លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ជម្រាបជូនសម្ដេចតេជោថា ទស្សកិច្ចនៅកម្ពុជានៅពេលនេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគត

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) បានមានប្រសាសន៍ជម្រានជូន សម្ដេចតេជោ ហ៊ុន សែន ថា គោលបំណងរបស់លោកជំទាវ និងគណៈប្រតិភូមកកាន់នៅកម្ពុជានាពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់និងនិរន្តតទៅ ហើយដំណើរទស្សនកិច្ចនៅពេលនេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគត។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារ នាព្រឹកថ្ងៃទី ២៩ ខែមីនាឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងខណៈដែលលោកជំទាវដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងជំនួបនោះដែរ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ ជូនចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)។

លោកជំទាវបានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាគឺការទាក់ទាញខ្លាំង ហើយអាចជាគំរូនៃការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយភាសាបារាំង។ ក្នុងជំនួបរវាងអ្នកវិនិយោគមកពី២៤ប្រទេសជាមួយនិងអ្នកវិនិយោគកម្ពុជា លោកជំទាវបានជម្រាបជូនសម្ដេចតេជោថា គឺបានទទួលលទ្ធផលល្អណាស់ មានការចាប់អារម្មណ៍ខ្លាំងហើយក៏មានការចុះហត្ថលេខាលើអនុស្សរណៈ ដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានជម្រាបជូនសម្ដេចតេជោបន្ថែមថា គោលបំណងរបស់លោកជំទាវ និងគណៈប្រតិភូមកកាន់នៅកម្ពុជានាពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់និងនិរន្តតទៅ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវនៅពេលនេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យនៃជំនួបរវាងអ្នកវិនិយោគ មកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងនិងតំបន់។ ប្រទេសយើងនិងតំបន់យើង មានសក្ដានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ។ ដូច្នេះយើងគប្បីណារួមគ្នាបង្កឱកាស ដើម្បីចាប់យកសក្ដានុពលទាំងឡាយណាដែលយើងមាននេះ ដែលមិនត្រឹមតែ ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងតំបន់យើងទាំងពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អ រវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនិងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។

ឆ្លៀតក្នុងឱកាសដែលសម្តេចតេជោ ក៏បានជម្រាបជូនលោកជំទាវ Louise ថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្ដេចតេជោចង់បានគឺជំរុញការអនុវត្ត AFTA និង RCEP ឱ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ានមានដំណើរការប្រក្រតីភាពឡើងវិញ។

គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃ អង្គការអន្តរជាតិហ្វង់កូហ្វូនី (OIF) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

នៅក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សំដៅពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការ OIF។

លោកជំទាវអគ្គលេខាធិការក៏បានចូលរួមជាអធិបតី ជាមួយ លោកជំទាវ បណ្ឌិត អ៊ុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំជំនួបជាមួយសហគ្រិនជាស្ត្រីកម្ពុជា។ នៅក្នុងក្របខ័ណ្ឌនៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើកកម្មវិធី និង ចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍នេះ ដែលសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការ OIF មានបំណងលើកកម្ពស់ ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន តាមរយៈកិច្ចសហ ប្រតិបត្តិការថ្មីរវាងប្រទេសកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូន។

ជំនួបទាំងនេះ បានផ្តោតសំខាន់ជាពិសេស ទៅលើវិស័យចម្បងៗចំនួនបី រួមមាន វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម តួអង្គជាង១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនអន្តជាតិហ្វ្រង់កូហ្វូនជិត ៧០ក្រុមហ៊ុន បានចូលរួមក្នុងព្រឹត្តិកាណ៍នេះ។ នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានអញ្ជើញដាក់ កម្រងផ្កានៅមណ្ឌលតម្កល់ព្រះបរមរូប ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយរូបក្នុងចំណោមបិតាស្ថាបនិកនៃអង្គការ OIF៕

តំបន់ផ្ដាច់ខ្លួនមួយក្នុងទឹកដីអ៊ុយក្រែន មានផែនការរៀបចំការបោះឆ្នោតប្រជាមតិ ចូលរួមជាមួយរុស្ស៊ី

នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ លូហ្កាន់ (Lugansk) ដែលជាតំបន់ផ្ដាច់ខ្លួនមួយក្នុងចំណោម២ ក្នុងតំបន់ដុនបាស់ (Donbass) និងទទួលស្គាល់ដោយទីក្រុងមូស្គូថាជារដ្ឋឯករាជ្យកាលពីចុងខែកុម្ភៈកន្លងទៅ គ្រោងនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយស្ដីពីការចូលរួមជាមួយរុស្ស៊ី នាពេលដ៏ខ្លីខាងមុខនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក លេអូនីត ប៉ាស់សេនីក បានបញ្ជាក់ដូច្នេះថា «នៅពេលដ៏ខ្លីខាងមុខនេះ ការបោះឆ្នោតប្រជាមតិមួយនឹងត្រូវធ្វើឡើង ហើយប្រជាជននឹងអាចអនុវត្តសិទ្ធិទាំងស្រុងរបស់ ពួកគេ រួចផ្តល់មតិរបស់ពួកគេទាក់ទងនឹងការចូលរួមជាមួយរុស្ស៊ី។ ហើយសមាជិកព្រឹទ្ធសភារុស្ស៊ី លោក អេនដ្រេ ឃ្លីសាស់ ក៏បាននិយាយដែរថា លូហ្កាន់និង ដូញ៉េតមានសិទ្ធិស្វែងរកការចូលរួមជាមួយរុស្ស៊ី លុះត្រាតែទង្វើបែបនេះ មិនផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ពួកគេ។

មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ មើលឃើញសង្គ្រាមអ៊ុយក្រែន ថាជាឱកាសជួយដល់អន្តរជាតិនីកម្មរបស់ប្រាក់យ័នចិន

មន្ត្រីសន្តិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់បានឱ្យដឹងថា សង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការផាត់ប្រទេសរុស្ស៊ីចេញប្រកបដោយប្រសិទ្ធភាពពីប្រព័ន្ធរូបិយប័ណ្ណសកល អាចជាឱកាសសម្រាប់ប្រទេសចិនក្នុងការបង្កើនការប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួនក្នុងទីផ្សារអន្តរជាតិ ដើម្បីប្រជែងប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសរុស្ស៊ីបានឱ្យដឹងថា ប្រទេសនេះកំពុងពឹងផ្អែកលើប្រទេសចិនដើម្បីជួយខ្លួនឱ្យទប់ទល់នឹងព្យុះបោកបក់មកលើសេដ្ឋកិច្ចរបស់ខ្លួនពីការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ហើយនឹងប្រើប្រាស់ប្រាក់យ័នចិនពីទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនបន្ទាប់ពីទណ្ឌកម្មបានរារាំងប្រទេសនេះមិនឱ្យចូលទៅប្រើប្រាស់ប្រាក់បម្រុងប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Chen Ming-tong អគ្គនាយកនៃការិយាល័យសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ខណៈថ្លែងទៅកាន់សភាកាលពីថ្ងៃចន្ទថា ប្រទេសចិនតែងតែចង់បានវិធីមួយដើម្បីគេចចេញពីភាពលើសលុបនៃប្រាក់ដុល្លារអាមេរិក ហើយសង្រ្គាមនេះអាចបង្កើនការប្រើប្រាស់ប្រាក់យន់។

លោក Chen មានប្រសាស៍ថា «មិនថានៅក្នុងពាណិជ្ជកម្មជាប្រាក់យ័ន ឬប្រព័ន្ធទូទាត់ជារូបិយប័ណ្ណជាប្រាក់យ័ននោះទេ វាគឺជាឱកាសដែលត្រូវតែទទួលយក» ដោយប្រទេសចិន។

កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានបង្កើនកម្រិតប្រកាសអាសន្នផ្នែកសន្តិសុខ តាំង ពីកើតមានសង្គ្រាមនេះមក ដោយខ្លាចទីក្រុងប៉េកាំងធ្វើសកម្មភាពស្រដៀងគ្នានេះប្រឆាំងដីកោះនេះ។

ទីក្រុងប៉េកាំងបានសម្តែងការប្រឆាំងម្តងហើយម្តងទៀតចំពោះការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ហើយបានទទូចថា ខ្លួននឹងរក្សាការដោះដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា។ ទីក្រុងប៉េកាំងបានបដិសេធថ្កោលទោសសកម្មភាពរបស់ក្រុងម៉ូស្គូចំពោះការឈ្លានពានប្រទេសអ៊ុយក្រែន ឬមិនបានហៅសង្គ្រាមនេះថាជាការឈ្លានពាននោះទេ។

ប៉ុន្តែនៅពីក្រោយឆាកវិញ ប្រទេសចិនមានការប្រយ័ត្នប្រយែងចំពោះក្រុមហ៊ុនរបស់ខ្លួនដែលកំពុងប្រតិបត្តិការប្រឆាំងនឹងទណ្ឌកម្ម និងកំពុងជំរុញក្រុមហ៊ុននានាឱ្យដើរដោយប្រុងប្រយ័ត្នជាមួយនឹងការវិនិយោគនៅក្នុងប្រទេសរុស្ស៊ី ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងធំទីពីរ និងជាអ្នកផ្តល់ឧស្ម័នធំជាងគេទីបីរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

Share.

Comments are closed.