បទសម្ភាសន៍​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​

ថ្លែងពេលកំពុងចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តស្ទឹងត្រែង លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីប្រភេទថ្មី Influenze A/H9 បន្ទាប់ពីរកឃើញមួយករណីលើកុមារ នៅស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោកស្រី ឱ វណ្ណឌីន បានអះអាងថា ជំងឺផ្ដាសាយបក្សីប្រភេទនេះកម្រនឹងឆ្លងណាស់ ប៉ុន្ដែបើទោះបីកម្រពិតមែនក្ដី ប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ លោកស្រី បានបន្ដទៀតថា ជំងឺផ្ដាសាយបក្សីនេះ គឺមានអាការៈមិនខុសពីជំងឺកូវីដ១៩នោះទេ មានន័យថា អាការៈនៅពេលឆ្លងដូចគ្នាស្ទើរទាំងអស់ជាមួយជំងឹកូវីដ១៩។

ដើម្បីទប់ស្កាត់ និងបង្ការនូវការឆ្លងជំងឺផ្ដាសាយបក្សីនេះ លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជៀសវាងការប៉ះពាល់ជាមួយសត្វបក្សីគ្រប់ប្រភេទ ហើយកុំចូលទៅកសិដ្ឋានចិញ្ចឹមសត្វបក្សីជាដើម។ ដោយឡែក សម្រាប់អាជីវករលក់ដូរ ឬចិញ្ចឹមសត្វបក្សី ត្រូវតែប្រើប្រាស់មធ្យោបាយការពារខ្លួនឲ្យបានត្រឹមត្រូវ តាមរយៈការពាក់ម៉ាស់ និងស្រោមដៃ នៅពេលប៉ះពាល់ ហើយត្រូវតែលាងដៃជាមួយសាប៊ូក្រោយប៉ះពាល់សត្វបក្សី។

សូមជម្រាបថា ទារិកាអាយុ១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យនៅខេត្តសៀមរាប រកឃើញថាមានជំងឺផ្ដាសាយបក្សី បន្ទាប់ពីមានរោគសញ្ញាសង្ស័យមួយចំនួន។ បច្ចុប្បន្ននេះ កុមាររូបនេះបានជាសះស្បើយពីជំងឺហើយ។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់នៅថ្ងៃទី១២ ខែមីនា នេះថា កុមារដែលឆ្លងជំងឺផ្ដាសាយបក្សីខាងលើនេះ បានជាសះស្បើយពីជំងឺហើយ និងពុំមានអ្នកឆ្លងទៀតទេ។ លោកបន្ថែមថា អ្នកជំងឺមានទីលំនៅក្នុងភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាល ទារិកា អាយុ១ឆ្នាំ ដែលឆ្លងជំងឺនេះ មានរោគសញ្ញា គ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម បានទៅទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ។ លទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិនៅថ្ងៃទី១០ ខែមីនា បញ្ជាក់ថា វិជ្ជមាន Influenze A/H9។

ក្រសួងបញ្ជាក់ថា ក្នុងភូមិកើតជំងឺខាងលើ មានមាន់ងាប់ចាប់តាំងពីខែ កុម្ភៈ មកម្ល៉េះ។ ភ្លាមៗ ក្រោយមានករណីនេះ ក្រសួងបានបញ្ជូនមន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការជាមួយមន្រ្តីក្រុមឆ្លើយតបបន្ទាន់ខេត្ត ចុះអង្កេតស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការរាតត្បាត និងអប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋាន៕

អតីតប្រធានាធិបតីលោក​ អូបាម៉ា​ បានតេស្តេវិជ្ជមាន Covid-19

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានធ្វើតេស្តវិជ្ជមានCOVID-19 ដោយលោក អូបាម៉ា បាន​សរសេរ​នៅ​លើ Twitter ​លោកមានអាការៈជាធម្មតា គ្រាន់មានភាពរមាស់បំពង់កពីរបីថ្ងៃមកហើយ ។​

ហើយលោកបានបន្ថែមទៀតថា “Michelle និង​ខ្ញុំ​មានភាពត្រេកអរ ​ដែល​បាន​ទទួល​ថ្នាំ​បង្ការ និងដូស​ជំរុញ ប៉ុន្តែលោកក៏បានបញ្ជាក់ថា ​ភរិយារបស់លោក​ បាន​ធ្វើ​តេស្តរួច ហើយលទ្ធផលចេញមក គឺ​អវិជ្ជមាន”​ ​ហើយក៏បានជំរុញឱ្យ ប្រជាជនអាមេរិកទៅទទួលការចាក់វ៉ាក់សាំង២ដូស រួមដូសជំរុញផងដែរ។

Share.

Comments are closed.