សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប

          សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃចន្ទ​ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។

          សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់គណៈកម្មការអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលដ៏ល្អប្រណិតនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ផ្លូវទាំង៣៨ខ្សែគឺជាការយកកម្ពុជាចិញ្ចឹមកម្ពុជា ពីព្រោះការសាងសង់ផ្លូវទាំងនេះ ជាការសាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង មិនមានបរទេសណាចូលរួមនោះទេ។សម្តេចតេជោពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលទាំងអស់ដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាបនេះ ត្រូវប្រសិទ្ធនាមថា ជាតារារះនាទិសឧត្តរ។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗកម្ពុជា ដែលបានសាងស្នាមព្រះហស្ថ និងស្នាដៃចំពោះជាតិនាពេលកន្លងមក។

          សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសាងសង់ផ្លូវ និងកែលំអរស្ទឹងសៀមរាប មិនអាចកាត់ផ្តាច់នូវការចូលរួមរបស់ប្រជាពលរដ្ឋនោះឡើយ ពីព្រោះមានប្រជាពលរដ្ឋខ្លះបានរងប៉ះពាល់ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ហើយដែលបានស្ម័គ្រចាកចេញពីកន្លងដែលត្រូវសាងសង់ និងប្រគល់ដីជូនអាជ្ញាធរ។ សម្តេចតេជោបានណែនាំដល់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋយើង ដែលត្រូវបានផ្លាស់ចេញពីកន្លែងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកែលំអរស្ទឹងសៀមរាប ហើយទៅរស់នៅភូមិអភិវឌ្ឍតេជោរុណតាឯកនោះ។

          សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងការកែលម្អដងស្ទឹងសៀមរាបនោះ យើងមិនអាចចាក់បេតុងនៅតាមច្រាំង និងមាត់ស្ទឹងនោះទេ ព្រោះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌរបស់អង្គការយូណេស្កូ ដែលបានកំណត់ថាប្រាសាទអង្គរត្រូវបានដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចក៏បានអរគុណដល់ ICC-Angkor ដែលបានចូលរួមអភិរក្សប្រាសាទអង្គរ និងក្រុងសៀមរាប ហើយកម្ពុជាបានចុះហត្ថលេខាការងារជាបន្តទៀតជាមួយ ICC-Angkor ក្នុងការអភិរក្សប្រាសាទអង្គរ និងការអភិវឌ្ឍក្នុងក្រុងសៀមរាប រយៈពេល១០ឆ្នាំបន្តទៀត បន្ទាប់ពីអនុវត្តបាន៣០ឆ្នាំមកហើយ។​ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន ដែលចង់ឱ្យមានការអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងក្រុងសៀមរាប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ សម្តេចបានផ្តល់ដំបូន្មានដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យថា ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើម។ សម្តេចតេជោបានជម្រាបទៅយូណេស្កូ ថាសូមកុំបារម្ភចំពោះការអនុវត្តនូវលក្ខខណ្ឌទាំងឡាយចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជាមិនកាប់មេមាន់ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញគឺកម្ពុជាត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង។

          នៅថ្ងៃនេះ ដោយសារថ្ងៃទី៤មេសានេះ ដែលជាថ្ងៃកំណើតផ្លូវការរបស់សម្តេច ដូច្នេះ សម្តេចសូមយកឱកាសនេះថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ អរព្រះគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានជូនពរសម្ដេចក្នុងថ្ងៃនេះ។ សម្តេចតេជោបន្តថា ថ្ងៃនេះកាលពី៥២ឆ្នាំមុន ជាពេលដែលសម្តេចក្លាយជាយុទ្ធជន ដែលបានធ្វើដំណើរតស៊ូចូលទៅក្នុងព្រៃ តាមការអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ។

          ជាថ្មីម្ដងទៀត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្ដេចតេជោសូមឲ្យបងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ពីការចម្លងជំងឺកូវីដ-១៩។

          មុននឹងបញ្ចប់​ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបនាថ្ងៃនេះ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ហើយក៏បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ថារចនាសម្ព័នផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ចាប់ពីពេលនេះតទៅ៕

