ពលរដ្ឋខ្មែររស់នៅអាមេរិករាប់ពាន់នាក់ កំពុងទន្ទឹងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោ

ពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក កំពុងទន្ទឹងរង់ចាំស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងអញ្ជើញធ្វើដំណើរទៅទីនោះ នៅសប្ដាហ៍ក្រោយនេះ ដើម្បី ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក តបទៅតាមការអញ្ជើញរបស់លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។

ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងរដ្ឋនានារបស់សហរដ្ឋអាមេរិក រយៈពេលប៉ុន្មានថ្ងៃមកនេះ បានចេញ«ឃ្លីបវីដេអូ»ដាច់ដោយឡែកពីគ្នាបង្ហាញពីការសប្បាយរីករាយ ក្រោយទទួលដំណឹងថា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទីនោះ នៅថ្ងៃទី១០ ខែឧសភា នេះ ដើម្បីធ្វើជា​សហប្រធាន​កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា នេះ ដោយពួកគេ​បាន​យល់ឃើញថា ដំណើរទស្សនកិច្ចនេះ នឹងជាកាលានុវត្តភាពមួយទៀត ដើម្បីបង្កើនទំនាក់ទំនង​ទ្វេភាគីរវាងកម្ពុជា និងអាមេរិកឲ្យកាន់តែមានភាពល្អប្រសើបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពលរដ្ឋខ្មែរ-អាមេរិក ដែលបានទន្ទឹងរង់ចាំ ស្វាគមន៍​សម្ដេច តែទោះជាយ៉ាងណាក៏ដោយសម្តេច បានស្នើសុំ​យ៉ាង​ទទូច​ដល់​ពលរដ្ឋខ្មែរ ដែល​រស់នៅទីនោះ​ដែលគាំទ្រសម្តេច ​សូមកុំធ្វើបាតុកម្មតបតចំពោះបុគ្គលមួយក្តាប់តូច ដែលធ្វើ​បាតុកម្មប្រឆាំង នឹងដំណើរទស្សនកិច្ចសម្តេចទៅកាន់អាមេរិកនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ តាមរយៈ​លិខិតឆ្លើយតបទៅកាន់លោក ចូ បៃឌិន ​បានបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នា ​ដ៏មុតមាំរបស់កម្ពុជា ក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត​ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ»។

សម្តេចតេជោ បានបង្ហាញនូវភាពជឿជាក់ថា ​កិច្ចប្រជុំកំពូលពិសេសនេះ ​ជាឱកាសដ៏ប្រសើរ សម្រាប់​កិច្ចពិភាក្សាពីការជំរុញកិច្ចសហប្រតិបតិ្តការព្រមទាំងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន ​និងសហរដ្ឋអាមេរិក។

សម្តេចតេជោ ​បាន​បញ្ជាក់ពីក្ដី​ទន្ទឹង​ជួប​ជាមួយលោកប្រធានាធិបតី ចូ បៃឌិន ដោយផ្ទាល់ នៅ​រដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការជិតស្និទ្ធជាមួយ​ លោកប្រធានាធិបតីផងដែរ៕

ក្រុមមន្ត្រីអាមេរិកថា ចិនមិនបានផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដល់រុស្ស៉ី ក្នុងសង្រ្គាមអ៊ុយក្រែនទេ

ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថាពួកគេមិនបានរកឃើញថាចិនបានផ្ដល់ជំនួយសេដ្ឋកិច្ច និងយោធាដល់រុស្ស៉ី នោះទេ ដែលនេះជាការវិវត្តមួយដ៏គួរឱ្យស្វាគមន៍ ក្នុងកាលៈទេសៈដ៏លំបាកនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដដែល បានបញ្ជាក់ថាក្នុងរយៈពេល ២ខែមកនេះបន្ទាប់ពីមាន ការព្រមានថាចិនអាចនឹងផ្ដល់ជំនួយដល់រុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន ពួកគេនៅតែមានការបារម្ភពីការគំាទ្រដ៏យូរអង្វែងរបស់ទីក្រុងប៉េកាំង ចំពោះទីក្រុងមូស្គូ។ ប៉ុន្តែ ការផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដែលពួកគេបារម្ភមិនបានកើតឡើងនោះទេ។

គួរបញ្ជាក់ថា ការអះអាងខាងលើរបស់ក្រុមមន្ត្រីអាមេរិក កើតមានឡើង នៅចំពេលលោកប្រធានាធិបតី ចូ បៃដិន កំពុងត្រៀមបំពេញដំណើរ ទស្សនកិច្ចមកកាន់តំបន់អាស៊ី នៅក្នុងខែឧសភានេះ ហើយដែលរបៀបវារៈសំខាន់របស់លោកនឹងផ្ដោតលើការទប់ទល់ការកើនឡើងឥទ្ធិពល ចិននៅក្នុងតំបន់៕

Share.

Comments are closed.