ក្រសួងសុខាភិបាលសម្រេចលុបចោលលក្ខខណ្ឌមួយចំនួន ពាក់ព័ន្ធនឹងអ្នកធ្វើដំណើរមកពីក្រៅប្រទេស

បន្ទាប់ពីស្ថានភាពការឆ្លងជំងឺកូវីដ-១៩ បានធូរស្រាលមួយកម្រិត ក្រសួងសុខាភិបាលបានប្រកាសលុបចោល លក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅថ្ងៃ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលបានលើកឡើងថា យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈប្រចាំការ នៃគ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេច៖ ១-លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។ ២-លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ ៣-អនុញ្ញាត ឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ជាមួយគ្នានោះដែរ ក្រសួងបានលើកឡើងថា ទោះបីមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្ដរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ក្រសួងក៏បានលើកឡើងថា ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។

តៃវ៉ា់ន់ ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅលើកោះស្ថិតនៅក្បែរប្រទេសចិន

 យោធាតៃវ៉ាន់បានធ្វើសមយុទ្ធយោធា នៅលើកោះមួយ ដែលមានចម្ងាយមិនដល់ ៥០គីឡូម៉ែត្រឡើយពីប្រទេសចិន ជាមួយការបាញ់គ្រាប់ពិតទៅកាន់គោលដៅត្រូវបានកំណត់ ហើយសមយុទ្ធយោធានេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងទីក្រុងតៃប៉ិថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន អាចជម្រុញឲ្យទីក្រុងប៉េកាំងចាប់ផ្តើមប្រតិបត្តិការស្រដៀងគ្នានេះ។  

សមយុទ្ធយោធាតៃវ៉ាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ ធ្វើឡើងនៅលើកោះ ដុងយីន (Dongyin) ស្ថិតនៅភាគអាគ្នេយ៍ពីទីក្រុង ហ្វូចូវ  ប្រទេសចិន គឺរួមមានការបាញ់កាំភ្លើងធំ និងកាំភ្លើងយន្តទៅកាន់គោលដៅដែលកំណត់នៅលើទឹក តំណាងឲ្យកម្លាំងសត្រូវ។ ក្រសួងការពារជាតិតៃវ៉ាន់ បានហៅការធ្វើសមយុទ្ធនេះថាជាសមយុទ្ធបាញ់គ្រាប់ពិត ដែលធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកជាតៃវ៉ាន់ ជាខេត្តមួយរបស់ខ្លួន។ គួរបញ្ជាក់ថា ដុងយីន គឺជាកោះមួយក្នុងចំណោមកោះជាច្រើនដែលគ្រប់គ្រងដោយតៃវ៉ាន់ស្ថិតនៅជិតឆ្នេរសមុទ្រចិន។ ទីក្រុងតៃប៉ិ ត្រូវបានគេ រាយការណ៍ថា កំពុងរៀបចំផែនការធ្វើសមយុទ្ធ ដើម្បីពង្រឹងសមត្ថភាពការពាររបស់ខ្លួនលើកូនកោះជាច្រើន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង ឡើងថាចិន នឹងដណ្តើមយកកោះមួយឬច្រើន ដើម្បីបង្ខំឲ្យមានការចរចាបង្រួបបង្រួមជាមួយតៃប៉ិ។ តាមសេចក្តីរាយការណ៍ថា តៃវ៉ាន់មានមីស៊ីលប្រឆាំងនាវា និងពីដីទៅអាកាស ដែលត្រូវបានដាក់ពង្រាយនៅលើកោះថ្ម ដែលជាជម្រករបស់ជនស៊ីវិលប្រមាណ ១.៥០០នាក់។  Dongyin ត្រូវ បាន គេ ចាត់ ទុក ថា ជា គោលដៅ អាទិភាព ខ្ពស់ សម្រាប់ កង កម្លាំង ចិន ព្រោះ វា ស្ថិត នៅ ចំណុច មួយ ដែល កង ទ័ព ជើង ទឹក និង អាកាស ឈ្លានពាន ទំនង ជា ឆ្លង ផុត ប្រសិន បើ ពួក គេ វាយ ប្រហារ ពី ខាង ជើង។

Share.

Comments are closed.