ប្រទេសអ៊ីរ៉ង់​បាន​បន្ទោសប្រទេសអាមេរិក​ចំពោះការផ្អាកកិច្ចចរចា​នុយក្លេអ៊ែរ​នៅទីក្រុងវីយែន

នៅថ្ងៃទី ៤​ ខែ​មេសា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃនេះផ្ទាល់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវចំពោះការផ្អាកក្នុងកិច្ចចរចារវាងប្រទេសអ៊ីរ៉ង់និងមហាអំណាចពិភពលោកនៅទីក្រុងវីយែន ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 របស់ពួកគេ។

លោក Saeed Khatibzadeh បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “អាមេរិកជាអ្នកទទួលខុសត្រូវចំពោះការបញ្ឈប់កិច្ចចរចានេះ”។ លោកបានបន្តទៀតថា “អាមេរិចគួរតែធ្វើការសម្រេចចិត្ត សម្រាប់ការចរចាឡើងវិញនៃកិច្ចព្រមព្រៀងនេះ” ដោយបន្ថែមថាទីក្រុងតេអេរ៉ង់នឹងមិនរង់ចាំជារៀងរហូតទេ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាបញ្ហាលេចធ្លោមួយចំនួននៅតែមាននៅក្នុងកិច្ចចរចានុយក្លេអ៊ែដោយបន្ថែមថាទំនួលខុសត្រូវគឺស្ថិតនៅលើទីក្រុងតេអេរ៉ង់ដើម្បីធ្វើការសម្រេចចិត្តទាំងនោះ។ អ៊ីរ៉ង់បានលើកឡើងថា​ បញ្ហាលេចធ្លោជាច្រើនដែលជាប់ពាក់ព័ន្ធជាមួយទីក្រុងវ៉ាស៊ីនតោនដូចជា ការដកការកំណត់អង្គការភេរវករបរទេស (FTO) ប្រឆាំងនឹងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់។

អ៊ីរ៉ង់បាននិយាយថា បញ្ហានៅតែលេចឡើងដូចជា បញ្ហាដកអង្គការភេរវករបរទេស ដែលហៅថា (FTO) របស់ទីក្រុង វ៉ាស៊ីនតោនដែលបង្កើតឡើងប្រឆាំងនឹងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ។

ជាមួយគ្នានោះផងដែរ ទីក្រុងតេអេរ៉ង់បាននិងកំពុងជំរុញឱ្យមានការធានា ពីប្រធានាធិបតីអាមេរិកអាណត្តិបន្តបន្ទាប់នឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយនេះទេ។ វិសាលភាព​ដែល​ទណ្ឌកម្ម​នឹង​ត្រូវ​ដក​ថយ​វិញ​គឺ​ជា​បញ្ហា​មួយ​ទៀត​ដែល​មិន​អាច​ដោះស្រាយ​បាន។ លោក ខាធីបសាឌែ ក៏បាននិយាយផងដែរថា ទីក្រុង ថេរ៉ាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចចរចាជាមួយដៃគូប្រជែងក្នុងតំបន់ដ៏សំខាន់របស់ខ្លួន គឺ អារ៉ាប៊ីសាអូឌីត ប្រសិនបើទីក្រុង រីអាត បង្ហាញឆន្ទៈក្នុងការចូលរួមដោះស្រាយបញ្ហាទ្វេភាគី។ ការទាមទាររបស់រុស្ស៊ីបានបង្ខំមហាអំណាចពិភពលោកឱ្យផ្អាកការចរចានុយក្លេអ៊ែរនៅដើមខែមីនា ប៉ុន្តែទីក្រុងមូស្គូ ក្រោយមកបាននិយាយថា ខ្លួនបានសរសេរការធានាពាណិជ្ជកម្មរបស់ខ្លួនជាមួយអ៊ីរ៉ង់នឹងមិនរងផលប៉ះពាល់ដោយទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែនទេ ដោយស្នើថាក្រុងម៉ូស្គូអាចអនុញ្ញាតឱ្យមានដំណើរការកតិកាសញ្ញានេះតទៅមុខ។

 

Share.

Comments are closed.