អូស្ដ្រាលីបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា

អូស្ដ្រាលីបានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដើម្បីគាំទ្រវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និងសុខាភិបាល ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

អូស្ត្រាលី និងកម្ពុជា ក៏បានប្តេជ្ញាចិត្តធ្វើការឱ្យកាន់តែជិតស្និទ្ធដើម្បីពង្រឹងទំនាក់ទំនងដ៏ល្អដែលមានស្រាប់របស់ខ្លួន ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ​ដើម្បីសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ជាពិសេស ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។ 

ការបញ្ជាក់របស់ភាគីទាំងពីរនេះនៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៣ រវាងកម្ពុជា និងអូស្ដ្រាលី កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយមានលោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា និងលោកជំទាវ កាទ្រីណា ឃូបភើ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។

សហរដ្ឋអាមេរិក ផ្ដល់ការធានាដល់ស៊ុយអែត និងហ្វាំងឡង់ ជុំវិញការដាក់ពាក្យសុំចូល NATO

សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាសហរដ្ឋអាមេរិកមានជំនឿចិត្តថាខ្លួនអាចដោះស្រាយរាល់កង្វល់ផ្នែកសន្តិសុខ របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ នៅចន្លោះពេលបន្ទាប់ពីពួកគេដាក់ពាក្យសុំចូល NATO និងមុនពេលបក្សសម្ព័ន្ធយោធាមួយនេះទទួលយកប្រទេស ទាំង២ជាសមាជិក។ ស៊ុយអែត និងហ្វាំងឡង់ត្រូវបានគេរាយការណ៍ថាអាចនឹងសម្រេចចិត្តថាតើគួរតែដាក់ពាក្យសុំចូល NATO ជាផ្លូវការ ឬក៏យ៉ាងណា នៅក្នុងខែឧសភានេះ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក៏មានការព្រួយបារម្ភផងដែរពីការចាត់វិធានការឆ្លើយតបពីសំណាក់រុស្ស៉ី ដែលធ្លាប់ព្រមានអាមេរិក និង NATO ថាការទទួល យកប្រទេសទាំង២ ចូលជាសមាជិក នឹងបង្កផលវិបាកធ្ងន់ធ្ងរមិនអាចស្មានបាន។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី ជេន សាគី (Jen Psaki) បានបញ្ជាក់ដូច្នេះថា «យើងមាន ជំនឿចិត្តថាយើងអាចដោះស្រាយរាល់ក្ដីកង្វល់របស់ប្រទេសទាំង២ នៅចន្លោះពេលដាក់ពាក្យសុំចូលជាសមាជិក NATO និងក្រោយពេលត្រូវបានទទួល ស្គាល់ជាសមាជិកផ្លូវការ»។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ, រដ្ឋមន្ត្រីការបរទេសស៊ុយអែត ក៏បានអះអាងដែរថាសហរដ្ឋអាមេរិកយល់ព្រមផ្ដល់ការធានាសន្តិសុខឱ្យស៊ុយអែត តែមិនបានបញ្ជាក់លម្អិតអ្វីផ្សេងលើសពីនេះទេ៕

Share.

Comments are closed.