ាងហោចណាស់មាន ៥៤ នាក់ បានសម្រេចនូវការបញ្ចប់ជីវិតខ្លួន។ ករណីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺមិនមានអ្វីប្លែកទេ ព្រោះរដ្ឋាភិបាល​ជប៉ុន​​បារម្ភ​ថាចំនួន​សរុបដែលបានប្រកាសរួច​នឹង​លើក​ទឹកចិត្ត អោយ​អ្នក​ដែលកំពុងមានវិបត្តិទាំងនោះ ​ដើរ​តាម​គន្លង​នៃ​អ្នក​ស្លាប់ហើយ​ ទើបរដ្ឋាភិបាល​បញ្ឈប់​ការ​បញ្ចេញ​ចំនួន​ករណីនេះ​ទៀត។

            គួរបញ្ជាក់ថា​ អ្នកទស្សនាទាំងអស់ដែលទៅព្រៃអត្តឃាតនោះ  មិនមានបំណងក្នុងការស្លាប់ឡើយ ភាគច្រើនពួកគេគ្រាន់តែជាភ្ញៀវទេសចរណ៍ធម្មតាតែប៉ុណ្ណោះ។

            ភ្ញៀវទេសចរណ៍​ដែលដើរក្នុងព្រៃនេះ ជួន​កាល​បានជួប​ប្រទះ​នឹង​ការ​រំឮក​ដ៏​សោកសៅ​ចំពោះ​សោកនាដកម្ម​ពី​អតីតកាល។ គេតែងបានឃើញសំភារៈ​ របស់អ្នកធ្វើអត្តឃាតរួមមាន ស្បែកជើង រូបថត កាបូបយួរ សៀវភៅ និងសម្លៀកបំពាក់ជាច្រើនទៀត។

Share.

Comments are closed.

Exit mobile version