ឯកឧត្តម សុខ សូកេន៖ “កម្ពុជាត្រៀមខ្លួនជានិច្ចសម្រាប់ការធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី”

រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា “កម្ពុជាត្រៀមខ្លួនជានិច្ចសម្រាប់ការធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី” នៅក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៃរ៉ាត់ សារីបាយ ប្រធានប្រតិបត្តិនៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (Conference on Interaction and Confidence Building Measures in Asia – CICA) នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម សុខ សូកេន បានបន្តថា ៖ “តាងនាមឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ CICA ដែលជាវេទិកាពហុភាគីដ៏មានប្រសិទ្ធភាពមួយដែលជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី និងសកលលោកផងដែរ។ ក្នុងឱកាសនេះ ខ្ញុំក៏អបអរសាទរដល់ប្រទេសកាហ្សាក់ស្ថាន ដែលបានបន្តអាណត្តិរបស់ខ្លួនជាប្រធាន CICA សម្រាប់ឆ្នាំ ២០២២-២០២៤ និងការប្រារព្វខួប៣០ឆ្នាំរបស់ CICA។ ទន្ទឹមនឹងនេះ កម្ពុជាបានផ្ញើនូវរឿងព្រេង រួមជាមួយនឹងរូបភាព និងសំណេរពីតំបន់អេកូទេសចរណ៍សំខាន់ៗ របស់កម្ពុជា ទៅកាន់លេខាធិការដ្ឋាន CICA ដើម្បីបោះពុម្ព និងផ្សាយពីពិពិធភាពនៃវប្បធម៌ដ៏សម្បូរបែបរបស់តំបន់អាស៊ីសម្រាប់អបអរសាទរពេលវេលាដ៏ឧត្តុង្គឧត្តមនេះ”។ ជាមួយគ្នានេះ ក្នុងនាមជាឧត្តមមន្ត្រីកម្ពុជាសម្រាប់យន្តការ CICA ឯកឧត្តមបានគូសបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចចូលរួមក្នុងដំណើរការ CICA ជាមួយបណ្ដាប្រទេសសមាជិកដទៃទៀត ដើម្បីធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។ ជាការឆ្លើយតប ឯកឧត្តម ខៃរ៉ាត់ សារីបាយ បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការ CICA ជាពិសេសចាប់តាំងពីកម្ពុជាក្លាយជាសមាជិក CICA ក្នុងឆ្នាំ២០១១ កន្លងមក។ ឯកឧត្តមប្រធានប្រតិបត្តិក៏បានអបអរសាទរកម្ពុជា ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២២ និងបានសន្យាថានឹងខិតខំសហការជាមួយកម្ពុជាបន្ថែមទៀតក្នុងគោលបំណងរួម ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមរួមនៅតំបន់អាស៊ី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានប្រតិបត្តិ ក៏បានប្រគល់ជូននូវលិខិតអញ្ជើញផ្លូវការរបស់ប្រធានាធិបតីកាហ្សាក់ស្ថានជូនចំពោះ សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងនូ-ស៊ុលតង់ សាធារណរដ្ឋកាហ្សាក់ស្ថាន។

បន្ទាប់ពីជំនួបជាមួយ ឯកឧត្តម សុខ សូកេន រួចមក ឯកឧត្តម Kairat SARYBAY និងគណៈប្រតិភូ CICA ក៏មានជំនួបដោយឡែកជាមួយនឹង ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងជាឥស្សរជនឆ្នើមរបស់កម្ពុជាសម្រាប់ CICA និងតំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាស្ថាប័នស្រាវជ្រាវតំណាងកម្ពុជាសម្រាប់វេទិកាស្ថាប័នស្រាវជ្រាវ CICA (CICA Think Tank Forum) ផងដែរ។

សូមគូសបញ្ជាក់ផងដែរថា សន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (Conference on Interaction and Confidence Building Measures in Asia – CICA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩២ ក្រោមគំនិតផ្ដួចផ្ដើមរបស់អតីតប្រធានាធិបតីកាហ្សាក់ស្ថាន ឯកឧត្តម Nursultan NAZARBAYEV ដោយមានគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខ សន្តិភាព និងស្ថិរភាពនៅអាស៊ី តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ការទប់ស្កាត់ការរីកសាយភាយនៃអាវុធប្រហារប្រល័យ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើបញ្ហាមនុស្សធម៌។ សន្និសីទនេះ មានប្រទេសសមាជិកពេញសិទ្ធិចំនួន ២៧ប្រទេស និងមានប្រទេសអង្កេតការណ៍ចំនួន០៩ និងមានអង្គការអង្កេតការណ៍ចំនួន៥ ខណៈកម្ពុជាបានចូលជាសមាជិកនៃ CICA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១១៕

ម៉ាឡេស៊ី ចង់ស្នើយកភាសាមេឡាយូជាភាសាទីពីររបស់អាស៊ាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri បានប្រកាស់អំពីគំរោងស្នើសុំយកភាសា Bahasa Melayu ឬ Malay របស់ខ្លួន ឱ្យក្លាយទៅជា «ភាសាទីពីរ» របស់អាស៊ាន។ ម៉ាឡេស៊ីលើកឡើងបែបនេះ ដោយទាញហេតុផលចំនួន៣ថា៖

១៖ ដើម្បីលើកកម្ពស់ភាសាជាតិនៅលើឆាកអន្តរជាតិ។

២៖ ចង់យកលំនាំតាមសហភាពអឺរ៉ុប (EU) ដែលបានប្រើប្រាស់ភាសាផ្លូវការរហូតដល់ទៅ២៤ និងភាសាការងារចំនួនបី៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់។

៣៖ ភាសា Melayu ត្រូវបានគេនិយាយរហូតដល់ទៅជិតពាក់កណ្តាល នៃចំនួនប្រជាពលរដ្ឋជាង៦០០លាននាក់នៅក្នុងតំបន់អាស៊ាន។

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌូនេស៊ីបានប្រតិកម្មមុនគេក្នុងចំណោមប្រទេសអាស៊ាន៩ទៀត ដោយទាញហេតុផលថា បើគិតពីភាសាដែលនិយាយច្រើនជាងគេគឺ បាហាសាឥណ្ឌូនេស៊ីមិនមែន បាហាសាម៉ាឡេស៊ី នោះឡើយ។ ភាសា Bahasa Indonesia និង Bahasa Malaysia មានភាពខុសគ្នាខ្លះនៅក្នុងវាក្យសព្ទ អក្ខរាវិរុទ្ធ ការបញ្ចេញសំឡេង និងវេយ្យាករណ៍។

អាស៊ានដែលមានអាយុ៥៥ឆ្នាំហើយ បានយក «ភាសាអង់គ្លេស» ជាភាសាផ្លូវការ និងភាសាការងារចាប់តាំងពីដំបូងមកម្ល៉េះ។ តាមមើលទៅបំណងរបស់ម៉ាឡេស៊ីនេះ មិនអាចទៅរួចទេ ព្រោះមិនអាចរកសម្លេងកុងសង់ស៊ីសទាំង១០ប្រទេសបានឡើយ៕

Share.

Comments are closed.