នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៨៧២ គេរកឃើញកាប៉ាល់អង់គ្លេស-អាមេរិកមួយ មានឈ្មោះថា The Mary​ Celeste ដែលបានអណ្តែកនៅលើមហាសមុទ្រអាត្លង់ទិកដោយគ្មានអ្នកបើក។ កាប៉ាល់នេះបានអណ្ដែតកាត់មហាសមុទ្រអាត្លង់ទិកដោយមានទំនិញ ដែលមានសភាពនៅល្អ ប្រៀបបីដូចជាមិនមានការប៉ះពាល់​ឡើយ លើកលែងតែទូកសង្រ្គោះជីវិតមួយតែប៉ុណ្ណោះ។ តើមានមូលហេតុអ្វីទៅ? យើងប្រហែលជាគ្មានថ្ងៃដឹងទេ ព្រោះគ្មានអ្នកណាម្នាក់បានឮដំណឹងពីអ្នកនៅលើទូកនោះឡើយ។

នៅខែវិច្ឆិកា ឆ្នាំ ១៨៧២ Mary Celeste នេះបានចេញដំណើរពីទីក្រុង​​ញ៉ូយ៉ក ហើយឆ្ពោះទៅកាន់ទីក្រុងហ្គេណាវ នៃ​ប្រទេសអ៊ីតាលី។​ កាប៉ាល់ Mary Celeste នេះត្រូវបានគ្រប់គ្រងដោយប្រធានក្រុមលោក Benjamin Briggs និងសមាជិកនាវិកប្រាំពីរនាក់ផ្សេងទៀត រួមទាំងប្រពន្ធរបស់ Briggs និងកូនស្រីអាយុ ២ ឆ្នាំរបស់ពួកគេ។ អ្វីដែលគួរអោយកត់សម្គាល់បំផុតគឺ ការផ្គត់ផ្គង់នៅលើកាប៉ាល់នោះ មានលក្ខណៈគ្រប់គ្រាន់សម្រាប់តែរយៈពេលប្រាំមួយខែតែប៉ុណ្ណោះ  ក្រៅពីនោះនៅលើកាប៉ាល់ មានគ្រឿងសង្ហារឹមដ៏ប្រណិត រួមទាំងម៉ាស៊ីនដេរ និងព្យាណូដែលគេបញ្ឈរចោលមួយ។

អ្នកសិក្សាស្រាវជ្រាវក្នុងការរកឃើញកាប៉ាល់បានយល់ឃើញថា ការបោះបង់ចោលនេះកើតឡើងលុះត្រាតែមានស្ថានភាព ឬកាលៈទេសៈមិនធម្មតាមួយកើតឡើង។ ​ការកត់ត្រាចុងក្រោយ​ នៅលើកំណត់ហេតុប្រចាំថ្ងៃរបស់កាប៉ាល់ Mary Celeste ដូចជាមិនបានបង្ហាញអ្វីប្លែកឡើយ បើយើងសង្កេតមើលសភាពកាប៉ាល់ខាងក្នុង គ្រប់យ៉ាងមើលទៅហាក់ដូចជាមានសណ្តាប់ធ្នាប់ធម្មតា។​

ជាច្រើនឆ្នាំមកហើយ ទ្រឹស្តីឬការប៉ានស្មានជាច្រើនបានសន្មត់ថា រឿងរ៉ាវដែលបានកើតឡើងទៅលើកាប៉ាល់នោះប្រាកដជាមានការជាប់ពាំក់ព័ន្ធនឹងការវាយប្រហាររបស់ចោរសមុទ្រ ការវាយលុករបស់មឹកយក្ស ឬសត្វចម្លែកនៅក្នុងសមុទ្រ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទ្រឹស្ដីរបស់អ្នកវិទ្យាសាស្ត្រថ្មីមួយបានលើកឡើងថា ផ្សែងពីជាតិអាល់កុលនៅលើកាប៉ាល់នោះ ជាកត្តាដែលបង្កឱ្យមានការផ្ទុះឡើង។ ហើយការផ្ទុះនោះជាលទ្ធផលនៃភាពមិនប្រក្រតីរបស់វិទ្យាសាស្រ្ត ប៉ុន្តែវាមិនបានបន្សល់ទុកនូវសញ្ញានៃការឆេះអ្វីឡើយ។ លោក Briggs ប្រាកដជាមានការភ័យរន្ធត់ណាស់ ហើយបានបញ្ជាឱ្យមនុស្សគ្រប់គ្នាចូលទៅក្នុងទូកសង្គ្រោះ។ នេះគ្រាន់តែជាការលើកឡើងមួយចំនួនតែប៉ុណ្ណោះ ព្រោះការពិតមិនមាននរណាម្នាក់បានដឹងច្បាស់នោះទេ។

Share.

Comments are closed.