ឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ខាងមុខនេះ

ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

តាមសេចក្តីប្រកាសផ្លូវការរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។

ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម គីស៊ីដា ហ្វូមីអូ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ស្លូវ៉ាគី មានបំណងបញ្ជូនប្រព័ន្ធមីស៊ីល S-300 ឱ្យអ៊ុយក្រែន, តែអាមេរិកនៅតែស្ទាក់ស្ទើរ

រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក ហ្សារ៉ូស្លាវ ណាដ (Jaroslav Nad) បានអះអាងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសរបស់លោក មានបំណងផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យអ៊ុយក្រែន ប្រសិនបើសម្ព័ន្ធមិត្ត NATO អាចរកអ្វីផ្សេងមកជំនួសឱ្យស្លូវ៉ាគីវិញ។​ លោក ហ្សារ៉ូស្លាវ ណាដ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅឯក្រសួងការពារជាតិស្លូវ៉ាគី ក្នុងរដ្ឋធានីបា្រទីស្លាវ៉ា (Bratislava)។ លោក ហ្សារ៉ូស្លាវ បានបញ្ជាក់ដូច្នេះថា «យើងបាន និងកំពុងស្ថិតនៅក្នុង កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក អ៊ុយក្រែន រួមទាំងសម្ព័ន្ធមិត្តដទៃស្ដីពីលទ្ធភាពក្នុងការដាក់ពង្រាយ, បញ្ជូន ឬផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យអ៊ុយក្រែន ហើយយើងពិតជាមានបំណងធ្វើដូច្នេះ»។

ប៉ុន្តែ ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក អូស្ទីន មិនបានឆ្លើយតបថាតើសហរដ្ឋអាមេរិកមានបំណង ឬទទួលយកសំណើរបស់ស្លួវ៉ាគី ឬក៏យ៉ាងណានោះទេ។ «ខ្ញុំមិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយសម្រាប់អ្នកទាំងអស់គ្នាឡើយ នៅរសៀលនេះ។ តែនេះគឺជារឿងដែលយើងកំពុង បន្តធ្វើការជាមួយសម្ព័ន្ធមិត្តទាំងអស់របស់យើង ហើយជាការពិត នេះមិនមែនត្រឹមតែជាបញ្ហាសម្រាប់អាមេរិកទេ តែវាក៏ជាបញ្ហារបស់ NATO ដែរ»។ នេះជាការបញ្ជាក់របស់លោក អូស្ទីន។

គួរបញ្ជាក់ថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និង NATO បញ្ជូនជំនួយបន្ថែមមកឱ្យអ៊ុយក្រែន ហើយលោកផ្ទាល់ក៏នៅតែ ស្នើឱ្យបង្កើតតំបន់គ្មានការហោះហើរផងដែរ។ ប៉ុន្តែ ទាំងអាមេរិក និង NATO បានច្រានចោលការស្នើនេះ ព្រោះបារម្ភខ្លាចផ្ទុះសង្រ្គាម ឬជម្លោះ ដោយផ្ទាល់ជាមួយរុស្ស៊ី៕

Share.

Comments are closed.